នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង ធ្វើការជាមួយធនាគាររដ្ឋវៀតណាម និងប្រព័ន្ធអង្គការឥណទាន នាថ្ងៃទី១៣ ខែសីហា។ រូបថត៖ VNA
ការតាំងចិត្តរបស់រដ្ឋាភិបាលនិងធនាគាររដ្ឋវៀតណាម ក្នុងការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ការគ្រប់គ្រងអតិផរណា និងការជៀសវាងបង្កសម្ពាធលើប្រព័ន្ធធនាគារ ក៏ដូចជាការសម្របសម្រួលប្រកបដោយភាពសុខដុមរមនារវាងគោលនយោបាយសារពើពន្ធនិងរូបិយវត្ថុ បានបង្ហាញពីវិធីអភិក្រមដ៏សមស្របចំពោះបញ្ហានេះ។
នៅក្នុងកិច្ចប្រជុំធ្វើការជាមួយធនាគាររដ្ឋវៀតណាម និងប្រព័ន្ធអង្គការឥណទាន នាថ្ងៃទី១៣ ខែសីហា កន្លងទៅ នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង បានតម្រូវឲ្យមានការសម្របសម្រួលគោលនយោបាយសារពើពន្ធ ជាមួយនឹងការគ្រប់គ្រងគោលនយោបាយរូបិយវត្ថុប្រកបដោយភាពបត់បែន។
ទិដ្ឋភាពនៃជំនួបនេះ។ រូបថត៖ VNA
ដោយអនុវត្តន៍តាមការដឹកនាំរបស់នាយករដ្ឋមន្ត្រី ធនាគាររដ្ឋវៀតណាមក៏បានកំណត់ទិសដៅដើម្បីគ្រប់គ្រង និងនាំលំហូរឥណទាន ឆ្ពោះទគរកកម្លាំងចលករសម្រាប់កំណើន ដើម្បីរួមចំណែកជំរុញកំណើនខ្ពស់ក្នុងរយៈពេលខាងមុខ។ លោក ផាម ក្វាងយុង ទេសាភិបាលរងធនាគាររដ្ឋវៀតណាម បានឲ្យដឹងថា៖
“បន្ទាប់ពីកិច្ចប្រជុំជាមួយនាយករដ្ឋមន្ត្រី ផ្នែកធនាគារបានអនុវត្តន៍ដំណោះស្រាយចាំបាច់យ៉ាងម៉ឺងម៉ាត់។ អង្គការឥណទាន និងធនាគារពាណិជ្ជកម្មជាច្រើនបានដាក់ឲ្យដំណើរការកញ្ចប់អត្រាការប្រាក់ និងប្រាក់កម្ចីថ្មី ជាមួយនឹងការបញ្ចុះអត្រាការប្រាក់យ៉ាងខ្លាំង ដោយផ្តោតលើវិស័យអាទិភាព និងកម្លាំងចលករនានានៃសេដ្ឋកិច្ច។ ធនាគាររដ្ឋ នឹងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយគោលនយោបាយសារពើពន្ធ ជាមួយក្រសួងហិរញ្ញវត្ថុ ជាពិសេសយើងនឹងបង្កើនការផ្គត់ផ្គង់សាច់ប្រាក់ដល់ប្រព័ន្ធអង្គការឥណទានតាមរយៈឧបករណ៍ និងកាលកំណត់ចម្រុះ ដើម្បីជួយធនាគារពាណិជ្ជកម្មឱ្យទទួលបានដើមទុនក្នុងតម្លៃទាប ពីនោះកាត់បន្ថយអត្រាការប្រាក់កម្ចីរបស់ធនាគារ សំដៅតំរង់ទិសធនធានឥណទានឲ្យផ្ដោតលើវិស័យអាទិភាព និងកម្លាំងចលករសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចក្នុងរយៈពេលខាងមុខ រួមចំណែកដល់ការសម្រេចបាននូវអត្រាកំណើនពីរខ្ទង់”។
ក្នុងនាមជាស្ថាប័នគ្រប់គ្រងក្នុងវិស័យរូបិយវត្ថុ និងធនាគារ ក្នុងអំឡុងពេលប្រាំពីរខែដើមឆ្នាំ ២០២៦ ធនាគាររដ្ឋវៀតណាមបានគ្រប់គ្រងគោលនយោបាយរូបិយវត្ថុប្រកបដោយភាពម្ចាស់ការ និងបត់បែន ដោយសមស្របនឹងការវិវឌ្ឍនៃទីផ្សារក្នុងស្រុក និងអន្តរជាតិ។ តាមនោះ រួមចំណែកយ៉ាងសំខាន់ដល់ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ការគ្រប់គ្រងអតិផរណា និងការគាំទ្រកំណើនសេដ្ឋកិច្ច៕