អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម បានអញ្ជើញជួបសំណេះសំណាលជាមួយកម្មាភិបាល បុគ្គលិកនៃស្ថានទូត និងស្ថានកុងស៊ុលវៀតណាម ព្រមទាំងបងប្អូនជនរួមជាតិវៀតណាមជិត ៦០០ នាក់ដែលកំពុងរស់នៅ សិក្សា និងធ្វើការនៅប្រទេសថៃ ក៏ដូចជាតំណាងសហគមន៍ជនវៀតណាមមកពីប្រទេសឡាវ។
អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម និងភរិយា អញ្ជើញជួបសំណេះសំណាលជាមួយតំណាងសហគមន៍ជនវៀតណាមនៅថៃ។ (រូបថត៖ VOV)
នៅរសៀលថ្ងៃទី ២៧ ខែឧសភា (ម៉ោងក្នុងតំបន់) នៅខេត្ត Udon Thani អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម បានអញ្ជើញជួបសំណេះសំណាលជាមួយកម្មាភិបាល បុគ្គលិកនៃស្ថានទូត និងស្ថានកុងស៊ុលវៀតណាម ព្រមទាំងបងប្អូនជនរួមជាតិវៀតណាមជិត ៦០០ នាក់ដែលកំពុងរស់នៅ សិក្សា និងធ្វើការនៅប្រទេសថៃ ក៏ដូចជាតំណាងសហគមន៍ជនវៀតណាមមកពីប្រទេសឡាវ។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ បានជម្រាបជូនអំពីស្ថានភាពនៅវៀតណាម និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-ថៃ ដែលកំពុងមានការអភិវឌ្ឍយ៉ាងល្អប្រសើរ ហើយបញ្ជាក់ថា ក្នុងជំនួបជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ថៃក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចលើកនេះ ការស្នើឱ្យប្រទេសថៃបន្តបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគមន៍ជនវៀតណាម គឺជាខ្លឹមសារសំខាន់មួយ។
ដោយកោតសរសើរចំពោះស្មារតីសាមគ្គីភាព និងកិច្ចខិតខំប្រឹងប្រែងរបស់បងប្អូនជនរួមជាតិ ក្នុងការអភិវឌ្ឍសហគមន៍នៅប្រទេសថៃ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានសម្ដែងគោលបំណងថា៖
“ខ្ញុំមានជំនឿជាក់ពិសេសលើជំនាន់យុវជនវៀតណាមនៅប្រទេសថៃ។ ក្មួយៗមានប្រៀបខ្លាំងដោយបានធំឡើង នៅក្នុងបរិយាកាសសមាហរណកម្ម មានការយល់ដឹងអំពីវប្បធម៌ថៃ ព្រមទាំងរក្សាបាននូវឫសគល់វៀតណាមរបស់ខ្លួនផងដែរ។ សូមឲ្យក្មួយៗក្លាយជាស្ពានដ៏ស្វាហាប់ ដែលរួមចំណែកដល់ការលើកកម្ពស់ទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ បក្ស និងរដ្ឋជានិច្ចកាលយកចិត្តទុកដាក់ ជួយឧបត្ថម្ភបងប្អូនជនរួមជាតិឱ្យមានឋានៈគតិយុត្តិដ៏រឹងមាំ មានលំនឹងជីវភាព ធ្វើសមាហរណកម្មបានល្អទៅក្នុងសង្គមនៃប្រទេសសាម៉ី ព្រមទាំងពង្រីកអត្តសញ្ញាណវប្បធម៌ និងឆ្ពោះទៅរកមាតុភូមិផងដែរ”៕