រងផលប៉ះពាល់ពីបម្រែបម្រួលអាកាសធាតុ ជំនោរឡើងខ្ពស់ និងអាកាសធាតុអាក្រក់ ដូចជា ព្យុះ ទឹកជំនន់ និងមូលហេតុមួយចំនួនទៀត...
រងផលប៉ះពាល់ពីបម្រែបម្រួលអាកាសធាតុ ជំនោរឡើងខ្ពស់ និងអាកាសធាតុអាក្រក់ ដូចជា ព្យុះ ទឹកជំនន់ និងមូលហេតុមួយចំនួនទៀត ស្ថានភាពបាក់ស្រុតឆ្នេរសមុទ្ររបស់វៀតណាមកាន់តែកើតឡើងយ៉ាងធ្ងន់ធ្ងរ នៅភាគកណ្តាល និងភាគខាងត្បូង ដែលប៉ះពាល់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅតំបន់ឆ្នេរសមុទ្រ ដែលគំរាមកំហែងដោយផ្ទាល់ដល់ជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋរាប់ពាន់គ្រួសារ។
ជាមួយនឹងឆ្នេរសមុទ្រវែងជាង ៣.២៦០km លាតសន្ធឹងពីស្រុក ម៉ុងកាយ (Mong Cai) (ខេត្ត ក្វាងនីញ (Quang Ninh) ដល់ទីក្រុង ហាទៀន ( Ha Tien) (ខេត្ត គៀនយ៉ាង (Kien Giang)) វៀតណាមជាប់ចំណាត់ថ្នាក់ទី ២៧ ក្នុងចំណោម ១៥៧ ប្រទេសលើពិភពលោកមានឆ្នេរសមុទ្រ កោះ និងដែនដីនៅ។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការហូរច្រោះ និងបាក់ស្រុតឆ្នេរសមុទ្របានកើតឡើងយ៉ាងលឿន បង្កហានិភ័យ និងគ្រោះថ្នាក់ជាច្រើន។ មូលហេតុត្រូវបានកំណត់ថា បណ្ដាខេត្តនៅភាគកណ្តាលមានសណ្ឋានដីតូចចង្អៀត ប្រព័ន្ធព្រែក ទន្លេខ្លី និងចោត ហើយងាយស្រួលផ្លាស់ប្តូរចរន្តទឹក។ ក្រៅពីសណ្ឋានដី ជំនោរឡើងខ្ពស់ រួមផ្សំនឹងឥទ្ធិពលនៃអាកាសធាតុអាក្រក់ ដូចជា ទឹកជំនន់ ខ្យល់ព្យុះ ខ្យល់មូសុង បង្កអតុល្យភាពឆ្នេរសមុទ្រ គឺជាមូលហេតុចម្បងនៃកម្ពស់ទឹក បណ្តាលឱ្យមានការហូរច្រោះស្រុត និងទឹកជំនន់អូសបន្លាយក្នុងរយៈពេលច្រើនថ្ងៃ។
ជាមធ្យម ជារៀងរាល់ឆ្នាំ ខេត្ត កាម៉ៅ (Ca Mau) បាត់បង់ដី និងព្រៃការពារឆ្នេរសមុទ្រពី ៣០០ ទៅ ៤០០ ហិកតា ដោយសារការបាក់ស្រុតដី។ ទីក្រុង ហូយអាន (Hoi An) ដែលជាទីក្រុងទេសចរណ៍ដ៏ល្បីល្បាញមួយ ក៏កំពុងប្រឈមមុខនឹងបញ្ហាធ្ងន់ធ្ងរផងដែរ ដោយសារការហូរច្រោះ និងបាក់ស្រុតឆ្នេរសមុទ្រ គំរាមកំហែងដល់អាយុជីវិតប្រជាជននៅទីនោះ និងអនាគតនៃវិស័យទេសចរណ៍ក្នុងស្រុក។ ត្រឹមតែរយៈពេល ៧ ឆ្នាំប៉ុណ្ណោះ ចាប់ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០២០ ឆ្នេរសមុទ្រ ហូយអាន (Hoi An) មានប្រវែងជាង ៧km ត្រូវបាក់ស្រុតយ៉ាងធ្ងន់ធ្ងរ។
សាងសង់ទំនប់ទប់ស្កាត់រលកសមុទ្រ និងការពារទីប្រជុំជនស្ថិតក្នុងតំបន់ផ្លូវ នីញជឹ ១ (Ninh Chu 1) (ទីរួមខេត្ត ខាញហាយ (Khanh Hai) ស្រុក នីញហាយ (Ninh Hai)) ។ រូបថត៖ TTXVN
ការកសាងទំបន់ទប់ស្កាត់រលកសមុទ្រ នៅទីរួមស្រុក វិញចូវ (Vinh Chau) ខេត្ត សុកត្រាំង (Soc Trang) ។ រូបថត៖ TTXVN
ប្រឈមមុខនឹងស្ថានភាពខាងលើ រដ្ឋាភិបាលបានចេញសេចក្តីសម្រេចលេខ ១៦៦២/QD-TTg អនុម័តលើគម្រោង “ការពារ និងអភិវឌ្ឍព្រៃឈើនៅតំបន់ឆ្នេរ ដើម្បីឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ និងជំរុញកំណើនបៃតងក្នុងកំឡុងឆ្នាំ២០២១-២០៣០” លើកឡើងដំណោះស្រាយសំខាន់ៗ រួមមាន៖ ការគ្រប់គ្រង ការពារ និងប្រើប្រាស់ដោយនិរន្តរភាពនូវព្រៃឈើមានស្រាប់ តាមតំបន់សមុទ្រ និងព្រៃថ្មី ក្នុងដំណាក់កាល ២០២១ - ២០៣០;
លើកកម្ពស់តួនាទី និងមុខងាររបស់ព្រៃឈើតាមឆ្នេរសមុទ្រក្នុងខេត្តប្រកបដោយប្រសិទ្ធភាព ការពារបរិស្ថាន និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធឆ្នេរសមុទ្រ ដើម្បីប្រយុទ្ធប្រឆាំងនឹងវាលខ្សាច់ និងសំណឹករិចរិលដី។ អភិរក្សជីវចម្រុះ កាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់; បង្កើតការងារ និងប្រាក់ចំណូលជូនប្រជាជននៅតំបន់ឆ្នេរ រួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច- សង្គម ការពារបរិស្ថាន និងពង្រឹងការការពារប្រទេសជាតិ និងសន្តិសុខ កាត់បន្ថយគ្រោះមហន្តរាយធម្មជាតិ និងឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះបម្រែបម្រួលអាកាសធាតុ និងការកើនឡើងកម្ពស់ទឹកសមុទ្រ។
ប្រព័ន្ធទំនប់ឆ្នេរសមុទ្រក្នុងសង្កាត់ ដុងហាយ (Dong Hai) (ទីក្រុង ផានរាង (Phan Rang) - ថាបចាម (Thap Cham) ទប់ស្កាត់រលកសមុទ្រ បង្កើតច្រករបៀងសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច។ រូបថត៖ TTXVN
ជាក់ស្តែង ដាំព្រៃឈើថ្មីទំហំ ២០០០០ហិចតា រួមទាំងព្រៃឈើការពារ ទប់ស្កាត់រលកសមុទ្រ និងព្រៃឈើលិចទឹកសមុទ្រ មានទំហំ ៩៨០០ហិកតា ព្រៃឈើរាំងខ្យល់ និងខ្សាច់ (នៅលើដី និងឆ្នេរខ្សាច់) មានទំហំ ១០២០០ហិចតា។ លើសពីនេះ ការដាំបន្ថែមដើម្បីស្ដារព្រៃឈើឡើងវិញ និងបង្កើនទំហំព្រៃឈើមានចំនួន ១៥.០០០ហិកតា។
នាពេលថ្មីៗនេះ បណ្ដាខេត្តក្រុង ដែលរងផលប៉ះពាល់ដោយការហូរច្រោះ និងបាក់ស្រុតតាមឆ្នេរសមុទ្រ ដូចជា ខេត្ត បេនត្រែ (Ben Tre) ខេត្ត បាកលីវ (Bac Lieu) ខេត្ត ត្រាវិញ (Tra Vinh) ខេត្ត ក្វាងណាម ( Quang Nam)... បានវិនិយោគរាប់ពាន់លានដុង ដើម្បីសាងសង់ទំនប់ឆ្នេរសមុទ្រសំខាន់ៗ និងសាងសង់ទំនប់ទឹកការពារទីតាំងសំខាន់ៗ។ ក្រៅពីនេះក៏មានដំណោះស្រាយសាងសង់ទំនប់ដោយប្រើសម្ភារៈមិនប៉ះពាល់ដល់បរិស្ថានដូចជាបច្ចេកវិទ្យា Geotube... ដែលមានប្រសិទ្ធភាពផងដែរ។
ទំនប់ទប់ស្កាត់រលកសមុទ្រ ដីដុះ និងបង្កើតព្រៃឈើការពារ នៅតំបន់ទំនប់ទឹកសមុទ្រក្នុងភូមិសាស្ត្រស្រុក ហនដីត (Hon Dat) ខេត្ត គៀនយ៉ាង (Kien Giang) ។ រូបថត៖ TTXVN
សម្រាប់ឆ្នេរសមុទ្រ ហូយអាន (Hoi An) សាស្ត្រាចារ្យរង បណ្ឌិត លោក ម៉ាយវ៉ាន់កុង (Mai Van Cong) (មជ្ឈមណ្ឌលទឹក និងបរិស្ថានវៀតណាម - ហូឡង់) បានចែករំលែកថា ដំណោះស្រាយរចនាបានលើកឡើង ដើម្បីអនុវត្តគម្រោងប្រឆាំងនឹងការហូរច្រោះ និងបាក់ស្រុតឆ្នេរសមុទ្រ ហូយអាន (Hoi An) ជាបន្ទាន់ គឺប្រើប្រាស់ទំនប់ក្រោមដីដែលមានកំពូលនៃទំនប់ទាប ដើម្បីទប់ស្កាត់រលកសមុទ្រពីចម្ងាយ រួមផ្សំជាមួយការពង្រីកឆ្នេរសមុទ្រ។ ដំណោះស្រាយនេះអនុវត្តបច្ចេកវិទ្យាជឿនលឿនរបស់ហូឡង់ ដើម្បីការពារឆ្នេរសមុទ្រជាមួយនឹងការកែសម្រួលសមស្របទៅនឹងលក្ខខណ្ឌធម្មជាតិនៅក្នុងតំបន់ដែលកសាងគម្រោង។
នាពេលខាងមុខ បណ្ដាខេត្តក្រុង ដែលរងផលប៉ះពាល់ដោយហូរច្រោះ និងបាក់ស្រុតឆ្នេរសមុទ្រសមុទ្រ ត្រូវពង្រីកដំណោះស្រាយដ៏ប្រសើរ និងសមស្រប ដើម្បីការពារឆ្នេរសមុទ្រទាំងមូល ហើយឆ្នេរសមុទ្រនឹងបានស្តារឡើងវិញជាបណ្តើរៗ។ ជាងនេះទៅទៀត ដំណោះស្រាយទាំងនេះនឹងធានាបានទាំងសុវត្ថិភាព និងសុខមាលភាពសង្គមសម្រាប់ប្រជាជនក្នុងតំបន់ ទន្ទឹមនឹងការរួមចំណែកក្នុងការស្តារមុខមាត់ឆ្នេរសមុទ្រឡើងវិញ និងលើកកម្ពស់ការអភិវឌ្ឍទេសចរណ៍ និងសេដ្ឋកិច្ចសមុទ្រ។/.
អត្ថបទ៖ កាសែតរូបភាពវៀតណាម រូបថត៖ VNA
ប្រែសម្រួលដោយង្វៀនយ៉ាង