សាស្ត្រាចារ្យរង បណ្ឌិត លោកត្រឹន ង៉ុកលឿង បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លា ក្នុងការផ្សព្វផ្សាយចំណេះដឹងវេជ្ជសាស្ត្រវៀតណាម ទៅកាន់ពិភពលោក។
ចាប់ពីការវះកាត់ដោយស្ងៀមស្ងាត់ក្នុងបន្ទប់វះកាត់ រហូតដល់វគ្គបណ្តុះបណ្តាលដែលប្រមូលផ្តុំដោយអ្នកជំនាញអន្តរជាតិ សាស្ត្រាចារ្យរង បណ្ឌិត លោក ត្រឹន ង៉ុកលឿង បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លា ក្នុងការផ្សព្វផ្សាយចំណេះដឹងវេជ្ជសាស្ត្រវៀតណាម ទៅកាន់ពិភពលោក។ បច្ចេកទេសវះកាត់ក្រពេញទីរ៉ូអ៊ីត ដោយឧបករណ៍ឆ្លុះ (Endoscopic thyroid surgery) ដែលលោកបានបង្កើតឡើង ធ្លាប់បានគេចាត់ទុកថាជា "រឿងឥតបានការ" ប៉ុន្តែឥឡូវនេះ វាមិនត្រឹមតែផ្លាស់ប្តូរជីវិតអ្នកជំងឺរាប់ពាន់នាក់ប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យវៀតណាម ក្លាយជាគោលដៅដ៏មានកិត្យានុភាព ក្នុងការបណ្តុះបណ្តាល និងការផ្ទេរបច្ចេកទេស ដោយបន្សល់ទុកនូវស្លាកស្នាមច្បាស់លាស់ នៅលើផែនទីវេជ្ជសាស្ត្រសកលលោក។
សាស្ត្រាចារ្យរង បណ្ឌិត លោកត្រឹន ង៉ុកលឿង ព្រមទាំងវេជ្ជបណ្ឌិតនៃមន្ទីរពេទ្យមជ្ឈិមផ្នែកក្រពេញបញ្ចេញក្នុង ពិគ្រោះយោបល់ពិនិត្យស្ថានភាពអ្នកជំងឺ មុនពេលវះកាត់ដោយម៉ាស៊ីនឆ្លុះក្រពេញទីរ៉ូអ៊ីត។
រូបថត៖ តឹតសឺន/VNP
“បច្ចេកវិទ្យាវះកាត់ដោយឧបករណ៍ឆ្លុះ Dr Luong”
ដំណើរការបង្កើតថ្មីរបស់សាស្ត្រាចារ្យរង បណ្ឌិត លោក ត្រឹន ង៉ុកលឿង បានចាប់ផ្តើមពីក្ដីបារម្ភប្រកបដោយមនុស្សធម៌ថា ការវះកាត់ក្រពេញទីរ៉ូអ៊ីត តាមបែបប្រពៃណី ជាធម្មតាតែងបន្សល់ទុកស្លាកស្នាមវែងពី ៨ ដល់ ១២សង់ទីម៉ែត្រ នៅម្តុំក ធ្វើឱ្យអ្នកជំងឺបាត់បង់ទំនុកចិត្តលើខ្លួនឯងក្រោយការព្យាបាល។ កាលទសវត្សរ៍មុនៗ គំនិតនៃការវះកាត់ក្រពេញទីរ៉ូអ៊ីត ដោយឧបករណ៍ឆ្លុះត្រូវបានគេចាត់ទុកថាជា "រឿងស្រមើស្រមៃ" និង "រឿងឥតបានការ"។ ម្តុំកមិនមានចន្លោះប្រហោងធម្មជាតិដូចជា ប្រហោងពោះ ឬទ្រូង ដើម្បីបញ្ចូលឧបករណ៍ឆ្លុះនោះទេ រចនាសម្ព័ន្ធសំខាន់ៗដូចជា បំពង់ខ្យល់ បំពង់អាហារ សរសៃប្រសាទបំពង់ក និងក្រពេញប៉ារ៉ាទីរ៉ូអ៊ីត ស្ថិតនៅកៀកគ្នាខ្លាំង ដែលងាយនឹងរងរបួស។
ក៏ប៉ុន្តែ ជាមួយនឹងបទពិសោធន៍ដ៏សម្បូរបែប ក្នុងការវះកាត់ឆ្លុះក្នុងពោះសាស្ត្រាចារ្យរង បណ្ឌិត លោកត្រឹន ង៉ុកលឿង បានរកឃើញដំណោះស្រាយ។ លោកបានបង្កើតវិធីសាស្ត្របូមឧស្ម័ន CO2 ចូលទៅក្នុងម្តុំក ដើម្បីបង្កើតកន្លែងធ្វើការដោយសុវត្ថិភាព ជួយឱ្យការបំបែកជាលិកាមានភាពងាយស្រួល និងអាចមើលឃើញសរសៃឈាម បានច្បាស់តាមរយៈអេក្រង់។ ចាប់ពីពេលនោះមក វិធីសាស្ត្រវះកាត់ដោយឧបករណ៍ឆ្លុះ ដើម្បីព្យាបាលជំងឺក្រពេញទីរ៉ូអ៊ីត បានកើតឡើងជាមួយនឹងគុណសម្បត្តិដ៏អស្ចារ្យលើសពីការរំពឹងទុក ដែលវេជ្ជសាស្ត្រពិភពលោកបានដាក់ឈ្មោះថា "បច្ចេកវិទ្យាវះកាត់ដោយឧបករណ៍ឆ្លុះ Dr Luong"។
ជំនួសឱ្យស្លាកស្នាមធំនៅត្រង់ក លោកប្រើប្រាស់ច្រកចូលតាមរយៈក្លៀក និងទ្រូង ជាមួយនឹងមុខរបួសតូចៗត្រឹមតែ ០,៥ ដល់ ១សង់ទីម៉ែត្រ ដែលងាយស្រួលលាក់បាំង និងលុបបាត់ទៅតាមពេលវេលា ផ្តល់ប្រសិទ្ធភាពខ្ពស់ខាងសម្រស់ក្រោយការវះកាត់។ អ្វីដែលពិសេសនោះ គឺបច្ចេកទេសនេះ មិនតម្រូវឱ្យមានឧបករណ៍ឯកទេស ដែលមានតម្លៃថ្លៃហួសហេតុនោះទេ ជួយកាត់បន្ថយការចំណាយលើការវះកាត់។ បច្ចុប្បន្ន ការចំណាយសម្រាប់ការវះកាត់មួយករណីនៅវៀតណាម មានត្រឹមតែពី ៣០០ ដល់ ៤០០ដុល្លារអាមេរិក ខណៈដែលនៅក្នុងប្រទេសរីកចម្រើនមួយចំនួន ក្នុងតំបន់អាស៊ី ត្រូវចំណាយពី ៨.០០០ ដល់ ១០.០០០ ដុល្លារអាមេរិក។
មិនត្រឹមតែចុះធ្វើការវះកាត់ដោយផ្ទាល់ប៉ុណ្ណោះទេ សាស្ត្រាចារ្យរង បណ្ឌិត លោកត្រឹន ង៉ុកលឿង ក៏យកចិត្តទុកដាក់យ៉ាងខ្លាំងលើការបណ្តុះបណ្តាលក្រុមអ្នកបន្តវេនផងដែរ។
រូបថត៖ ឯកសារផ្ទាល់ខ្លួន
សាស្ត្រាចារ្យរង បណ្ឌិត លោកត្រឹន ង៉ុកលឿង អនុវត្តការវះកាត់ដោយម៉ាស៊ីនឆ្លុះក្រពេញទីរ៉ូអ៊ីត នៅមន្ទីរពេទ្យមជ្ឈិម ផ្នែកក្រពេញបញ្ចេញក្នុង។ រូបថត៖ តឹតសឺន/កាសែតរូបភាពវៀតណាម
សាស្ត្រាចារ្យរង បណ្ឌិត លោកត្រឹន ង៉ុកលឿង បានមានប្រសាសន៍ថា៖ “វិធីសាស្ត្រនេះ អាចអនុវត្តបានចំពោះគ្រប់ស្ថានភាពជំងឺផ្សេងៗគ្នា នៃក្រពេញទីរ៉ូអ៊ីត ដូចជា៖ ដុំសាច់ ជំងឺ Basedow និងមហារីកក្រពេញទីរ៉ូអ៊ីត។ វាមិនត្រឹមតែមានអត្ថន័យផ្នែកវិទ្យាសាស្ត្រប៉ុណ្ណោះទេ បច្ចេកទេសវះកាត់នេះ ក៏នាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ច និងសង្គមខ្ពស់ ផ្តល់នូវទិសដៅថ្មី ក្នុងការព្យាបាលជំងឺក្រពេញទីរ៉ូអ៊ីតផងដែរ”។
ការផ្ទេរចំណេះដឹង និងការបណ្តុះបណ្តាលអន្តរជាតិ
មិនត្រឹមតែចុះដៃវះកាត់ដោយផ្ទាល់ប៉ុណ្ណោះទេ សាស្ត្រាចារ្យរង បណ្ឌិតលោក ត្រឹន ង៉ុកលឿង ក៏យកចិត្តទុកដាក់យ៉ាងខ្លាំងលើការបណ្តុះបណ្តាលជូនក្រុមការងារបន្តវេនផងដែរ។ លោកតែងតែជាគ្រូដ៏គួរឱ្យគោរព ជាអ្នកផ្តល់ការណែនាំ និងផ្ទេរចំណេះដឹងដ៏មានតម្លៃដល់វេជ្ជបណ្ឌិត និងអ្នកជំនាញជំនាន់ក្រោយទាំងក្នុង និងក្រៅប្រទេស។ នៅមន្ទីរពេទ្យEndocrine មជ្ឈិម លោកបានរៀបចំវគ្គបណ្តុះបណ្តាលជាច្រើន ស្តីពីការវះកាត់ក្រពេញទីរ៉ូអ៊ីត ដោយឧបករណ៍ឆ្លុះ ដើម្បីបង្កើតក្រុមការងារបង្គោល ដែលជួយឱ្យវិធីសាស្ត្រនេះ បន្តរីករាលដាលយ៉ាងទូលំទូលាយ។
ក្នុងឆ្នាំ២០០៩ សាស្ត្រាចារ្យរង បណ្ឌិត លោកត្រឹន ង៉ុកលឿង បានចាប់ផ្តើមផ្ទេរបច្ចេកទេសដល់មន្ទីរពេទ្យនៅបរទេស និងទទួលបណ្តុះបណ្តាល
បង្ហាត់បង្ហាញបច្ចេកទេសវះកាត់ដោយម៉ាស៊ីនឆ្លុះក្រពេញទីរ៉ូអ៊ីត។ រូបថត៖
ឯកសារផ្ទាល់ខ្លួន
សាស្ត្រាចារ្យរង បណ្ឌិត ត្រឹន ង៉ុកលឿង បានចែករំលែកថា នៅឆ្នាំ២០០៩ លោកបានចាប់ផ្តើមផ្ទេរបច្ចេកទេសដល់មន្ទីរពេទ្យមួយនៅបរទេស និងទទួលបណ្តុះបណ្តាលផ្ទេរបច្ចេកទេសវះកាត់នេះ។ រហូតមកដល់ពេលនេះ មានសាស្ត្រាចារ្យ និងវេជ្ជបណ្ឌិតជាង ៣០០នាក់នៅក្នុងតំបន់ និងលើពិភពលោក បានមកកាន់មន្ទីរពេទ្យ Endocrine មជ្ឈិមដើម្បីសិក្សាបច្ចេកទេសវះកាត់នេះ។ បច្ចុប្បន្ន បច្ចេកទេសវះកាត់នេះ បានផ្ទេរទៅកាន់ប្រទេសជាច្រើនដូចជា៖ អូស្ត្រាលី ព័រទុយហ្គាល់ សិង្ហបុរី ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ហ្វីលីពីន ថៃ ប៉ាគីស្ថាន ឥណ្ឌា តួកគី និងអារ៉ាប៊ីសាអូឌីត។ល។
សាស្ត្រាចារ្យរង បណ្ឌិត លោកត្រឹន ង៉ុកលឿង ពិនិត្យជំងឺជូនអ្នកជំងឺនៅប្រទេសឥណ្ឌា។ រូបថត៖ ឯកសារផ្ទាល់ខ្លួន
ជារៀងរាល់ឆ្នាំ សាស្ត្រាចារ្យរង បណ្ឌិត លោកត្រឹន ង៉ុកលឿង និងសហការីនៅមន្ទីរពេទ្យ Endocrine មជ្ឈិម បានមន្ទីរពេទ្យជាច្រើនក្នុងប្រទេស ក៏ដូចជាលើពិភពលោក អញ្ជើញទៅធ្វើការវះកាត់បង្ហាញ និងបង្រៀនអំពីវិធីសាស្ត្រនេះ។ នេះគឺជាតួលេខដែលបង្ហាញយ៉ាងច្បាស់បំផុតនូវកម្លាំងផ្សព្វផ្សាយ និងការទទួលស្គាល់ទូទាំងសកលលោក ចំពោះបច្ចេកទេសវះកាត់របស់លោក។
សាស្ត្រាចារ្យរង បណ្ឌិតលោក ត្រឹន ង៉ុកលឿង យកចិត្តទុកដាក់យ៉ាងខ្លាំងលើការបណ្តុះបណ្តាលក្រុមអ្នកបន្តវេន។ លោកតែងតែចែករំលែកចំណេះដឹងដ៏មានតម្លៃដល់វេជ្ជបណ្ឌិត និងអ្នកជំនាញទាំងក្នុង
និងក្រៅប្រទេសជាប្រចាំ។ រូបថត៖ ឯកសារផ្ទាល់ខ្លួន
ជាមួយនឹងការរួមចំណែកយ៉ាងឆ្នើមក្នុងវិស័យវេជ្ជសាស្ត្រ សាស្ត្រាចារ្យរង បណ្ឌិត លោកត្រឹន ង៉ុកលឿង បានទទួលនូវរង្វាន់ និងគ្រឿងឥស្សរិយយសខ្ពង់ខ្ពស់ជាច្រើន ពីបក្ស និងរដ្ឋដូចជា៖ វីរៈពលកម្មសម័យកាលផ្លាស់ប្តូរថ្មី(ឆ្នាំ២០២០) គ្រឿងឥស្សរិយយសពលកម្មលេខ ៣(ឆ្នាំ២០១៤) រង្វាន់លេខ ១ - រង្វាន់ទេពកោសល្យដែនដីវៀតណាម (ឆ្នាំ២០១៤) គោរម្យងារគ្រូពេទ្យប្រជាជន (ឆ្នាំ២០១៧)។ល។
សាស្ត្រាចារ្យរង បណ្ឌិត លោកត្រឹន ង៉ុកលឿង មានកិត្តិយសទទួលបានរង្វាន់ Bao Son ឆ្នាំ២០២៤ – ដែលជារង្វាន់លើកតម្កើងរាល់ស្នាដៃវិទ្យាសាស្ត្រ
បច្ចេកវិទ្យា អក្សរសាស្ត្រ និងសិល្បៈ ដែលមានតម្លៃខាងការសិក្សា
មានលក្ខណៈអនុវត្តខ្ពស់ និងរួមចំណែកយ៉ាងជាក់ស្តែង ដល់ការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រទេសជាតិ។
រូបថត៖ ឯកសារផ្ទាល់ខ្លួន
សាស្ត្រាចារ្យរង បណ្ឌិត លោកត្រឹន ង៉ុកលឿង គឺជាជានិមិត្តរូបនៃការច្នៃប្រតិដ្ឋថ្មី ស្មារតីនៃការលះបង់ និងចិត្តសប្បុរស ដែលផ្តល់ការលើកទឹកចិត្តដល់វេជ្ជបណ្ឌិតវៀតណាមជាច្រើនជំនាន់ ឱ្យបន្តសិក្សាស្វែងរកការច្នៃប្រតិដ្ឋ និងបម្រើសហគមន៍៕
អត្ថបទ៖ វីថាវ រូបថត៖ តឹតសឺន/កាសែតរូបភាពវៀតណាម និងឯកសារផ្ទាល់ខ្លួន
ប្រែសម្រួល៖ រីកើង