ព័ត៌មាន

វេណេស៊ុយអេឡាប្រកាសកាន់ទុក្ខជាតិរយៈពេល ៧ ថ្ងៃដើម្បី​រំលឹកវិញ្ញាណក្ខណ្ឌជនរងគ្រោះដោយ​សារគ្រោះរញ្ជួយដី

កាលពីថ្ងៃទី ១ ខែកក្កដា ប្រធានាធិបតីស្តីទីរបស់ប្រទេសវេណេស៊ុយអេឡា លោកស្រី Delcy Rodriguez បានប្រកាសកាន់ទុក្ខជាតិរយៈពេល ៧ ថ្ងៃ ដើម្បីរំលឹកវិញ្ញាណក្ខណ្ឌជនរងគ្រោះនៃ​គ្រោះរញ្ជួយដីធំៗចំនួន​ពីរលើក នៅ​ក្នុង​ប្រទេសនេះកាលពីសប្តាហ៍មុន ដែលបណ្តាល​ឱ្យ​មនុស្សជិត ២៣០០ នាក់បាន​ស្លាប់ និងមនុស្សរាប់ពាន់នាក់ទៀត​នៅតែ​បាត់ខ្លួន។

ការងារស្វែងរក និង​ជួយ​សង្គ្រោះ​ជន​រងគ្រោះ​ដោយសារគ្រោះ​រញ្ជួយដី។ រូបថត៖ VNA

លោកស្រី Rodriguez បានប្រកាសថា ការកាន់ទុក្ខជាតិរយៈពេល ៧ ថ្ងៃនឹងចាប់ផ្តើមនៅម៉ោង ១៨៖០០ ថ្ងៃទី ១ ខែកក្កដា តាម​ម៉ោងនៅក្នុង​តំបន់ ហើយបានផ្ញើសារ​រំលែក​ទុក្ខ និងលើកទឹកចិត្តដល់ជនរងទុក្ខដោយ​គ្រោះ​សោកនាដកម្ម ហើយ​បាន​បញ្ជាក់​សារ​ជាថ្មីអំពីការប្តេជ្ញារួម​ដំណើរ និងការពារពួកគេ។

នៅថ្ងៃដដែលនោះ ប្រធានរដ្ឋសភាវេណេស៊ុយអេឡា លោក Jorge Rodriguez បានប្រកាសថា គិតត្រឹមថ្ងៃទី ១ ខែកក្កដា ការរញ្ជួយដី​ចំនួន​ពីរលើកដែលបានកើតឡើងនៅថ្ងៃទី ២៤ ខែមិថុនា បានបណ្តាល​ឱ្យមនុស្សចំនួន ២.២៩៥ នាក់បាន​ស្លាប់ និងមនុស្ស​ជាង ១១.០០០ នាក់រងរបួស​។

នៅក្នុងការវិវឌ្ឍមួយផ្សេងទៀត បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងស្វែងរកជាច្រើន គណៈប្រតិភូវៀតណាមបានរកឃើញសាកសព​ជន​រងគ្រោះ​ចំនួន ១១ នាក់ពីគំនរបាក់បែក ហើយបានប្រគល់ឱ្យភាគីវេណេស៊ុយអេឡា​វិញ ក្នុងអំឡុងពេលនៃដំណើរការចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះជនរងគ្រោះដោយសារគ្រោះ​​រញ្ជួយដីនៅតំបន់ Playa Grande នៃរដ្ឋ La Guaira ប្រទេសវេណេស៊ុយអេឡា នៅថ្ងៃទី ៣០ ខែមិថុនា តាម​ម៉ោងក្នុងស្រុ​ក (ពោលគឺថ្ងៃទី ១ ខែកក្កដា ម៉ោងនៅទីក្រុងហាណូយ)៕


top