បទយកការណ៍ឯកទេស

ហាណូយ - គោលដៅនៃលំហូរដើមទុន FDI គុណភាពខ្ពស់

ពីបណ្ដារោងចក្រផលិតឧស្សាហកម្ម រហូតដល់​មជ្ឈមណ្ឌល R&D និងបច្ចេកវិទ្យាខ្ពស់ រដ្ឋធានីហាណូយ កំពុងរៀបចំប្រព័ន្ធអេកូឡូស៊ីថ្មីមួយ ដើម្បីទទួលស្វាគមន៍លំហូរដើមទុន FDI ដែល​មានបរិមាណ​បច្ចេកវិទ្យា និង​តម្លៃបន្ថែម​ខ្ពស់។

ពីបណ្ដារោងចក្រផលិតឧស្សាហកម្ម រហូតដល់​មជ្ឈមណ្ឌល R&D និងបច្ចេកវិទ្យាខ្ពស់ រដ្ឋធានីហាណូយ កំពុងរៀបចំប្រព័ន្ធអេកូឡូស៊ីថ្មីមួយ ដើម្បីទទួលស្វាគមន៍លំហូរដើមទុន FDI ដែល​មានបរិមាណ​បច្ចេកវិទ្យា និង​តម្លៃបន្ថែម​ខ្ពស់។

កំណត់​រូបភាព​ប្រព័ន្ធអេកូឡូស៊ី​បច្ចេកវិទ្យា​ថ្មី

រដ្ឋធានី​ហាណូយ កំពុងផ្លាស់ប្តូរទស្សនៈ​លើការវិនិយោគ​បរទេស។ ប្រសិនបើ​ពីមុន ភាពប្រៀប​​នៃទីតាំង ទីកន្លែង និង​ប្រភពកម្លាំង​ពលកម្ម ធ្លាប់ជាកត្តាសំខាន់ៗដែលជួយរដ្ឋធានីនេះ ទាក់ទាញ គម្រោង FDI នោះ ពេលនេះទីក្រុងកំពុងឆ្ពោះទៅរកការវិនិយោគជំនាន់​ថ្មី ទី​ដែល​បច្ចេកវិទ្យា នវានុវត្តន៍​ ធនធាន​​មនុស្សគុណភាពខ្ពស់ និងការអភិវឌ្ឍប្រកបដោយចីរភាព ក្លាយជា​កត្តា​ស្នូល។

នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ នៅទីក្រុងហាណូយ ប្រធានរដ្ឋសភាលោក ត្រឹន​ ថាញ់​ម៉ឹន​ (Tran Thanh Man) បាន​អញ្ជើញចូលរួមសន្និសីទ​ប្រកាសផែនការ​មេស្ដីពីការអភិវឌ្ឍរដ្ឋ​ធានី​ហាណូយ ចក្ខុវិស័យ១០០​ឆ្នាំ និង​ជំរុញការ​វិនិយោគ​ឆ្នាំ២០២៦​។ រូបថត៖ កុង​ដាត​/VNP
 

នៅ​ក្នុងសន្និសីទ​ជំរុញការវិនិយោគ និងប្រកាសការរៀបចំផែនការរដ្ឋធានី ជាមួយនឹង​ចក្ខុវិស័យ ១០០ឆ្នាំ កាលពីខែ​មិថុនា ឆ្នាំ​២០២៦ ទីក្រុង​ហាណូយ បានសម្រេចចិត្តលើគោលការណ៍វិនិយោគសម្រាប់​គម្រោងក្នុង​ស្រុក​ចំនួន ១៣៨ ដែល​មានទុនសរុប​ប្រមាណ ៣,៥ - ៣,៦​លាន ពាន់លានដុង ព្រមទាំង​ទាក់ទាញទុន FDI ប្រមាណ ៣,២ ពាន់លាន​ដុល្លារ​អាមេរិក។

នៅ​ពីក្រោយតួលេខដ៏ធំទាំងនោះ​ គឺជាទិសដៅយ៉ាងច្បាស់លាស់៖ ទីក្រុងហាណូយ មិនត្រឹមតែស្វែងរកគម្រោង ដែលនាំយកដើមទុនមកទីក្រុងប៉ុណ្ណោះទេ ថែមទាំង​តម្រង់ទិសទៅរកអ្នកវិនិយោគដែល​អាចរួមកសាង​កម្លាំងចលករកំណើនថ្មីៗ ជាមួយ​ទីក្រុងផង​ដែរ។

ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ លោក វូ​ ដាយ​ថាំង (Vu Dai Thang) អញ្ជើញ​ថ្លែងមតិ​ក្នុងសន្និសីទប្រកាស​ផែនការមេស្ដីពីការអភិវឌ្ឍរដ្ឋ​​ធានីហាណូយ​ ចក្ខុវិស័យ​១០០​ឆ្នាំ និងជំរុញ​ការវិនិយោគ​ឆ្នាំ​២០២៦។ រូបថត៖ កុងដាត​/VNP

លោក វូ ដាយ​ថាំង (Vu Dai Thang) អនុលេខា​គណៈកម្មាធិការបក្សទីក្រុង និងជា​ប្រធាន​គណៈ​កម្មាធិការ​ប្រជាជន​ទីក្រុងហាណូយ បានមានប្រសាសន៍ថា ទីក្រុង​កំពុងផ្តោតលើការ​កសាង​មូលដ្ឋានគ្រឹះ និង​កម្លាំងចលករកំណើនថ្មី ព្រមទាំង​បន្តកែ​លម្អ​បរិស្ថាន​វិនិយោគ ទៅតាម​​ទិសដៅ​​តម្លាភាព​ ស្ថិរភាព និង​ភាព​ងាយ​ស្រួល។

មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិវឌ្ឍន៍ផលិតផល (R&D) របស់​ក្រុមហ៊ុន Samsung ធំបំផុតក្នុងអាស៊ីអាគ្នេយ៍ ដែល​មានទីតាំងស្ថិតនៅ​ទីក្រុង​ហាណូយ។ រូបថត៖ SAMSUNG

គិត​ត្រឹម​ខែមិថុនា ឆ្នាំ២០២៦​ ទីក្រុង​ហាណូយ​មានគម្រោង FDI ដែលមាន​សុពលភាព​ជាង ៩.២០០ គម្រោង ជាមួយនឹង​ទុនចុះបញ្ជីសរុប​ជាង ៧៤,៦ ពាន់លានដុល្លារអាមេរិក។ ទន្ទឹមនឹង​ផលិតកម្ម​ ទីក្រុង​កំពុងផ្តល់អាទិភាពដល់​វិស័យ​ ដែលមានតម្លៃបន្ថែម និងមាន ឥទ្ធិពល​រីក​សាយ​ភាយធំធេង ដូចជា​បច្ចេកវិទ្យាខ្ពស់ ឧបករណ៍ពាក់កណ្តាលចម្លង (semiconductor) បញ្ញា​សិប្បនិម្មិត (AI) មជ្ឈមណ្ឌល​ទិន្នន័យ (data center) តំបន់ឧស្សាហកម្មជំនាន់ថ្មី ភស្តុភារកម្ម (logistics) ឆ្លាត​វៃ ថាមពលស្អាត សេដ្ឋកិច្ចវិលជុំ សុខាភិបាល អប់រំគុណភាពខ្ពស់ និងការអភិវឌ្ឍទីក្រុង​តាមគំរូ TOD។

អាទិភាពទាំងនេះ ឆ្លុះបញ្ចាំងពីជំហានផ្លាស់ប្តូរដ៏សំខាន់មួយ ក្នុងគំនិតទាក់ទាញ FDI របស់ទីក្រុងហាណូយ៖ ផ្តើម​ពីការទាក់ទាញដើមទុន ទៅជាការជ្រើសរើស​គុណភាព​នៃលំហូរ​ដើមទុន។

តាម​សាស្ត្រាចារ្យរង បណ្ឌិត លឿង​ ត្វឹន​អាញ់​ (Luong Tuan Anh) នៃ​សាកលវិទ្យាល័យ De Montfort (ចក្រភពអង់គ្លេស) ទីក្រុងហាណូយ​មានភាព​ប្រៀប​ពិសេស ខណៈ​ជាមជ្ឈមណ្ឌល​នយោបាយ ហិរញ្ញវត្ថុ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៃប្រទេសវៀតណាមផង​ ព្រមទាំងមានប្រភពធនធានមនុស្ស​គុណភាព​ខ្ពស់ និងប្រព័ន្ធអេកូឡូស៊ី​ចំណេះដឹង និង​នវានុវត្តន៍​។ ទាំងនេះ​ជាលក្ខខណ្ឌ​សមស្របសម្រាប់​លំហូរដើមទុន ដែលមានបរិមាណបច្ចេកវិទ្យាខ្ពស់ សកម្មភាព R&D និង​សេវាកម្ម ដែលមាន​តម្លៃបន្ថែម​ធំ។

តំបន់​ឧស្សាហកម្ម​ថាំង​ឡុង (Thang Long) មានទំហំប្រមាណ៣០០ហិកតា។ បច្ចុប្បន្ន តំបន់ឧស្សាហកម្មនេះ បានបំពេញពេញយ៉ាងលេញ​ដោយ​សហគ្រាស ដែលមានដើមទុនវិនិយោគ FDI ពីបរទេស ​ជាពិសេសគឺលំហូរដើម​ទុនមកពីប្រទេសជប៉ុន។ រូបថត៖ ត្រឹន​ ថាញ់យ៉ាង​/VNP

វត្តមាននៃស្ថាប័នរៀបចំ​គោលនយោបាយ គ្រឹះស្ថាន​ហិរញ្ញវត្ថុ ស្ថាប័ន​ការទូត និង​សម្ពន្ធក្រុមហ៊ុន​ធំៗជាច្រើន ក៏បង្កើតភាពទាក់ទាញសម្រាប់ក្រុមហ៊ុនពហុជាតិ ដែលមាន​តម្រូវការ​បង្កើតការិយាល័យ​ប្រចាំតំបន់ ឬមជ្ឈមណ្ឌល​សម្របសម្រួល​ផងដែរ។

បណ្ឌិត ផាន​ ហ៊ឺវ​ថាំង​ (Phan Huu Thang) ប្រធាន​សហសាខា​សមាគម​​ហិរញ្ញវត្ថុ​តំបន់​ឧស្សាហកម្មវៀតណាម​ និងជា​អតីតអគ្គនាយក​ នៃអគ្គនាយកដ្ឋានវិនិយោគបរទេស បាន​វាយតម្លៃថា ទីក្រុងហាណូយ​មានសក្តានុពល ក្លាយជាមជ្ឈមណ្ឌលទាក់ទាញ FDI គុណភាពខ្ពស់​ឈានមុខ​នៅវៀតណាម​ និង​មានសមត្ថភាព​ប្រកួតប្រជែង​ក្នុង​កម្រិត​តំបន់។​

ទំនុកចិត្តនៃសម្ពន្ធក្រុមហ៊ុន​អន្តរជាតិ ដែលកំពុងប្រតិបត្តិការនៅវៀតណាម កំពុងរួម​ចំណែកកំណត់​រូបភាព​យ៉ាងច្បាស់ នូវនិន្នាការនេះ។

បន្ទាប់ពី​មានវត្តមានជិត៧០ឆ្នាំ នៅតំបន់​ឧស្សាហកម្មថាំង​ឡុង​ ក្រុម​ហ៊ុន Sumitomo Corporation (ជប៉ុន) បន្ត​ដាក់​ទំនុកចិត្ត និងវិនិយោគ​រយៈពេលវែងនៅ​ទីក្រុងហាណូយ។ ចំពោះ NVIDIA បំណងប្រាថ្នា មិនត្រឹមតែ​ឈប់ត្រឹម​សកម្មភាពអាជីវកម្មប៉ុណ្ណោះទេ នៅ​ថែមទាំង​រួមដំណើរ​​កសាងប្រព័ន្ធ​អេកូឡូស៊ី AI នៅក្នុងរដ្ឋធានី ចាប់តាំង​ពីហេដ្ឋារចនាសម្ព័ន្ធ គំរូមូលដ្ឋាន​ ការបណ្តុះបណ្តាលធនធានមនុស្ស រហូតដល់កម្មវិធី​អនុវត្តក្នុង​ទំហំធំ។

 

ខ្សែសង្វាក់​ផលិតកម្ម​ម៉ូទ័រ​អគ្គិសនី ប្រអប់​លេខ និង​ប្រអប់លេខ​បន្ថយល្បឿន នៅរោងចក្រ Sumitomo Heavy Industries Vietnam។ រូបថត៖ ត្រឹន ថាញ់យ៉ាង​/VNP
ខ្សែសង្វាក់​ផលិតកម្ម​ម៉ូទ័រ​អគ្គិសនី ប្រអប់​លេខ និង​ប្រអប់លេខ​បន្ថយល្បឿន នៅរោងចក្រ Sumitomo Heavy Industries Vietnam។ រូបថត៖ ត្រឹន ថាញ់យ៉ាង​/VNP
 

ការ​ប្តេជ្ញាចិត្តទាំងនោះបង្ហាញថា ទីក្រុងហាណូយ កំពុងបានមើលឃើញតាម​របៀបផ្សេង នៅក្នុងកែវ​ភ្នែក​របស់​អ្នកវិនិយោគ​អន្តរជាតិ។

មិនត្រឹមតែ​ជាកន្លែង​តាំងទីរោងចក្រមួយប៉ុណ្ណោះទេ ទីក្រុងហាណូយ កំពុងក្លាយជាកន្លែងដែលសហគ្រាស​អាចស្វែងរកធនធានមនុស្ស អភិវឌ្ឍបច្ចេកវិទ្យា អនុវត្ត R&D កសាងខ្សែសង្វាក់ផ្គត់ផ្គង់ និង​ពង្រីកសកម្មភាព​ដែលមានតម្លៃបន្ថែមខ្ពស់។

ថាំង​ឡុង​ - ហ្វាឡាក​៖ ពីផលិតកម្ម ​ដល់​បច្ចេកវិទ្យា​ខ្ពស់

ការ​ផ្លាស់ប្តូរនោះ អាចមើលឃើញយ៉ាងច្បាស់តាមរយៈ ទីធ្លាអភិវឌ្ឍន៍គំរូ​ពីរ របស់​ទីក្រុងហាណូយ​៖ តំបន់​ឧស្សាហកម្ម ថាំង​ឡុង​ និងតំបន់​បច្ចេកវិទ្យា​ខ្ពស់ហ្វា​ឡាក​។

ថាំង​ឡុង​ ជារូបភាព​នៃទីក្រុងហាណូយឧស្សាហកម្ម ដែលបាន​បង្កើតជា​រូបរាងឡើង។ ចាប់តាំង​ពីច្រើនឆ្នាំមុន​មក តំបន់ឧស្សាហកម្មនេះ បានប្រមូលផ្តុំ​សហគ្រាសធំៗ ក្នុងវិស័យអគ្គិសនី អេឡិចត្រូនិក គ្រឿងបន្លាស់ មេកានិចប្រាកដប្រជា​ រថយន្ត ម៉ូតូ និងឧស្សាហកម្មគាំទ្រ។ Canon, Panasonic, Yamaha Motor, DENSO, TOTO, Mitsubishi, Toshiba, Sumitomo, Molex, Enkei, FCC... បង្កើតបាន​ជា​ប្រព័ន្ធអេកូឡូស៊ីផលិតកម្មទំហំធំ តភ្ជាប់​ទីក្រុងហាណូយជាមួយខ្សែសង្វាក់​ផ្គត់ផ្គង់អន្តរជាតិ​។

ប៉ុន្តែ ថាំង​ឡុង​​នាពេលបច្ចុប្បន្ន មិនមែនត្រឹមតែជារឿងរ៉ាវ​នៃខ្សែសង្វាក់ផលិតកម្មទៀត​នោះ​ទេ។ សហគ្រាស FDI ជាច្រើន នៅទីនេះ កំពុងពង្រីក​បន្តិចម្តងៗ ទៅកាន់ការបណ្តុះបណ្តាលធនធានមនុស្ស ការផ្ទេរបច្ចេកវិទ្យា ការស្រាវជ្រាវ និង​ការអភិវឌ្ឍ (R&D) និង​ការកសាង​មជ្ឈមណ្ឌលនវានុវត្តន៍​​ថ្មី។ តម្លៃនៃគម្រោងមួយ មិនត្រឹមតែស្ថិតនៅលើផលិតផល ដែលបានបង្កើតនៅក្នុង​រោងចក្រប៉ុណ្ណោះទេ នៅ​ថែមទាំង​ស្ថិតនៅលើចំណេះដឹង បច្ចេកវិទ្យា និង​សមត្ថភាព ដែលត្រូវបានសន្សំទុក​ នៅពីក្រោយខ្សែសង្វាក់ផលិតកម្ម។

បច្ចុប្បន្ន នៅ​ក្រុមហ៊ុន Panasonic វិស្វករវ័យក្មេងវៀតណាម ទទួលបាន​ការបណ្តុះ​បណ្តាល​យ៉ាង​ត្រឹមត្រូវ មក​ពី​ប្រទេស​ជប៉ុន និងបណ្តា​សាកលវិទ្យាល័យ​បច្ចេកវិទ្យា​កំពូលៗ នៅវៀតណាម។ រូបថត៖ ត្រឹន ថាញ់យ៉ាង​/VNP
បណ្តា​វិស្វករវ័យក្មេងវៀតណាម កំពុងបំពេញការងារ នៅមជ្ឈមណ្ឌលស្រាវជ្រាវ និង​អភិវឌ្ឍន៍ផលិតផល Samsung ធំបំផុតក្នុងអាស៊ីអាគ្នេយ៍។ រូបថត៖ SAMSUNG
 

Panasonic គឺជាឧទាហរណ៍​មួយ។ ជាមួយនឹង​ពលករប្រមាណ ៧.០០០ នាក់ បច្ចុប្បន្នសម្ពន្ធក្រុមហ៊ុន​កំពុង​ដំណើរ​ការ​ នៅ​ក្រុមហ៊ុនផលិតកម្មចំនួន ៤ ក្រុមហ៊ុន R&D មួយ និងមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍មួយ ដែលបម្រើទាំងទីផ្សារវៀតណាមផង​ ចូលរួមក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ និងការនាំចេញសកលផងដែរ​។ នៅឆ្នាំ២០២៦ Panasonic បានដាក់ឱ្យដំណើរការ មជ្ឈមណ្ឌលច្នៃប្រតិដ្ឋ​បច្ចេកវិទ្យា HVAC Innovation Center ព្រមទាំង​បើកការដ្ឋាន​សាងសង់គម្រោង ពង្រីករោងចក្រ នៅតំបន់ឧស្សាហកម្ម ថាំង​ឡុង​ II។

តាមអគ្គនាយកក្រុមហ៊ុន Panasonic Vietnam លោក Taka Fujino អតិថិជននៅទីក្រុងហាណូយត្រៀមខ្លួនជាស្រេចក្នុងការវិនិយោគលើគុណភាព និងតម្លៃពិតប្រាកដ។ នេះក៏ជាកត្តាមួយក្នុងចំណោមកត្តាដែលជួយទីក្រុង កំណើន​ភាពទាក់ទាញ ចំពោះគម្រោងវិនិយោគបរទេស ដែលមានកម្រិត​បច្ចេកវិទ្យា និងតម្លៃបន្ថែមខ្ពស់។

រឿងរ៉ាវរបស់ក្រុមហ៊ុន Sumitomo Heavy Industries Vietnam (SHIV) បែរ​បង្ហាញការផ្លាស់ប្តូរពីខាងក្នុងនៃរោងចក្រមួយ​។ ជាង២០ឆ្នាំមុន Sumitomo Heavy Industries បានមកកាន់​ទីក្រុងហាណូយ​ ដើម្បីស្វែងរកបរិស្ថាន​ស្ថិរភាព ប្រភពពលករ​វ័យក្មេង និងថ្លៃ​ផលិតកម្មដែលមានភាពប្រកួត​ប្រជែង។ ប៉ុន្តែតាម អគ្គនាយក Hiroumi Hamajima រោងចក្រនៅទីក្រុងហាណូយ នាពេលបច្ចុប្បន្ន មិនមែនជាគ្រឹះស្ថានផលិតកម្មតម្លៃថោកទៀតឡើយ។

CNC ស្វ័យ​ប្រវត្តិ​កម្ម​រ៉ូបូត ការបរិវត្តឌីជីថល និងការស្វែងរកប្រភពទិន្នន័យ បានក្លាយជាផ្នែកមួយនៃសកម្មភាពផលិតកម្ម។ រួមជាមួយការវិនិយោគលើបច្ចេកវិទ្យា និងការអភិវឌ្ឍធនធានមនុស្ស SHIV បានក្លាយជាមូលដ្ឋានផលិតកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់យុទ្ធសាស្ត្រសកលមួយរបស់សម្ពន្ធ​ក្រុមហ៊ុន ​ឆ្លើយតបទៅនឹងនិន្នាការនៃការធ្វើពិពិធកម្ម​ខ្សែសង្វាក់ផ្គត់ផ្គង់​អន្តរជាតិ។

ឧស្សាហកម្ម​ពាក់កណ្តាល​ចម្លង (Semiconductor) នៅទីក្រុងហាណូយ កំពុងត្រូវបាន​ពង្រីក និងអភិវឌ្ឍយ៉ាង​ខ្លាំង តាមរយៈ​កិច្ចសហប្រតិបត្តិការ​វិនិយោគ​ពីប្រទេសជប៉ុន និងបណ្តាប្រទេសធំៗ​លើពិភពលោក។ រូបថត៖ ត្រឹន ថាញ់យ៉ាង/VNP
ធនធានមនុស្សសញ្ជាតិវៀតណាម ដែលមានគុណភាពខ្ពស់  របស់​ក្រុមហ៊ុន Panasonic Vietnam។ រូបថត៖ ត្រឹន ថាញ់យ៉ាង​/VNP
កម្មករ​នៃរោងចក្រ Panasonic បន្ទាប់ពីវេន​ធ្វើការ កំពុងរៀបចំ​ពិសា​​អាហារថ្ងៃត្រង់ នៅកង់ទីន​របស់រោងចក្រ។ រូបថត៖ ត្រឹន ថាញ់យ៉ាង​/VNP

ប្រសិនបើ ថាំងឡុង​ បង្ហាញពីដំណើរការបង្កើនកម្រិតខឿនផលិតឧស្សាហកម្ម ហ្វា​ឡាក​វិញ គឺបើកចេញ​រូបភាពទូលំទូលាយ​ជាងមុន អំពីអនាគតបច្ចេកវិទ្យារបស់ទីក្រុងហាណូយ។

នៅតំបន់បច្ចេកវិទ្យាខ្ពស់ ហ្វា​ឡាក​ ផលិតកម្ម ការស្រាវជ្រាវ ការបណ្តុះបណ្តាល និងនវានុវត្តន៍​ កំពុង​បានដាក់ក្នុងទីធ្លាអភិវឌ្ឍន៍​តែមួយ។​

រហូតមកដល់ពេលនេះ ហ្វា​ឡាក​ បានទាក់ទាញ​គម្រោង​ចំនួន១១៥ ក្នុងនោះមានគម្រោង FDI ចំនួន ១៦ ជាមួយនឹងដើមទុនចុះបញ្ជីសរុបជាង ៥ពាន់លានដុល្លារអាមេរិក បង្កើតការងារជូនពលករប្រមាណ ២៥.០០០នាក់។ ដោយឡែក គម្រោងចំនួន ៥ របស់​ជប៉ុន មានដើមទុនសរុបជាង ២៧០លានដុល្លារអាមេរិក ដោយផ្តោតលើបច្ចេកទេស​រថយន្ត អេឡិចត្រូនិក គ្រឿងបន្លាស់ច្បាស់លាស់ និង​ម៉ូទ័រ​អគ្គិសនី។

តាមលោក វូ គ្វឹក​ហ្វី​ (Vu Quoc Huy)​ អនុប្រធានគណៈ​អភិបាល​​តំបន់បច្ចេកវិទ្យាខ្ពស់ និងតំបន់​ឧស្សាហកម្មទីក្រុងហាណូយ ហ្វាឡាក​ កំពុង​ឆ្ពោះទៅរក​ការក្លាយជាបរិយាកាស​​កិច្ចសហប្រតិបត្តិការ វៀតណាម - ជប៉ុន ក្នុងការអភិវឌ្ឍបច្ចេកវិទ្យា ការទាក់ទាញមជ្ឈមណ្ឌល R&D និងការកសាងហេដ្ឋារចនាសម្ព័ន្ធ​ស្រាវជ្រាវ ប្រើប្រាស់រួមគ្នា។

គួរឱ្យកត់សម្គាល់ នេះក៏ជាបរិយាកាស​សាកល្បង ដែលមានការគ្រប់គ្រង (regulatory sandbox) សម្រាប់​បច្ចេកវិទ្យាថ្មីៗ ដូចជា​រថយន្តបើកបរស្វ័យ​ប្រវត្តិ ឧបករណ៍​ហោះហើរគ្មានមនុស្សបើក (drone) រ៉ូបូតសេវាកម្ម បណ្តាញអគ្គិសនីឆ្លាតវៃ IoT digital twin, logistics ស្វ័យប្រវត្តិ និង​ទីក្រុងបៃតង។

ពីថាំង​ឡុង​ ទៅហ្វាឡាក​ គឺជា​ដំណើរមួយ ដែលឆ្លុះបញ្ចាំងពីការផ្លាស់ប្តូររូបរាង នៃលំហូរដើមទុន FDI នៅទីក្រុងហាណូយ។​ ប្រសិនបើ ថាំងឡុង​​ជាមូលដ្ឋានគ្រឹះផលិតកម្ម ដែលបានបង្កើត​ឡើងនៅ​រយៈពេលជាច្រើនទសវត្សរ៍ ហ្វាឡាកវិញ ក៏​​កំពុងបើកបរិយាកាស​សម្រាប់វិស័យនៃ​អនាគត​។ រវាងបរិយាកាស​ទាំងពីរ​នោះ គឺជាលំហូរឥតឈប់ឈរ នៃបច្ចេកវិទ្យា ធនធាន​មនុស្ស ការស្រាវជ្រាវ និងនវានុវត្តន៍​។

នា​រសៀលថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២៦ ប្រធាន​គណៈកម្មាធិការប្រជាជន​ទីក្រុងហាណូយ លោកវូ​ ដាយ​ថាំង​ ​ព្រមទាំង​ប្រតិភូការងារ​​នៃទីក្រុង បាន​អញ្ជើញទៅ​សួរសុខទុក្ខ ជូនពរបុណ្យចូលឆ្នាំថ្មី និងលើកទឹកចិត្ត ដល់សហគ្រាសផលិតកម្ម និងបច្ចេកវិទ្យាខ្ពស់មួយចំនួន នៅក្នុងតំបន់ ក្នុងឱកាសដើម​និទាឃរដូវ​ឆ្នាំមមី។ រូបថត៖ ទ្រុង​ង្វៀន​/VNA

នោះក៏ជាវិធី ដែលទីក្រុងហាណូយកំពុងលើកកម្ពស់គុណភាព​លំហូរដើមទុន FDI៖ មិនត្រឹមតែ​ទាក់ទាញគម្រោងថ្មីៗបន្ថែមទៀតប៉ុណ្ណោះទេ នៅ​ថែមទាំងកម្លាយប្រភពទុនអន្តរជាតិបន្តិចម្តងៗ ឱ្យ​ទៅជា​កម្លាំងចលករ ដើម្បីលើកកម្ពស់សមត្ថភាព​បច្ចេកវិទ្យា អភិវឌ្ឍធនធានមនុស្ស និងពង្រីកសមត្ថភាពខាងក្នុង នៃសហគ្រាសវៀតណាម។

ជាមួយនឹង​ទិសដៅនោះ ទីក្រុងហាណូយកំពុងចូលទៅជិតនឹង​រូបភាពមួយ នៃមជ្ឈមណ្ឌល FDI គុណភាពខ្ពស់នៃប្រទេសវៀតណាម និងតំបន់ - ជាកន្លែងដែលអ្នកវិនិយោគអន្តរជាតិ មិនត្រឹមតែស្វែងរកបានទីតាំងផលិតកម្មមួយប៉ុណ្ណោះ នៅ​ថែមទាំងស្វែងរកបានប្រព័ន្ធអេកូឡូស៊ី ដើម្បីស្រាវជ្រាវ ច្នៃប្រឌិត និងអភិវឌ្ឍរយៈពេលវែង​ផង៕​

អត្ថបទ៖ ប៊ិច​វឹន​ ហាអាញ់​ ង្វៀន​ទឺយ ​- រូបថត៖ ត្រឹន​ ថាញ់យ៉ាង​

ប្រែសម្រួល៖ រីកើង​


top