ព័ត៌មាន

សារព័ត៌មានអន្តរជាតិវាយតម្លៃខ្ពស់ចំពោះសាររបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម នៅក្នុងកិច្ចសន្ទនា Shangri-La

សុន្ទរកថាសំខាន់របស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម នៅក្នុងសម័យ បើកនៃកិច្ចសន្ទនា Shangri-La លើកទី ២៣ នៅប្រទេសសិង្ហបុរីកាលពីយប់ថ្ងៃទី ២៩ ខែឧសភា បានទាក់ទាញការយកចិត្តទុកដាក់យ៉ាងទូលំទូលាយពីប្រព័ន្ធផ្សព្វផ្សាយ និងអ្នកសង្កេតការណ៍អន្តរជាតិ។
ប៉ុស្តិ៍ទូរទស្សន៍ Channel News Asia រាយការណ៍អំពីសុន្ទរកថា របស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម។ រូបថត៖ VGP

ប្រព័ន្ធផ្សព្វផ្សាយចិនជឿជាក់ថា ការដែលលោក​អគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ត្រូវបាន​អញ្ជើញ​ឲ្យថ្លែងសុន្ទរកថាសំខាន់នៅក្នុងកិច្ចសន្ទនា Shangri-La បង្ហាញពីការទទួលស្គាល់របស់សហគមន៍អន្តរជាតិចំពោះតួនាទី និងឋានៈកាន់តែ​កើន​ឡើងរបស់វៀតណាម។ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួររបស់ចិន បានយកចិត្តទុកដាក់ជាពិសេសចំពោះខ្លឹមសារទាក់ទងនឹងតួនាទីមជ្ឈភាពរបស់​អាស៊ាន នៅពេល​ដែលមេដឹកនាំវៀតណាមបានបញ្ជាក់ថា អាស៊ានបន្តដើរតួនាទី "ជារចនាសម្ព័ន្ធសម្រាប់ការសន្ទនា និងតុល្យភាព"។

កាសែត Reuters របស់អង់គ្លេស បានឱ្យ​ដឹងថា នៅក្នុងសុន្ទរកថាសំខាន់នៅកិច្ចសន្ទនា Shangri-La លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម មិនត្រឹមតែបានចង្អុលបង្ហាញពីវិបត្តិធំៗចំនួនបីដែលពិភពលោកកំពុងប្រឈមមុខនោះទេ ប៉ុន្តែថែមទាំងបានផ្ញើសារមួយដែលអំពាវនាវឱ្យពង្រឹងច្បាប់អន្តរជាតិ ជំរុញកម្លាំងចលករ​សម្រាប់កំណើនប្រកបដោយចីរភាព និងការកសាងយន្តការសន្ទនាប្រកប​ដោយ​តម្លាភាព ដើម្បីទប់ស្កាត់ជម្លោះ។ ប៉ុស្តិ៍ទូរទស្សន៍ Channel News Asia របស់សិង្ហបុរីបានបញ្ជាក់ថា សុន្ទរកថាបើករបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម គឺជាចំណុចគួរឱ្យកត់សម្គាល់បំផុតមួយនៅក្នុងកិច្ចសន្ទនា Shangri-La ឆ្នាំនេះ ។ CNA បានបញ្ជាក់ថា សុន្ទរកថាបើករបស់មេដឹកនាំកំពូលវៀតណាមនៅក្នុងវេទិកាការពារជាតិឈានមុខគេរបស់អាស៊ី បាន​បង្ហាញពីតួនាទី និងខានៈកាន់​តែ​កើនឡើងរបស់វៀតណាមនៅក្នុងកិច្ចការតំបន់ និងអន្តរជាតិ។

យោងតាម ​​Bloomberg សុន្ទរកថានេះបានដាក់​ចេញនូវសំណើជាច្រើនដើម្បីកសាងទំនុកចិត្ត និងទប់ស្កាត់ជម្លោះនៅក្នុងតំបន់។ ចំណែកឯប៉ុស្តិ៍ទូរទស្សន៍អាមេរិក CNBC បានផ្តោតលើសារនៃ "ការប្តេជ្ញាចិត្តដោយមានទំនួលខុសត្រូវ" ពីប្រទេសធំៗ ចំពោះតំ​បន់អាស៊ី-ប៉ាស៊ីហ្វិក។ យោងតាម ​​CNBC លោក​អគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានសង្កត់ធ្ងន់ថា ការប្រកួតប្រជែងគឺជៀសមិនរួចទេ ប៉ុន្តែត្រូវតែដាក់​នៅ​ក្នុងក្របខ័ណ្ឌនៃច្បាប់ តម្លាភាព និងការអត់ធ្មត់ដើម្បីធានាសន្តិភាព និងស្ថិរភាពរយៈពេលវែង៕​


top