ព័ត៌មាន

សកម្មភាពរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅចិន

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម និងភរិយា បានជួបសំណេះសំណាលជាមួយសាច់ញាតិរបស់បណ្ដាឧត្តមសេនីយ៍ អ្នកជំនាញ និងបញ្ញាវ័ន្តមិត្តភាពវៀតណាម-ចិន និងបានចូលរួមកម្មវិធីសិល្បៈមិត្តភាពវៀតណាម-ចិន។

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម និងភរិយា បានជួបសំណេះសំណាលជាមួយសាច់ញាតិរបស់បណ្ដាឧត្តមសេនីយ៍ អ្នកជំនាញ និងបញ្ញាវ័ន្តមិត្តភាពវៀតណាម-ចិន។ (រូបថត៖ VNA)

បន្តសកម្មភាពក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសចិន កាលពីល្ងាចនិងយប់ថ្ងៃទី១៥ ខែមេសា (ម៉ោងក្នុងតំបន់) នៅទីក្រុងប៉េកាំង អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម និងភរិយា បានជួបសំណេះសំណាលជាមួយសាច់ញាតិរបស់បណ្ដាឧត្តមសេនីយ៍ អ្នកជំនាញ និងបញ្ញាវ័ន្តមិត្តភាពវៀតណាម-ចិន និងបានចូលរួមកម្មវិធីសិល្បៈមិត្តភាពវៀតណាម-ចិន។

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម និងភរិយា បានចូលរួមកម្មវិធីសិល្បៈមិត្តភាពវៀតណាម-ចិន។ (រូបថត៖ VNA)

នៅក្នុងជំនួបជាមួយឧត្តមសេនីយ៍ អ្នកជំនាញ និងបញ្ញាវ័ន្តមិត្តភាពវៀតណាម-ចិន អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម មានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការវៀតណាម-ចិន កាន់តែជាក់ស្ដែង និងមានប្រសិទ្ធភាពក្នុងវិស័យជាច្រើន។ បច្ចុប្បន្ន ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មធំជាងគេរបស់វៀតណាម ខណៈដែលវៀតណាមគឺជាដៃគូពាណិជ្ជកម្មធំជាងគេទី៤របស់ចិននៅទូទាំងពិភពលោក។ កិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិ សន្តិសុខ ការវិនិយោគ ការតភ្ជាប់គមនាគមន៍ ការជួបប្រាស្រ័យប្រជាជន និងកិច្ចសហប្រតិបត្តិការមូលដ្ឋាន សុទ្ធតែទទួលបានលទ្ធផលវិជ្ជមាន ដែលនាំទំនាក់ទំនងរវាងបក្សទាំងពីរ និងប្រទេសទាំងពីរឲ្យរីកចម្រើនដល់កម្រិតស៊ីជម្រៅ និងទូលំទូលាយបំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍។

នៅថ្ងៃដដែល នៅទីក្រុងប៉េកាំង លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានទៅទស្សនាសារមន្ទីរប្រវត្តិសាស្ត្របក្សកុម្មុយនិស្តចិន។

បន្ទាប់ពីបានទស្សនាតំបន់តាំងពិព័រណ៍ លោកអគ្គលេខាបក្ស ប្រធានរដ្ឋបានឲ្យដឹងថា វៀតណាមកំពុងសាងសង់សារមន្ទីរបក្សកុម្មុយនិស្តវៀតណាមនៅទីក្រុងហាណូយ ដោយមានអត្ថន័យដ៏សំខាន់ពិសេសក្នុងការអភិរក្សឯកសារប្រវត្តិសាស្ត្រ អប់រំអំពីប្រពៃណី និងណែនាំតួនាទីរបស់បក្សកុម្មុយនិស្តវៀតណាមដល់មិត្តភក្តិអន្តរជាតិ។ គម្រោងនេះគ្រោងនឹងបានសម្រេចនិងដាក់ឱ្យដំណើរការនៅឆ្នាំ ២០៣០ ស្របពេលនឹងការរំលឹកខួបលើកទី ១០០ ទិវាបង្កើតបក្សកុម្មុយនិស្តវៀតណាម។

កម្មវិធីសិល្បៈមិត្តភាពវៀតណាម-ចិន។ (រូបថត៖ VNA)

នៅយប់ថ្ងៃដដែល នៅទីក្រុងប៉េកាំង ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម សហការជាមួយក្រសួងវប្បធម៌ និងទេសចរណ៍ចិន និងភ្នាក់ងារផ្សេងទៀតនៃប្រទេសទាំងពីរ បានរៀបចំកម្មវិធីសិល្បៈមិត្តភាពវៀតណាម-ចិន ដើម្បីស្វាគមន៍ដំណើរទស្សនកិច្ច និងឆ្នាំសហប្រតិបត្តិការទេសចរណ៍វៀតណាម-ចិន ឆ្នាំ ២០២៦-២០២៧។ នេះមិនត្រឹមតែជាចំណុចលេចធ្លោផ្នែកវប្បធម៌នៃដំណើរទស្សនកិច្ចលើកនេះប៉ុណ្ណោះទេ ថែមទាំងក៏ជាស្ពានដ៏សំខាន់មួយដែលរួមចំណែកដល់ការបង្កើនការយល់ដឹង ពង្រឹងទំនុកចិត្តផ្នែកនយោបាយ រឹតបន្តឹងចំណងសាមគ្គីភាពរវាងប្រទេសទាំងពីរ បន្តពូនជ្រុំនិងពង្រីកទំនាក់ទំនង «ជាសមមិត្តផង ជាបងប្អូនផង» ឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ ជាក់ស្តែង និងប្រកបដោយចីរភាពនៅក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី៕


top