គិតជាមធ្យមក្នុងរយៈពេល ៩ ខែ ផលិតផលក្នុងមូលដ្ឋានសរុប (GRDP) របស់ទីក្រុងត្រូវបានប៉ាន់ប្រមាណថា កើនជាង ៧,៩% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។ ក្នុងនោះ វិស័យសេវាកម្ម; វិស័យឧស្សាហកម្មនិងសំណង់; វិស័យ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សុទ្ធតែបានកត់ត្រាកំណើនជាវិជ្ជមាន។ ជាពិសេស នៅក្នុងបរិបទដែលសេដ្ឋកិច្ចពិភពលោក និងក្នុងស្រុកមានការប្រែប្រួលជាច្រើន តម្រូវការទីផ្សារមិនទាន់ងើបឡើងវិញពេញលេញ ផលិតកម្មឧស្សាហកម្មមិនទាន់ មានការរីកចម្រើនខ្លាំងនោះ អត្រាកំណើននេះត្រូវបានវាយតម្លៃថា ជាលទ្ធផលវិជ្ជមាន និងគួរឱ្យកត់សម្គាល់ ដែលបង្ហាញពីការខិតខំប្រឹងប្រែងដ៏ធំធេងរបស់ទីក្រុងក្នុងការ ប្រតិបត្តិ និងអនុវត្តន៍គោលនយោបាយសេដ្ឋកិច្ចសង្គម។ លេខារងអចិន្រ្តៃយ៍នៃគណៈ កម្មាធិការបក្សទីក្រុងហាណូយ លោក Nguyen Van Phong បានវាយតម្លៃថា៖
“ឆ្នាំនេះ គិតត្រឹមដំណាច់ខែកញ្ញា ទីក្រុងហាណូយសម្រេចបានកំណើន ៧,៩២%; ចំណូលថវិកាសម្រេចបានជាង ៥៣០ ទ្រីលានដុង លើសពី ១០៣% និងកើនឡើងជិត ៤០% បើធៀបនឹងឆ្នាំមុន។ ទីក្រុងហាណូយអាចសម្រេចបាន កំណើនជាង ៨% នៅឆ្នាំនេះ។ ដូច្នេះ គិតជាមធ្យមក្នុងដំណាក់កាល ២០២០-២០២៥ ទីក្រុងហាណូយសម្រេចបាន ៦,៥៧% ខ្ពស់ជាងប្រទេសទាំងមូល ១,១%”។
ទាក់ទិននឹងការទាក់ទាញការវិនិយោគ ក្នុងរយៈពេល ៩ ខែកន្លងមក ទីក្រុងបាន ទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស (FDI) ជិត ៣,៩ ពាន់លានដុល្លារអាមេរិក កើនឡើង ២,៩ ដងបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ តាមនោះ បន្តបញ្ជាក់ ពីឋានៈជាគោលដៅទាក់ទាញ និងជាជម្រកប្រកបដោយសុវត្ថិភាពសម្រាប់លំហូរ មូលធនអន្តរជាតិ។
សកម្មភាពនាំចេញ-នាំចូលរបស់ទីក្រុងហាណូយនៅតែរក្សាបាននូវសន្ទុះ កំណើនរឹងមាំ ដោយបានអះអាងនូវតួនាទីជាសសរស្តម្ភមួយនៃកំណើនសេដ្ឋកិច្ច រួមចំណែកដល់ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច។ ទំហំការនាំចេញសរុបក្នុងរយៈពេល៩ខែដើមឆ្នាំនេះសម្រេចបាន៥០ពាន់លានដុល្លារ កើន១៣,៧%។ ក្នុងរយៈពេល៩ខែកន្លងមក ភ្ញៀវទេសចរមកទីក្រុងហាណូយមានចំនួន ៥,៥លាននាក់ កើនឡើងជាង ២២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
យោងតាមស្ថិតិទីក្រុងហាណូយ សកម្មភាពផលិតកម្មឧស្សាហកម្មនៅទីក្រុង ហាណូយបានកើនឡើងជាវិជ្ជមាន។ សន្ទស្សន៍ផលិតកម្មឧស្សាហកម្ម (IIP) ក្នុងត្រីមាសទីបីគឺខ្ពស់ជាងត្រីមាសមុន និងខ្ពស់ជាងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕