លោកអ្នកនាងនិងប្រិយមិត្តជាទីមេត្រី! កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចគឺជាសសរស្តម្ភដ៏សំខាន់ក្នុងទំនាក់ទំនងរវាងវៀតណាម និងសិង្ហបុរី ហើយក៏ជាគំរូ អភិវឌ្ឍន៍ក្នុងតំបន់និងលើពិភពលោកផងដែរ។ នៅក្នុងបរិបទដែលសេដ្ឋកិច្ចអន្តរជាតិនិងតំបន់មានការផ្លាស់ប្ដូរយ៉ាងឆាប់រហ័ស និងយ៉ាងជ្រាលជ្រៅ ជាមួយនឹងនិន្នាការអភិវឌ្ឍន៍ប្រកបដោយចីរភាពដោយតភ្ជាប់នឹងកំណើនបៃតង និងបដិវត្តន៍ឧស្សាហកម្ម ៤.០ នោះ វិស័យសេដ្ឋកិច្ចឌីជីថល និងសេដ្ឋកិច្ចបៃតងត្រូវបានចាត់ទុកថាជាកម្លាំងចលករថ្មីសម្រាប់ការអភិវឌ្ឍក្នុងទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាម និងសិង្ហបុរីនាពេលខាងមុខ។
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh និងនាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lee Hsien Loong បានឯកភាពលើកកម្រិតកិច្ចព្រមព្រៀងក្របខ័ណ្ឌអំពីការតភ្ជាប់សេដ្ឋកិច្ចវៀតណាម-សិង្ហបុរី ក្នុងឱកាសដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីសិង្ហបុរី នៅវៀតណាមកាលពីចុងខែសីហាកន្លងទៅ។ (រូបថត៖ VOV)
វៀតណាមនិងសិង្ហបុរីបានបង្កើតជាផ្លូវការនូវទំនាក់ទំនងភាពជាដៃគូសេដ្ឋកិច្ចឌីជីថល
- សេដ្ឋកិច្ចបៃតងក្នុងខែកុម្ភៈ ឆ្នាំ ២០២៣
ក្នុងឱកាសដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ទៅកាន់ប្រទេសសិង្ហបុរី។
ក្នុងដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lee Hsien Loong មកកាន់ប្រទេសវៀតណាមកាលពីចុងខែសីហាកន្លងទៅ ភាគីទាំងពីរបានឯកភាពលើកកម្រិតកិច្ចព្រមព្រៀងក្របខ័ណ្ឌអំពីការតភ្ជាប់សេដ្ឋកិច្ចវៀតណាម-សិង្ហបុរី
ដោយផ្អែកលើសសរស្តម្ភចំនួន ៥ នោះគឺ៖ ការតភ្ជាប់ថាមពល ការអភិវឌ្ឍប្រកបដោយចីរភាព
ហេដ្ឋារចនាសម្ព័ន្ធ ឌីជីថល-នវានុវត្តន៍ និងការតភ្ជាប់ក្នុងវិស័យផ្សេងទៀតដូចជា
ការអប់រំ ហិរញ្ញវត្ថុ បច្ចេកវិទ្យាព័ត៌មាន-ទូរគមនាគមន៍ និងទេសចរណ៍ ជាដើម។
យោងតាមការវាយតម្លៃរបស់លោកបណ្ឌិត Le Hong Hiep នៃវិទ្យាស្ថានសិក្សាអាស៊ីអាគ្នេយ៍
(ISEAS - Yusof Ishak) ប្រទេសសិង្ហបុរីគឺជាដៃគូដ៏គួរឱ្យទុកចិត្តមួយ
ដើម្បីរួមជាមួយវៀតណាមក្នុងការអនុវត្តជាក់ស្ដែងនូវចក្ខុវិស័យអភិវឌ្ឍន៍ក្នុងរយៈពេលខាងមុខ៖
“ក្នុងនាមជាមជ្ឈមណ្ឌលសម្រាប់កំណើនបៃតង
និងនវានុវត្តន៍ក្នុងតំបន់ សិង្ហបុរីនឹងមានបទពិសោធន៍
និងធនធានជាច្រើនដើម្បីជួយគាំទ្រការអភិវឌ្ឍរបស់វៀតណាមក្នុងវិស័យទាំងនេះ។
ហើយនេះក៏ស្របនឹងផលប្រយោជន៍ និងគោលដៅរយៈពេលខ្លីនិងយូរអង្វែងរបស់វៀតណាមនោះ
គឺឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព ដោយផ្អែកលើនវានុវត្តន៍
ដើម្បីអាចរួចផុតពីអន្ទាក់ចំណូលមធ្យម ព្រមទាំងមានកំណើនប្រកបដោយចីរភាព
និងរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុផងដែរ”។
សហគ្រាសសិង្ហបុរីកំពុងមានបំណងចង់បណ្ដាក់ទុនទៅក្នុងវិស័យថ្មីៗដូចជា
ការផ្លាស់ប្ដូរឌីជីថល វិទ្យាសាស្ត្របច្ចេកវិទ្យា វាយោអគ្គីសនី
ថាមពលពន្លឺព្រះអាទិត្យ ថាមពលថ្មី ព្រមទាំងនាំមណ្ឌលឧស្សាហកម្មវៀតណាម-សិង្ហបុរី (VSIP) ពីមូលដ្ឋានផលិតកម្មឧស្សាហកម្ម ក្លាយជាមជ្ឈមណ្ឌលនវានុវត្តន៍នាពេលអនាគត។
អញ្ជើញថ្លែងសុន្ទរកថាក្នុងសន្និសីទជំរុញកិច្ចសហប្រតិបត្តិការវិនិយោគវៀតណាម-សិង្ហបុរីក្នុងដំណើរទស្សនកិច្ចនៅវៀតណាមនាពេលថ្មីៗនេះ
នាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lee Hsien Loong បានសង្កត់ធ្ងន់ថា៖
“VSIP គឺជារឿងរ៉ាវស្ដីពីនវានុវត្តនភាពឥតឈប់ឈរ។ VSIP ដំបូងនៅទីក្រុង
Binh Duong ផ្តោតលើវិស័យផលិតកម្មស្រាល VSIP Binh
Duong ២ ផ្តោតលើហេដ្ឋារចនាសម្ព័ន្ធឡូជីស្ទិកទំនើប ហើយឥឡូវនេះ VSIP
Binh Duong ៣ នឹងក្លាយជាមណ្ឌលឧស្សាហកម្មបៃតង ឆ្លាតវៃ
ជាមួយនឹងប្រព័ន្ធកសិដ្ឋានថាមពលពន្លឺព្រះអាទិត្យ
ដែលរួមបញ្ចូលបច្ចេកវិទ្យាឆ្លាតវៃក្នុងប្រតិបត្តិការកសិដ្ឋានទាំងស្រុង
បំពេញតាមស្តង់ដារបៃតង Green Mark របស់សិង្ហបុរីសម្រាប់មណ្ឌលឧស្សាហកម្ម។
ជាពិសេស VSIP Binh Duong ៣
នឹងជាទីកន្លែងដាក់ពង្រាយរោងចក្រអព្យាក្រឹតកាបូនដំបូងបង្អស់លើពិភពលោករបស់សម្ព័ន្ធក្រុមហ៊ុន
LEGO ផងដែរ។ ខ្ញុំសង្ឃឹមថា គម្រោង VSIP នឹងបន្តរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច
និងការផ្លាស់ប្តូរឧស្សាហកម្មនៅវៀតណាម”។
ជាមួយនឹងចក្ខុវិស័យវែងឆ្ងាយអំពីការនាំការបំភាយឧស្ម័នសុទ្ធមកកម្រិតសូន្យ
វៀតណាមនិងសិង្ហបុរីកំពុងខិតខំធ្វើការជាមួយគ្នាដើម្បីជំរុញកម្មវិធីអភិវឌ្ឍន៍ប្រកបដោយចីរភាព។
សម្ព័ន្ធក្រុមហ៊ុន Petro វៀតណាម និងសម្ព័ន្ធក្រុមហ៊ុន Sembcorp
(សិង្ហបុរី) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងអភិវឌ្ឍន៍រួម ស្តីពីកិច្ចសហប្រតិបត្តិការវិនិយោគ
និងនាំចេញអគ្គិសនីទៅកាន់ប្រទេសសិង្ហបុរីពីប្រភពថាមពលកកើតឡើងវិញនៅឯនាយសមុទ្រវៀតណាម។
នៅក្នុងវិស័យសេដ្ឋកិច្ចឌីជីថល
ដោយមានការអភិវឌ្ឍយ៉ាងឆាប់រហ័សនិងទំនើបនៃហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ បច្ចេកវិទ្យាព័ត៌មាន និងអ៊ីនធឺណិត រួមជាមួយនឹងចំនួនអ្នកប្រើប្រាស់ច្រើនសន្ធឹកសន្ធាប់
ប្រទេសទាំងពីរស្ថិតក្នុងក្រុមប្រទេសទាំង ៣
ដែលមានប្រព័ន្ធអេកូឡូស៊ីចាប់ផ្តើមអាជីវកម្មប្រកបដោយភាពច្នៃប្រឌិតឈានមុខគេនៅអាស៊ីអាគ្នេយ៍។
យោងតាមលោក Jaya Ratnam ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំនៅវៀតណាម
មានវិស័យចំនួនបីដែលសិង្ហបុរី និងវៀតណាមកំពុងជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅក្នុងទសវត្សរ៍ខាងមុខ
រួមមាន៖ នវានុវត្តន៍ ថាមពលកកើតឡើងវិញ និងការអភិវឌ្ឍប្រកបដោយចីរភាព។
“បដិវត្តន៍ឌីជីថលនឹងប៉ះពាល់ដល់គ្រប់ប្រទេសទាំងអស់លើពិភពលោក។
ទាំងសិង្ហបុរី និងវៀតណាមត្រូវក្ដាប់ជាប់ឱកាសនេះ ដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែងរបស់យើងតាមរយៈកិច្ចសហប្រតិបត្តិការជាមួយគ្នា។
រដ្ឋាភិបាលទាំងពីរបានមើលឃើញពីសារៈសំខាន់នៃបញ្ហានេះ
ដូច្នេះហើយយើងបានបង្កើតក្រុមការងារទ្វេភាគីដើម្បីកំណត់វិស័យសហប្រតិបត្តិការថ្មីៗទាំងនេះ
ជាពិសេសក្នុងវិស័យបញ្ញាសិប្បនិម្មិត ទិន្នន័យឆ្លងដែន និងសន្តិសុខតាមអ៊ីនធឺណិត។
ប្រការនេះមានសារៈសំខាន់ណាស់ ព្រោះវាកំណត់ឋានៈរបស់ប្រទេសទាំងពីរនាពេលអនាគត។
ក្រៅពីនោះ វិស័យថាមពលកកើតឡើងវិញ ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនិរន្តរភាព ឥណទានកាបូន
និងហិរញ្ញវត្ថុបៃតង
នឹងជួយប្រទេសទាំងពីរសម្រេចបានគោលដៅក្នុងវិស័យផ្លាស់ប្តូរថាមពលផងដែរ”។
ក្រោយរយៈពេល ៥០ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូត និង ១០ ឆ្នាំនៃ
ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ ទំនាក់ទំនងវៀតណាម -
សឹង្ហបុរីកំពុងស្ថិតក្នុងដំណាក់កាលដ៏ល្អប្រសើរបំផុត
ទោះបីជាជួបប្រទះនឹងការលំបាកពីជំងឺរាតត្បាត និងការប្រែប្រួលនៃស្ថានភាពពិភពលោកក៏ដោយ។
ការជំរុញ និងពង្រីកទំនាក់ទំនងភាពជាដៃគូក្នុងវិស័យសេដ្ឋកិច្ចបៃតង
និងសេដ្ឋកិច្ចឌីជីថល មិនត្រឹមតែជួយវៀតណាមនិងសិង្ហបុរីដោះស្រាយផលប្រយោជន៍
ក៏ដូចជាការសន្យាអន្តរជាតិរបស់ប្រទេសទាំងពីរប៉ុណ្ណោះទេ
ថែមទាំងបង្កើតឥទ្ធិពលដ៏ទូលំទូលាយឆ្ពោះទៅរកអនាគតប្រកបដោយចីរភាពសម្រាប់តំបន់ទាំងមូលទៀតផង៕