ព័ត៌មាន

សិស្សវៀតណាមជាង ២៦ លាននាក់ចាប់ផ្តើមឆ្នាំសិក្សាថ្មី

នៅព្រឹកថ្ងៃទី ៥ ខែកញ្ញា សិស្សជាង ២៦ លាននាក់នៅ​ទូទាំងប្រទេស​វៀតណាម​បានចាប់ផ្តើមឆ្នាំសិក្សាថ្មី ជាមួយនឹងពិធីបើកឆ្នាំ​សិក្សា​ដ៏​ពិសេស ដែលស្របពេលជាមួយនឹងការបើក​សម្ពោធសាលា​អន្តេវាសិកអន្តរកម្រិតចំនួន ១០៧ នៅតាម​បណ្តា​ឃុំព្រំដែន​ទូទាំងប្រទេស។

សមមិត្ត ទ្រីញ វ៉ាន់ ក្វៀត ចែកអំណោយដល់សិស្សានុសិស្សនៃសាលាបណ្ដុះបណ្ដាលអន្តរកម្រិតព្រំដែន ថាញ់ ធុយ ក្នុងឱកាសបើកឆ្នាំសិក្សាថ្មី។ រូបថត៖ VNA

ពិធីនេះត្រូវបានរៀបចំឡើងតាម​ទម្រងដោយផ្ទាល់និង​តាម​អ៊ីនធឺណិត ហើយត្រូវបាន​ផ្សាយផ្ទាល់​តាមប៉ុស្តិ៍ VTV១ (ទូរទស្សន៍វៀតណាម) និងប៉ុស្តិ៍ VOV១ (វិទ្យុសំឡេងវៀតណាម) និងផ្សាយផ្ទាល់តាមអ៊ីនធឺណិតនៅលើវេទិកាឌីជីថល រួមទាំងគេហទំព័រ​ vovworld.vn ផងដែរ។

លោក​នាយករដ្ឋមន្ត្រី ឡេ មិញហ៊ុង បានអញ្ជើញ​ចូលរួម និងធ្វើពិធីបើកឆ្នាំ​សិក្សា​​ថ្មី​នៅសាលាអន្តេវាសិកបឋមសិក្សានិងមធ្យមសិក្សាមឿងឃឿង ខេត្តឡាវកាយ​​។ លោកប្រធានរដ្ឋសភា​ ជិន ថាញ់មិន បានចូលរួមពិធីបើកឆ្នាំ​សិក្សា​ថ្មី​នៅ​សាលា​វិទ្យាល័យ Le Quy Don (ខេត្ត​ហឹងអៀន)។ សមាជិកអចិន្ត្រៃយ៍នៃគណលេខា លោក ជិន​ កឹមទូ បានចូលរួមពិធីបើកឆ្នាំសិក្សា ២០២៦-២០២៧ នៅសាលា​​អន្តេវាសិក​មធ្យមសិក្សាជនជាតិភាគតិច ខេត្តបាក់និញ។

បន្ទាប់ពីពិធីគោរពទង់ជាតិនៅសាលាបឋមសិក្សានិងមធ្យមសិក្សាមឿងឃឿង រដ្ឋមន្ត្រីក្រសួងអប់រំនិងបណ្តុះបណ្តាលលោក ហ័ង មិញសឺន បានអានលិខិតរបស់​លោក​អគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ជូន​ចំពោះវិស័យអប់រំ ក្នុងឱកាសបើកឆ្នាំសិក្សាថ្មី​។ នៅក្នុងលិខិតនោះ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានសង្កត់ធ្ងន់ថា ឆ្នាំសិក្សា ២០២៦-២០២៧ ត្រូវតែបង្កើតការផ្លាស់ប្តូរជាក់​ស្តែងនៅក្នុងគុណភាពនៃការអប់រំនិងការរៀនសូត្រ ក៏ដូចជាយុត្តិធម៌ក្នុ​ងការទទួលបានការអប់រំ។ សាលារៀននីមួយៗត្រូវតែជាកន្លែងដែលអ្នករៀនត្រូវបានគោរព ផ្ទៀង​ស្តាប់ លើកទឹកចិត្តការ​សិក្សានិងអភិវឌ្ឍបំណិន​​ដោយខ្លួនឯង។ ជាកន្លែងដែល​អ្នកមាន​ទេពកោសល្យត្រូវបានរកឃើញ និងគាំទ្រ ហើយសិស្ស​ដែលមាន​ស្ថានភាពលំបាក់មិនត្រូវបានទុកចោល​នៅពីក្រោយ​ឡើយ​​។

តាង​នាមថ្នាក់ដឹកនាំបក្សនិងរដ្ឋ នៅក្នុងពិធីបើកឆ្នាំ​សិក្សាថ្មី លោក​នាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បានសង្កត់ធ្ងន់ថា វៀតណាម​កំពុងឈាន​ចូលដំណាក់កាលថ្មីនៃការអភិវឌ្ឍ ដោយមានសេចក្តីប្រាថ្នា​អំពីប្រទេសវៀតណាមអភិវឌ្ឍ ខ្លាំងមាំមួន និងវិបុលភាព។ ក្នុងបរិបទនេះ ការអប់រំត្រូវតែឈានទៅមុខមួយជំហាន ដោយក្លាយជាមូលដ្ឋានគ្រឹះនិងជាកម្លាំងចលករដ៏សំខាន់យ៉ាងពិត​ប្រាកដ​។

«ឆ្នាំសិក្សា ២០២៦-២០២៧ គឺជាឆ្នាំដំបូងនៃការអនុវត្តសេចក្តីសម្រេចវិត្ត​នៃមហាសន្និបាតលើកទី ១៤ របស់​បក្សកុម្មុយនិស្តវៀតណាម ជាឆ្នាំសិក្សា​នៃការច្នៃប្រឌិតក្នុងការ​ត្រិះរិះ វិធីសាស្រ្ត និងគុណភាព បង្កើតរបកគំហើញយ៉ាងខ្លាំងក្លាក្នុងការអភិវឌ្ឍការអប់រំ និងបណ្តុះបណ្តាល។ ឆ្នាំសិក្សា ២០២៦-២០២៧ ត្រូវតែជាឆ្នាំសិក្សា​នៃការ​ច្នៃប្រឌិតជាក់​ស្តែងពីសាលារៀននីមួយៗ ថ្នាក់រៀននីមួយៗ គ្រូបង្រៀនម្នាក់ៗ សិស្សម្នាក់ៗ និងវិស័យអប់រំទាំងមូល។ វិស័យអប់រំទាំងមូលនឹងបន្តច្នៃប្រឌិតយ៉ាងខ្លាំងនូវការត្រិះរិះគ្រប់គ្រងនិងវិធីសាស្រ្តបង្រៀន ដោយយកអ្នករៀនជាស្នូល​សាលារៀនជា​មូលដ្ឋាន​គ្រឹះ គ្រូបង្រៀនជាកម្លាំងចលករ គ្រួសារជាទីបង្អែក និងសង្គម​ជាធនធានអមដំណើរ។ ការសាងសង់សាលារៀន​ដ៏រួសរាយរាក់ទាក់ សុវត្ថិភាព តម្លាភាព និងមនុស្សធម៌ ជាកន្លែងដែលសិស្សត្រូវបានគោរព លើកទឹកចិត្តឱ្យច្នៃប្រឌិត និងក្តីសុបិន្តត្រូវបាន​ចិញ្ចឹមបីបាច់។»​

បន្ទាប់នោះ នាយករដ្ឋមន្ត្រី រួមជាមួយថ្នាក់ដឹកនាំបក្ស រដ្ឋ និង​គណៈប្រតិភូនៅទីតាំងផ្សេងៗ បានកាត់ខ្សែបូរ​បើក​សម្ពោធសាលា​អន្តេវាសិកអន្តរកម្រិតនៅតាមបណ្តាឃុំជាប់ព្រំដែន​គោក​។ នាយក​សាលាមកពីសាលារៀនទូទាំងប្រទេសបានវាយស្គរ​ក្នុងពេលដំណាលគ្នា ដើម្បីបើកឆ្នាំសិក្សា ២០២៦-២០២៧ ជាផ្លូវការ៕​


top