កាលពីសប្តាហ៍មុន (ថ្ងៃទី១៣ - ១៨ ខែតុលា) មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងធនាគារពិភពលោក (WB) បានបើកកិច្ចប្រជុំជាប្រចាំឆ្នាំ នៅទីក្រុង វ៉ាស៊ីនតោន (សហរដ្ឋអាមេរិក) ដោយព្រមានថា សេដ្ឋកិច្ចពិភពលោកកំពុងបង្ហាញសញ្ញាតានតឹងដោយសារតែគោលនយោបាយពន្ធគយរបស់សហរដ្ឋ អាមេរិក និងលទ្ធិគាំពារនិយមដែលកំពុងរីករាលដាល។
រូបថតឧទាហរណ៍៖ REUTERS/Mike Blake
យោងតាមរបាយការណ៍យថាទស្សន៍សេដ្ឋកិច្ចពិភពលោក
(WEO) ដែលត្រូវបាន IMF ប្រកាស
នៅមុនកិច្ចប្រជុំជាប្រចាំ សេដ្ឋកិច្ចពិភពលោកត្រូវបានគេព្យាករណ៍ថានឹងសម្រេចបានកំណើន
៣,២% នៅឆ្នាំនេះ ពោលគឺខ្ពស់ជាងកម្រិត ៣%
ដែលបានព្យាករណ៍កាលពីខែកក្កដា។ ទោះយ៉ាងណាក៏ដោយ នៅឆ្នាំ ២០២៦
កំណើនត្រូវបានព្យាករណ៍ថានឹងថយចុះដល់ ៣,១%។
ភាពអាប់អួររយៈពេលវែង
ដោយពន្យល់ពីការព្យាករណ៍សេដ្ឋកិច្ចថ្មីៗនេះ
មូលនិធិរូបិយវត្ថុអន្តរជាតិ IMF បាននិយាយថា
ការបង្កើនកំណើនដែលបានព្យាករណ៍ក្នុងឆ្នាំនេះ គឺភាគច្រើនដោយសារកត្តាបណ្ដោះអាសន្ន
ដូចជាការដែលសហគ្រាសនិងគ្រួសារនានាជំរុញខ្លាំងនូវការទិញទំនិញ
មុនពេលអត្រាពន្ធខ្ពស់ចូលជាធរមាន រួមជាមួយនឹងការចុះខ្សោយនៃប្រាក់ដុល្លារអាមេរិក
ដែលគាំទ្រដល់ពាណិជ្ជកម្មពិភពលោក។ ទោះជាយ៉ាងណាក៏ដោយ របាយការណ៍បានធ្វើអត្ថាធិប្បាយថា
ក្នុងរយៈពេលមធ្យម និងវែង យថាទស្សន៍នៅតែអាប់អួរ។
ហេតុផលដំបូងគឺថា
ភាពតានតឹងពាណិជ្ជកម្មពិភពលោកកំពុងបង្ហាញសញ្ញានៃការកើនឡើង
នៅពេលដែលប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសកាលពីថ្ងៃទី
១០ ខែតុលាថា លោកនឹងដាក់ពន្ធបន្ថែម ១០០% លើទំនិញរបស់ចិនចាប់ពីថ្ងៃទី ១ ខែវិច្ឆិកា
ដើម្បីឆ្លើយតបទៅនឹងការរឹតត្បិតថ្មីៗនេះរបស់ទីក្រុងប៉េកាំងលើការនាំចេញដីកម្រ។
កាលពីថ្ងៃទី ១៥ ខែតុលា លោក Donald Trump ថែមទាំងបានប្រកាសថា
សហរដ្ឋអាមេរិក «កំពុងស្ថិតក្នុងសង្គ្រាមពាណិជ្ជកម្មជាមួយចិន»។ ទោះបីជាភាគីទាំងពីរក្រោយមកបានបញ្ជូនសញ្ញានៃការបញ្ចុះកំដៅ
ហើយប្រកាសត្រៀមខ្លួនជាស្រេចធ្វើការចរចាឱ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបានក៏ដោយ
ប៉ុន្តែអ្នកជំនាញនៅតែចាត់ទុកថាទំនាក់ទំនងសេដ្ឋកិច្ចអាមេរិក-ចិន
នៅមានបញ្ហាដែលមិនអាចទាយទុកជាមុនបាន ហើយអាចជះឥទ្ធិពលអវិជ្ជមានដល់យថាទស្សន៍
រយៈពេលមធ្យម និងរយៈពេលវែងនៃសេដ្ឋកិច្ចពិភពលោក។
អគ្គនាយិកាអង្គការពាណិជ្ជកម្មពិភពលោក
(WTO) លោកស្រី Ngozi Okonjo-Iweala មានប្រសាសន៍ថា៖ "គំរូរបស់យើងបង្ហាញថា
មិនថាការកាត់ផ្តាច់ណាមួយដែលបំបែកពិភពលោកទៅជាប្លុកពាណិជ្ជកម្មចំនួន ២ នឹងបណ្តាលឱ្យ GDP
សកលធ្លាក់ចុះយ៉ាងខ្លាំងក្នុងរយៈពេលវែង។
ការធ្លាក់ចុះអាចមានកម្រិតរហូតដល់ ៧% ហើយសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍
ការខាតបង់លើសុខុមាលភាពអាចឡើងដល់កម្រិតពីរខ្ទង់។"
លើសពីនេះ
របាយការណ៍របស់ IMF ក៏បង្ហាញផងដែរថា
យថាទស្សន៍កំណើនមិនសូវមានសុទិដ្ឋិនិយមសម្រាប់ប្រទេសសេដ្ឋកិច្ចធំៗជាច្រើននោះឡើយ។
សម្រាប់សហរដ្ឋអាមេរិក ដែលជាមហាអំណាចសេដ្ឋកិច្ចលេខ ១ របស់
ពិភពលោក
IMF ព្យាករណ៍ថា សេដ្ឋកិច្ចអាមេរិកនឹងថយចុះមកត្រឹម
២% នៅឆ្នាំនេះ ដែលជាការថយចុះគួរឱ្យកត់សម្គាល់បើធៀបនឹងឆ្នាំ ២០២៤
ហើយត្រូវបានគេរំពឹងថា នឹងនៅកម្រិត ២,១% ក្នុងឆ្នាំ២០២៦។
តំបន់ចាយប្រាក់អឺរ៉ូត្រូវបានព្យាករណ៍ថា នឹងកើនឡើងត្រឹមតែ ១,២%
នៅឆ្នាំនេះ និង១,១% នៅឆ្នាំក្រោយប៉ុណ្ណោះ។
សេដ្ឋកិច្ចរបស់ប្រទេសចិនត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះមកត្រឹម ៤,៨% នៅឆ្នាំនេះ និង ៤,២% ក្នុងឆ្នាំ ២០២៦។
នាយិកាប្រតិបត្តិ IMF លោកស្រី Kristalina Georgieva បាននិយាយថា៖
"យថាទស្សន៍កំណើនរយៈពេលមធ្យមនៅតែខ្សោយ។
បំណុលសាធារណៈកំពុងខិតជិតដល់កម្រិតខ្ពស់បំផុត និងបន្តកើនឡើង
ខណៈពេលដែលសេដ្ឋកិច្ចពិភពលោកកំពុងបាត់បង់តុល្យភាព។ ការផ្លាស់ប្ដូរនៃកម្លាំង
កំពុងធ្វើឱ្យសេដ្ឋកិច្ចពិភពលោក កាន់តែពិបាកព្យាករណ៍
ហើយប្រការនេះកំពុងប៉ះពាល់ដល់ប្រជាជន"។
ក្តីសង្ឃឹមថ្មី
ទោះបីជាមានហានិភ័យគួរឱ្យព្រួយបារម្ភជាច្រើនចំពោះសេដ្ឋកិច្ចពិភពលោកក្នុងរយៈពេលមធ្យមក៏ដោយ
ប៉ុន្តែនៅក្នុងកិច្ចប្រជុំជាប្រចាំ នៅទីក្រុងវ៉ាស៊ីនតោន IMF និងអង្គការជាច្រើនក៏បានសង្កត់ធ្ងន់លើកត្តាមួយចំនួនអាចក្លាយជាចំណុចភ្លឺដែលនាំផ្លូវសម្រាប់កំណើនសកល។
យោងតាមលោក Pierre-Olivier Gourinchas ប្រធាននាយកដ្ឋានស្រាវជ្រាវរបស់
IMF កត្តាមួយក្នុងចំណោមកត្តាដែលជួយកាត់បន្ថយផលប៉ះពាល់នៃការតក់ស្លុតពន្ធគយក្នុងឆមាសទីមួយនៃឆ្នាំនេះ
គឺការផ្ទុះឡើងនៃការវិនិយោគលើបញ្ញាសិប្បនិមិត្ត (AI)។
នៅក្នុងរបាយការណ៍ស្តីពីពាណិជ្ជកម្មសកលដែលបានចេញផ្សាយកាលពីថ្ងៃទី ៨ ខែតុលា អង្គការ WTO
ក៏បានសង្កត់ធ្ងន់លើតួនាទីកាន់តែធំរបស់ AI នៅក្នុងពាណិជ្ជកម្មពិភពលោក
ក៏ដូចជាការរួមវិភាគទានចំពោះកំណើនផងដែរ។ ប្រធានសេដ្ឋវិទូរបស់ WTO លោក Marc Bachetta បានធ្វើអត្ថាធិប្បាយថា៖
"ពាណិជ្ជកម្មទំនិញដែលទាក់ទងនឹង
AI គឺជាកម្លាំងចលករដ៏សំខាន់នៃកំណើនខ្លាំងរបស់ពាណិជ្ជកម្មសកលនៅក្នុងឆមាសទីមួយនៃឆ្នាំនេះ
នៅពេលដែលតំលៃពាណិជ្ជកម្មនៃផលិតផលទាំងនេះបានកើនឡើង ២០% ក្នុងមួយឆ្នាំ
ដែលស្មើនឹងជិតពាក់កណ្តាលនៃកំណើនពាណិជ្ជកម្មសកលក្នុងឆ្នាំកន្លងទៅ
បើទោះបីជាទំនិញដែលទាក់ទងនឹង AI ស្រូបយកត្រឹមតែ ១០%
នៃពាណិជ្ជកម្មទំនិញសរុបក៏ដោយ។ ការកើនឡើងនៃពាណិជ្ជកម្មទាក់ទងនឹង AI ត្រូវបានជំរុញដោយការវិនិយោគជាប្រព័ន្ធ ទៅក្នុងហេដ្ឋារចនាសម្ព័ន្ធឌីជីថល
ចាប់ពី semiconductors រហូតដល់ម៉ាស៊ីនមេពពក”។
យោងតាមនាយិកាប្រតិបត្តិ
IMF លោកស្រី Kristalina Georgieva កត្តាមួយទៀតដែលអាចជួយសេដ្ឋកិច្ចពិភពលោក ជៀសផុតពីសេណារីយ៉ូកាន់តែអាក្រក់
នាពេលខាងមុខគឺការសម្រេចចិត្តរបស់ប្រទេសភាគច្រើន ដោយមិនសងសឹកនឹងការដាក់ពន្ធ
ដោយប្រធានាធិបតីអាមេរិកលោក Donald Trump។ បន្ទាប់មក
ដោយសារតែភាពមិនប្រាកដប្រជានៃពាណិជ្ជកម្មសកលនាពេលថ្មីៗនេះ
ប្រទេសជាច្រើនបានជំរុញយុទ្ធសាស្រ្តដើម្បីធ្វើពិពិធកម្មទំនាក់ទំនងពាណិជ្ជកម្ម
ស្វែងរកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មថ្មីនៅខាងក្រៅគន្លងអាមេរិក-ចិន។
យោងតាមរដ្ឋមន្ត្រីក្រសួងផែនការ អភិវឌ្ឍន៍សេដ្ឋកិច្ច
និងសហប្រតិបត្តិការអន្តរជាតិអេហ្ស៊ីប Rania Al-Mashat ការបង្កើនកិច្ចសហប្រតិបត្តិការក្នុងតំបន់គឺជា
"លទ្ធផលដែលមិនអាចជៀសបាន" នៃការវិវឌ្ឍន៍ជាសកល នាពេលកន្លងមក
ហើយនឹងបន្តជាទិសដៅសំខាន់សម្រាប់ប្រទេសនានា នាពេលខាងមុខ៕