ព័ត៌មាន

សន្និសីទការទូតលើកទី៣៣៖ សម័យប្រជុំពេញអង្គស្តីពីកិច្ច​ការបរទេសរបស់​បក្ស និងកិច្ច​ការបរទេសប្រជាជន

ក្នុងក្របខ័ណ្ឌនៃសន្និសីទការទូតលើកទី៣៣ នៅព្រឹកថ្ងៃទី៥ ខែសីហា នៅទីក្រុងហាណូយ សមាជិកអចិន្ត្រៃយ៍នៃគណៈលេខា លោក ត្រិន កឹម​ទូ បានអញ្ជើញ​ចូលរួមនិងថ្លែងសុន្ទរកថាដឹកនាំនៅក្នុងសម័យប្រជុំពេញអង្គស្តីពី​​កិច្ច​ការបរទេសរបស់​បក្ស និងកិច្ច​ការបរទេស​ប្រជាជន។ សម័យប្រជុំនេះត្រូវបានភ្ជាប់តាមអ៊ីនធឺណិតទៅកាន់ខេត្ត និងទីក្រុងចំនួន៣៤ និងការិយាល័យតំណាងវៀតណាមនៅឯ​បរទេស។

លោក ត្រិន កឹមទូ សមាជិកអចិន្ត្រៃយ៍នៃគណៈលេខា  ថ្លែងសុន្ទរកថា ក្នុងសម័យប្រជុំពេញអង្គស្តីពីកិច្ចការបរទេសរបស់បក្ស និងកិច្ចការបរទេសប្រជាជន សម័យប្រជុំពេញអង្គស្តីពីកិច្ចការបរទេសរបស់បក្ស និងកិច្ចការបរទេសប្រជាជន។ រូបថត៖ Phuong Hoa/VNA

ថ្លែងនៅក្នុងសម័យប្រជុំ លោក ត្រិន កឹមទូ សមាជិកអចិន្ត្រៃយ៍នៃគណៈលេខា បានស្នើឱ្យវិស័យការទូត បណ្តា​ក្រសួង ផ្នែក មូលដ្ឋាន អង្គការនយោបាយសង្គម អង្គការមហាជន និងសមាគមដែលត្រូវ​បានប្រគល់ភារកិច្ចដោយបក្ស និងរដ្ឋ ឱ្យ​បន្តលើកកម្ពស់ការយល់ដឹងអំពីតួនាទីនៃកិច្ច​ការបរទេសរបស់​បក្សនិងកិច្ច​ការបរទេសប្រជាជន ក៏ដូចជា​សារៈសំខាន់នៃការសម្របសម្រួល និងអនុវត្ត​ប្រកប​ដោយ​សមកាលកម្ម​នូវ​សសរស្តម្ភទាំងបីនៃកិច្ច​ការបរទេស៖ កិច្ច​ការបរទេសរបស់​បក្ស ​ការទូត​ របស់រដ្ឋ និងកិច្ច​ការបរទេសប្រជាជន។

«​ផ្តោតលើការពង្រឹង និងធ្វើ​ឱ្យ​ស៊ីជម្រៅថែមទៀត​នូវទំនាក់ទំនងជាមួយគណបក្ស​នយោបាយ ជាពិសេសគណបក្សកាន់អំណាចនៅក្នុងប្រទេសជិតខាង គណបក្ស​ដែលមានតួនាទីនិងមុខតំណែងដ៏​សំខាន់នៅក្នុងប្រទេសធំៗ និងប្រទេសដែលវៀតណាមបានបង្កើតក្របខ័ណ្ឌទំនាក់ទំនង ពង្រីកបរិយាកាសទំនាក់ទំនងរវាងគណបក្ស បង្កើតការឯកភាពខាងនយោបាយនៅក្នុងឆាក់នយោបាយនៃប្រទេសដែលមានទំនាក់ទំនងជាមួយវៀតណាម។ បន្តការ​ផ្តោត​យក​ចិត្ត​ទុក​ដាក់លើការច្នៃប្រឌិត និងការអនុវត្តប្រកបដោយភាពបត់បែននិងមានប្រសិទ្ធភាពនូវ​​យន្តការសហប្រតិបត្តិការតាមរយៈកាណាលបក្ស»​។

សមាជិកអចិន្ត្រៃយ៍នៃគណៈ​លេខា បានសង្កត់ធ្ងន់លើតម្រូវការក្នុងការបង្កើនប្រសិទ្ធភាពនៃកិច្ច​ការបរទេសប្រជាជន ដោយផ្លាស់ប្តូរផ្នត់គំនិតពីការផ្លាស់ប្តូរមិត្តភាព ទៅជាការត​ភ្ជាប់ផលប្រយោជន៍ និងបង្កើតបរិយាកាសសហប្រតិបត្តិការប្រកបដោយចីរភាព​; ពង្រីកកម្លាំង​នៃប្រព័ន្ធនយោបាយទាំងមូល ប្រជាជនទាំងមូល និងអង្គការនានា ដើម្បីអនុវត្តសកម្មភាពកិច្ច​ការបរទេសប្រជាជន ប្រកបដោយប្រសិទ្ធភាព។ ចូលរួមចំណែកយ៉ាងសកម្ម និងកាន់តែស៊ីជម្រៅ​នៅក្នុងបណ្តាញ វេទិកា និងយន្តការប្រជាជន ​នៅ​ក្នុងតំបន់ និងអន្តរជាតិ៕


top