តាំងពីព្រះវិហារ ដឹកបា (Duc Ba) (Notre-Dame) មជ្ឈមណ្ឌលប្រៃសណីយ៍ រហូតដល់វីឡាបុរាណៗ ស្ថាបត្យកម្មបារាំងបានក្លាយជាចំណែកមួយដែលមិនអាចកាត់ផ្តាច់ចេញពីសោភ័ណភាពទីក្រុងហូជីមិញ។
តាំងពីព្រះវិហារ ដឹកបា (Duc Ba) (Notre-Dame) មជ្ឈមណ្ឌលប្រៃសណីយ៍ រហូតដល់វីឡាបុរាណៗ ស្ថាបត្យកម្មបារាំងបានក្លាយជាចំណែកមួយដែលមិនអាចកាត់ផ្តាច់ចេញពីសោភ័ណភាពទីក្រុងហូជីមិញ។ លើសពីតម្លៃនៃសំណង់អគារទាំងនោះ វាក៏ជាស្រទាប់អនុស្សាវរីយ៍រស់រវើក អំពីដំណើរនៃការផ្លាស់ប្តូរវប្បធម៌ និងការអភិវឌ្ឍទីក្រុងឆ្លងកាត់ជាច្រើនជំនាន់។
សារមន្ទីរហូជីមិញ - សាខាទីក្រុងហូជីមិញ មានឈ្មោះហៅទូលំទូលាយថា បេនញ៉ារ៉ុង Ben Nha Rong (សង្កាត់សមជេវ - Xom
Chieu) មានលក្ខណៈលេចធ្លោដោយស្ថាបត្យកម្មលោកខាងលិច រួមបញ្ចូលនឹងប្រពៃណីលោកខាងកើត ដោយបានសាងសង់តាំងពីឆ្នាំ១៨៦៣។ រូបថត៖ ង្វៀនឡឹន/ VNP
បេនញ៉ារ៉ុង (Ben Nha Rong) បានសាងសង់ឡើង នៅលើច្រាំងទន្លេសាយហ្គនដោយក្រុមហ៊ុនកប៉ាល់បារាំង Messageries Maritimes ជាសំណង់ដែលលេចធ្លោជាមួយនឹងប្រព័ន្ធសសរដ៏រឹងមាំ ទ្វារកោងបែបបារាំង និងដំបូលតុបតែងដោយរូបចម្លាក់នាគពីរ ដណ្តើមដួងព្រះច័ន្ទ។ រូបថត៖ ង្វៀនឡឹន/ VNP
នៅចន្លោះអគារកញ្ចក់ទំនើបៗ និងលំហូរមនុស្សដ៏មមាញឹក នៅលើមហាវិថីកណ្តាលក្រុង សំណង់ស្ថាបត្យកម្មបារាំង នៅតែមានវត្តមានដូចជាស្លាកស្នាមរំលងកាល នៃទីក្រុងហូជីមិញ។ ជាងមួយសតវត្សរ៍ក្រោយការសាងសង់សំណង់ទាំងនោះ មិនត្រឹមតែរក្សាបាននូវសម្រស់ស្ថាបត្យកម្មដ៏វិសេសវិសាលប៉ុណ្ណោះទេ នៅថែមទាំងបានក្លាយជាផ្នែកមួយ នៃអនុស្សាវរីយ៍របស់ទីក្រុង ហើយបានរួមចំណែកបង្កើតអត្តសញ្ញាណផ្ទាល់ខ្លួននៃទីក្រុងដ៏រស់រវើក និងពោរពេញដោយសមាហរណកម្មផង។
ស្លាកស្នាមនោះ បានចាប់ផ្តើមតាំងពីពាក់កណ្តាលសតវត្សរ៍ទី១៩ នៅពេលដែលជនជាតិបារាំង បានរៀបចំផែនការទីក្រុងសាយហ្គន តាមបែបទម្រង់ទីក្រុងបស្ចិមប្រទេស។ អ្នកជំនាញជាច្រើនយល់ឃើញថា តម្លៃធំបំផុតដែលដំណាក់កាលនោះបន្សល់ទុកមក មិនត្រឹមតែស្ថិតនៅលើសំណង់អគារដាច់ដោយឡែកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងស្ថិតនៅលើផ្នត់គំនិតរៀបចំក្រុងទំនើប ជាមួយនឹងប្រព័ន្ធមហាវិថី ទីធ្លា សួនច្បារ និងលំហសាធារណៈ បានរៀបចំឡើងយ៉ាងមានរបៀបរៀបរយ។ គ្រឹះធារដ៏រឹងមាំនោះ បានរួមចំណែកកំណត់រូបរាងសោភ័ណភាពទីក្រុងហូជីមិញនាពេលបច្ចុប្បន្ន។
ក៏ប៉ុន្តែ ប្រការដែលបង្កើតឱ្យមានភាពរស់រវើកយូរអង្វែង នៃស្ថាបត្យកម្មបារាំងនៅសាយហ្គន មិនមែនស្ថិតនៅលើការចម្លងតាមគំរូដើមទាំងស្រុងមកពីអឺរ៉ុបនោះឡើយ។ តាមអ្នកស្រាវជ្រាវ សំណង់ទាំងនេះ ជាលទ្ធផលនៃដំណើរការរួមបញ្ចូលវប្បធម៌ដ៏វិសេសវិសាល។ ដើម្បីសម្របខ្លួនទៅនឹងអាកាសធាតុត្រូពិចក្តៅសំណើម ស្ថាបត្យករបានបញ្ចូលទៅក្នុងការរចនានូវរបៀងធំទូលាយ បង្អួចស្លាបព្រិលខ្យល់ចេញចូល ដំបូលចោត រួមទាំងគ្រឿងលម្អិតជាច្រើន ដែលជាឥទ្ធិពលវប្បធម៌ក្នុងស្រុក។ ការរួមបញ្ចូលគ្នារវាងបច្ចេកទេសសាងសង់បែបបស្ចិមប្រទេស និងស្មារតីអាស៊ីបូព៌ា បង្កើតបានរចនាបថស្ថាបត្យកម្មឥណ្ឌូចិនមានលក្ខណៈពិសេស ហើយក្លាយជាផ្នែកមួយនៃបេតិកភណ្ឌផ្ទាល់ខ្លួនរបស់វៀតណាម។
វិហារកាតូលិក Notre-Dame សាយហ្គន តែងបានហៅកាត់ថា វិហារឌឹកបា (Duc Ba) បានសម្ពោធនៅក្នុងឆ្នាំ១៨៨០ ដោយមានលក្ខណៈពិសេស នៃស្ថាបត្យកម្មអឺរ៉ុបសម័យកណ្តាល ជាមួយនឹងដំបូលរាងវង់ធ្នូ ប៉មជួងពីរខ្ពស់ត្រដែត និងជញ្ជាំងឥដ្ឋក្រហមធម្មជាតិ
មិនប៉ាតកំបោរ។ រូបថត៖ ង្វៀនឡឹន/VNP
ស្ថាបត្យករ លោក ង្វៀន ទ្រឿងលូវ (Nguyen Truong Luu) បានវាយតម្លៃថា សមត្ថភាពទទួលយកតម្លៃថ្មីៗ ដោយមិនបាត់បង់អត្តសញ្ញាណ គឺជាលក្ខណៈពិសេសនៃសាយហ្គន ឆ្លងកាត់ជាច្រើនសម័យកាល។ ប្រការទាំងនេះ បានស្តែងចេញយ៉ាងច្បាស់ នៅលើសំណង់ស្ថាបត្យកម្ម ដែលនៅគង់វង្សរហូតមកដល់សព្វថ្ងៃ ទីកន្លែងដែលតម្លៃនាំចូល បានក្លាយទៅជាលក្ខណៈក្នុងស្រុក ដើម្បីសម្របចូលទៅក្នុងជីវភាពរស់នៅ និងវប្បធម៌ក្នុងតំបន់។ ប្រៃសណីយ៍មជ្ឈិមសាយហ្គន (សង្កាត់បេនង៉ែ) បានសាងសង់ឡើងពីឆ្នាំ១៨៨៦ - ១៨៩១ ដោយស្ថាបត្យករ Villedieu ដែលជាសំណង់រួមបញ្ចូលយ៉ាងល្អឥតខ្ចោះ រវាងបច្ចេកទេសបស្ចិមលោកដ៏រឹងមាំ និងក្បូរក្បាច់រចនាបែបអាស៊ីបូព៌ា។ រូបថត៖ ង្វៀនឡឹន/VNP
នៅខាងក្នុងប្រៃសណីយ៍មជ្ឈិមសាយហ្គន មានពិដានរាងវង់ធ្នូដ៏ធំលាតសន្ធឹងវែង ដែលបានទម្រដោយបង្គោលសសរដែកយ៉ាងរឹងមាំ។ រូបថត៖ ង្វៀនឡឹន/VNP
សារមន្ទីរវិចិត្រសិល្បៈទីក្រុងហូជីមិញ (សង្កាត់បេនថាញ់) បានសាងសង់ឡើងក្នុងឆ្នាំ ១៩៣៤ ដោយនាំមកនូវរចនាបថស្ថាបត្យកម្ម Baroque ដ៏ល្បីល្បាញរបស់បារាំងក្នុងអំឡុងឆ្នាំដំបូងនៃសតវត្សរ៍ទី២០។ រូបថត៖ ត្រឹន ថេផុង
ដើរកម្សាន្តកាត់តំបន់កណ្តាលក្រុង ភ្ញៀវទេសចរអាចងាយស្រួលជួបប្រទះសំណង់នានាដែលបានក្លាយជានិមិត្តរូបធ្លាប់បានឃើញ។ ព្រះវិហារ ដឹកបា មានពណ៌ឥដ្ឋក្រហមលេចធ្លោ និងរចនាបថរ៉ូម៉ាំង រួមបញ្ចូលគ្នាជាមួយហ្គោធិក។ មជ្ឈមណ្ឌលប្រៃសណីយ៍ មានដំបូលរាងកោងធ្វើពីដែកស្រាលស្រទន់។ អគារមហោស្រពក្រុងនាំមកនូវសម្រស់បុរាណបែបបារាំង។ ឬទីស្នាក់ការគណៈកម្មាធិការប្រជាជនទីក្រុង ជាមួយនឹងស្ថាបត្យកម្មស្កឹមស្កៃ ដូចជាវិមានបុរាណអឺរ៉ុប។ មិនត្រឹមតែជាទីតាំងទស្សនាដ៏ល្បីល្បាញប៉ុណ្ណោះទេ សំណង់ទាំងនេះ ក៏ជាបំណែកដ៏សំខាន់នៃអនុស្សាវរីយ៍របស់អ្នកក្រុងជាច្រើនជំនាន់ផងដែរ។
សារមន្ទីរទីក្រុងហូជីមិញ (សង្កាត់ Sai Gon) បានសាងសង់ក្នុងឆ្នាំ១៨៩០ មានផ្ទៃដីជាង ១.៧០០ម៉ែត្រការ៉េ រួមមានអគារធំពីរជាន់ និងអគារទទឹង ដែលរចនាឡើងតាមរចនាប័ទ្មបុរាណ - រស់ឡើងវិញ (Classic - Renaissance) ដោយរួមបញ្ចូល រវាងអឺរ៉ុប និងអាស៊ី។ រូបថត៖ ង្វៀនលួន / កាសែតរូបភាពវៀតណាម
ទន្ទឹមនឹងនោះ សារមន្ទីរវិចិត្រសិល្បៈទីក្រុងហូជីមិញ កាលពីមុនជាភូមិគ្រឹះរបស់ពាណិជ្ជករ លោក ហឿ ប៊ុនហ្វា (Hua Bon Hoa) បានបង្ហាញការរួមបញ្ជូលគ្នាយ៉ាងចុះសម្រុង រវាងស្ថាបត្យកម្មបស្ចិមប្រទេស និងសិល្បៈតុបតែងបូព៌ា។ នេះក៏ជាភស្តុតាងសម្រាប់លក្ខណៈពហុវប្បធម៌ ដែលបានរួមចំណែកបង្កើតអត្តសញ្ញាណរបស់សាយហ្គន - ទីក្រុងហូជីមិញ។
តាមអ្នកស្រាវជ្រាវ ត្រឹន ហ៊ឺវភុកតៀន (Tran Huu Phuc Tien) វីឡា និងសំណង់បុរាណជាច្រើន មិនត្រឹមតែមានតម្លៃផ្នែកស្ថាបត្យកម្មប៉ុណ្ណោះទេ នៅថែមទាំងបន្ទុករឿងរ៉ាវប្រវត្តិសាស្ត្រ ដែលផ្សារភ្ជាប់ទៅនឹងបុគ្គល និងចំណុចរបត់សំខាន់ៗនៃដំណើរការកកើត និងអភិវឌ្ឍន៍របស់ទីក្រុង។ ហេតុដូច្នេះហើយ ការអភិរក្សសំណង់ទាំងនេះ ក៏ជាការថែរក្សាចំណងអនុស្សាវរីយ៍ទីក្រុង សម្រាប់បច្ឆាជនជំនាន់ក្រោយៗផងដែរ។
ទីស្នាក់ការតុលាការប្រជាជនទីក្រុងហូជីមិញ (សង្កាត់ Ben Thanh) សម្ពោធនៅឆ្នាំ១៨៨៥ បានរចនាដោយស្ថាបត្យករ Jules
Bourard ទីនេះគឺជានិមិត្តសញ្ញាស្ថាបត្យកម្មបារាំងដ៏ចំណាស់
និងអស្ចារ្យបំផុតមួយនៅក្នុងទីក្រុង។ រូបថត៖ ង្វៀនឡឹន/ VNP
ផ្សារបេនថាញ់ (សង្កាត់បេនថាញ់) បានសាងសង់ឡើងក្នុងឆ្នាំ១៩១៤ ជាមួយនឹងប៉មនាឡិកាមានមុខបួន – ជាកន្លែងប្រសព្វគ្នា រវាងបច្ចេកទេសបស្ចិមលោក និងមុខងារផ្សារប្រពៃណីរបស់វៀតណាម។ រូបថត៖ ង្វៀនឡឹន/VNP
ផ្សារបេនថាញ់ (Ben Thanh) ជានិមិត្តសញ្ញាវប្បធម៌
និងប្រវត្តិសាស្ត្រយូរអង្វែងរបស់ទីក្រុង ហើយជាកន្លែងទិញទំនិញ ទទួលទានអាហារ
និងទស្សនាដ៏ល្បីល្បាញ ដែលទាក់ទាញភ្ញៀវទេសចរជាច្រើន។ រូបថត៖ ង្វៀនឡឹន/ VNP
នាពេលបច្ចុប្បន្ន ស្របតាមការអភិវឌ្ឍយ៉ាងខ្លាំងក្លានៃទីក្រុងទំនើប សំណង់ស្ថាបត្យកម្មបារាំង នៅតែបន្តមានវត្តមានក្នុងជីវភាពរស់នៅសម័យថ្មីដោយតួនាទីជាមជ្ឈមណ្ឌលរដ្ឋបាល វប្បធម៌ ទេសចរណ៍ និងលំហសាធារណៈ។ សំណង់ទាំងនោះ មិនស្ថិតនៅក្រៅលំហូរអភិវឌ្ឍន៍នោះទេ ប៉ុន្តែបានក្លាយជាស្ពានចម្លង រវាងអតីតកាល និងបច្ចុប្បន្នកាល រវាងបេតិកភណ្ឌ និងការផ្លាស់ប្តូរថ្មី។
ប្រហែលដោយសារហេតុផលនោះហើយ ទើបស្លាកស្នាមបារាំងនៅតែបន្តឆ្លងកាត់ការសាកល្បងនៃពេលវេលាយ៉ាងរឹងមាំ។ មិនត្រឹមតែបន្សល់ទុកនូវសំណង់ស្អាតៗប៉ុណ្ណោះទេ បេតិកភណ្ឌស្ថាបត្យកម្មនេះ ក៏បានរួមចំណែកកំណត់អត្តសញ្ញាណទីក្រុងបើកចំហ ពហុវប្បធម៌ និងសមាហរណកម្ម តម្លៃទាំងនេះបាន កំពុង និងបន្តបង្កើតនូវភាពទាក់ទាញផ្ទាល់ខ្លួននៃទីក្រុងហូជីមិញ នៅក្នុងកែវភ្នែកមិត្តភក្តិអន្តរជាតិ៕
អត្ថបទ៖ សើនងៀ - រូបថត៖ ង្វៀនឡឹន/VNP
ប្រែសម្រួល៖ រីកើង