ព័ត៌មាន

សន្និសីទការទូតលើកទី៣៣៖ លើក​កម្ពស់គុណភាពនិងប្រសិទ្ធភាពប្រតិបត្តិការ​នៃស្ថាប័ន​​តំណាងនៅឯ​បរទេស​

ក្នុងក្របខ័ណ្ឌនៃសន្និសីទការទូតលើកទី៣៣ កាលពីរសៀលថ្ងៃទី៤ ខែសីហា នៅទីក្រុងហាណូយ ក្រសួងការបរទេសវៀតណាម​បានរៀបចំ​សម័យ​ប្រជុំស្តីពីស្ថាប័នតំណាង ដោយមានប្រធានបទ "ពង្រឹងការដឹកនាំ ការគ្រប់គ្រង លើកក​កម្ពស់គុណភាពនិងប្រសិទ្ធភាពនៃស្ថាប័នតំណាង​របស់​វៀតណាមនៅឯ​បរទេស"។

រដ្ឋមន្ត្រីក្រសួងការបរទេស លោក ឡេ ហយ ទ្រុង ។ រូបថត៖ VNA

នៅក្នុងសម័យប្រជុំនេះ បណ្តា​ឯកអគ្គរដ្ឋទូត និងប្រធានស្ថាប័នរបស់​វៀតណាម​នៅបរទេសបានស្នើឱ្យមានការផ្លាស់ប្តូរយ៉ាងខ្លាំងពីការឆ្លុះបញ្ចាំងអំពីស្ថានភាពទៅជាការព្យាករណ៍ ធ្វើសេនាធិការ និងកសាងគោលនយោបាយ ខណៈពេលដែលពង្រឹងការស្រាវជ្រាវអន្តរវិស័យ និងត​ភ្ជាប់យ៉ាងជិតស្និទ្ធជាមួយភ្នាក់ងារក្នុងស្រុក សហគ្រាស វិទ្យាស្ថានស្រាវជ្រាវ សាកលវិទ្យាល័យ អ្នកជំនាញ និងសហគមន៍ជន​វៀតណាមនៅបរទេស។

ថ្លែងនៅក្នុង​សម័យប្រជុំ រដ្ឋមន្ត្រីក្រសួងការបរទេស លោក ឡេ ហយ ទ្រុង បានស្នើឱ្យស្ថាប័ននីមួយៗ ពង្រីកតួនាទីផ្តល់​សេនាធិការ ច្នៃប្រឌិត និងតភ្ជាប់ ដោយម្ចាស់ការ​កំណត់និន្នាការ ព្យាករណ៍ និងដាក់ស្នើគោលនយោបាយ​តាំងពីដំបុង និងពីចម្ងាយ; កៀរគរធនធានពីខាងក្រៅ ដើម្បីបម្រើការអភិវឌ្ឍរបស់​ប្រទេសជាតិ និងការពារផលប្រយោជន៍ជាតិ-ប្រជាជន។ នាពេលខាងមុខ ការទូតសេដ្ឋកិច្ច​បន្ត​ត្រូវបានកំណត់ជាភារកិច្ចស្នូល ដែលផ្សារភ្ជាប់ជាមួយនឹងគោលដៅកំណើនពីរខ្ទង់; ទន្ទឹមនឹងនោះ ជំរុញការទូតវិទ្យាសាស្ត្រ-បច្ចេកវិទ្យា នវានុវត្តន៍ បរិវត្តកម្មឌីជីថល ការទូតពហុភាគី ការទូតវប្បធម៌ ការងារកុងស៊ុល ការការពារពលរដ្ឋ និងការងារចំពោះប្រជាជនវៀតណាមនៅឯ​បរទេស៕


top