ព័ត៌មាន

សាកលវិទ្យាល័យសេដ្ឋកិច្ចទីក្រុងហូជីមិញ ត្រូវបញ្ជាក់ពីកិត្យានុភាពនៅក្នុងតំបន់ និងលើឆាកអន្តរជាតិ

នាព្រឹកថ្ងៃទី ២៨ ខែតុលា នៅទីក្រុងហូជីមិញ សាកលវិទ្យាល័យសេដ្ឋកិច្ចទីក្រុងហូជីមិញ (UEH) បានរៀបចំពិធីអបអរសាទរខួបលើកទី ៥០ ទិវាបង្កើត​ (២៧ តុលា ១៩៧៦ – ២៧ តុលា ២០២៦) និងទទួលគ្រឿងឥស្សរិយយសការងារថ្នាក់ទីមួយ។

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម បានប្រគល់គ្រឿងឥស្សរិយយសការងារថ្នាក់ទីមួយដល់សាកលវិទ្យាល័យសេដ្ឋកិច្ចទីក្រុងហូជីមិញ។ រូបថត៖ VNA

ថ្លែងនៅក្នុងពិធីនេះ អគ្គលេខាបក្ស ប្រធាន​រដ្ឋ​វៀតណាម លោក តូ ឡឹម បានសង្កត់ធ្ងន់ថា ជាមួយនឹងមូលដ្ឋានគ្រឹះ និងចំណុចខ្លាំងក្នុងការបណ្តុះបណ្តាល សាលា​គួរតែរួមចំណែកដ៏សក្តិសម​ជាងមុនទៅ​ក្នុងការអភិវឌ្ឍធនធានមនុស្ស ការកែលម្អស្ថាប័ន ការបង្កើនសមត្ថភាពអភិបាលកិច្ច និងការប្រើប្រាស់ធនធានជាតិប្រកបដោយប្រសិទ្ធភាព; ត្រូវខិតខំ​ប្រឹងប្រែង​​ឆ្ពោះ​ទៅរកស្តង់ដារ​ជឿនលឿនក្នុងការបណ្តុះបណ្តាល ការស្រាវជ្រាវ និងការបម្រើសង្គម ដោយបញ្ជាក់ពីកិត្យានុភាពនៅក្នុងតំបន់ និងលើឆាកអន្តរជាតិ។ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានសង្កត់ធ្ងន់ថា ការរីកចម្រើនរបស់​សាលាត្រូវតែរួមចំណែកដល់ការបង្កើនសមត្ថភាពអភិវឌ្ឍន៍របស់ប្រទេសជាតិ និងនាំមកនូវអត្ថប្រយោជន៍ជាក់ស្តែងសម្រាប់ប្រជាជន។

“បន្តច្នៃប្រឌិតកម្មវិធីសិក្សា និងវិធីសាស្រ្តបណ្តុះបណ្តាល ដោយធានាចំណេះដឹងជាមូលដ្ឋាន ការបង្កើនជំនាញអនុវត្ត និងដោះស្រាយបញ្ហា។ អភិវឌ្ឍការបណ្តុះបណ្តាល​អន្តរផ្នែក ដោយរួមបញ្ចូលគ្នានូវសេដ្ឋកិច្ចនិងការគ្រប់គ្រង ជាមួយបច្ចេកវិទ្យា ទិន្នន័យ និងច្បាប់; រួម​បញ្ចូលលទ្ធផលស្រាវជ្រាវ និងបញ្ហាជាក់ស្តែងទៅក្នុងការអប់រំ​។ យក​ចិត្ត​ទូក​ដាក់លើភាសាបរទេស ជំនាញឌីជីថល ការត្រិះរិះស៊ីជម្រៅ និងសមត្ថភាពរៀនសូត្រពេ​ញមួយជីវិត។ ការប្រើប្រាស់បញ្ញាសិប្បនិម្មិតត្រូវតែជួយអ្នករៀនឱ្យយល់កាន់តែស៊ីជម្រៅ ផ្ទៀងផ្ទាត់ព័ត៌មាន និងទទួលខុសត្រូវចំពោះលទ្ធផលសិក្សា។ ការច្នៃប្រឌិត​ក្នុងវិធីសាស្រ្តបង្រៀនត្រូវតែដើរទន្ទឹមគ្នាជាមួយនឹងការច្នៃប្រឌិតក្នុងវិធីសាស្រ្តប្រឡង ការវាយតម្លៃសមត្ថភាពឱ្យបានត្រឹមត្រូវ និងរក្សាសុចរិតភាព​។ យកចិត្តទុកដាក់​លើការស្វែងរក និង​បំប៉ន់ជនមានទេពកោសល្យតាំងពីដំបូង; បង្កើតលក្ខខណ្ឌសម្រាប់និស្សិតឱ្យចូលរួមក្នុងការស្រាវជ្រាវ និងលើកកម្ពស់គុណភាពនៃការបណ្តុះបណ្តាល​ក្រោយឧត្តមសិក្សា។”

នៅក្នុងពិធីនេះ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម បានប្រគល់គ្រឿងឥស្សរិយយសការងារថ្នាក់ទីមួយដល់សាកលវិទ្យាល័យសេដ្ឋកិច្ចទីក្រុងហូជីមិញ​៕​


top