ក្នុងជំនួបសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីនៃសាធារណរដ្ឋអង់ហ្គោឡា លោក João Manuel Gonçalves Lourenço នាយប់ថ្ងៃទី ១៦ ខែមីនា នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានសម្តែងការព្រួយបារម្ភយ៉ាងជ្រាលជ្រៅ ចំពោះការវិវត្តនៃជម្លោះនៅមជ្ឈិមបូព៌ា និងបានស្នើឲ្យអង់ហ្គោឡាជួយឧបត្ថម្ភលើការផ្គត់ផ្គង់ប្រេង ឆៅ និងឧស្ម័នដុតសម្រាប់វៀតណាម។
លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញអញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីនៃសាធារណរដ្ឋ Angola João Manuel Gonçalves Lourenço (រូបថត៖ Lai Hoa/VOV)
លោកក៏បានស្នើឲ្យមានការសម្របសម្រួល ដើម្បីអនុវត្តន៍យ៉ាងឆាប់ៗ នូវអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យប្រេងនិងឧស្ម័នរវាងសាជីវកម្មរុករក និងផលិតប្រេង និងឧស្ម័នជាតិវៀតណាម (PVEP) និងក្រុមហ៊ុនរុករកនិងផលិតប្រេងនិងឧស្ម័នអង់ហ្គោឡា (Sonangol E&P) ក៏ដូចជាសកម្មភាពរុករកប្រេង និងឧស្ម័នរបស់ក្រុមហ៊ុន Xuân Thiện គ្រុប។
ទាក់ទងនឹងទំនាក់ទំនងទ្វេភាគី លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យភាគីទាំងពីរគួរតែបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធដើម្បីអនុវត្តន៍ប្រកបដោយប្រសិទ្ធិ ភាព រាល់ការប្តេជ្ញាចិត្ត និងកិច្ចព្រមព្រៀងលើវិស័យមានប្រៀបខ្លាំង ដោយខិតខំប្រឹងប្រែង នាំទំហំពាណិជ្ជកម្មទ្វេភាគីដល់ ១ ពាន់លានដុល្លារអាមេរិកនាពេលខាងមុខ។ លោកនាយករដ្ឋមន្ត្រីសង្ឃឹមថា អង់ហ្គោឡានឹងគាំទ្រយ៉ាងសកម្មដល់វៀតណាមក្នុងការពង្រឹងទំនាក់ទំនងជាមួយសហភាពអាហ្វ្រិក (AU) ជាពិសេសនៅក្នុងវិស័យអាទិភាពដូចជា ការរក្សាសន្តិភាព កសិកម្ម សុខាភិបាល អប់រំ និងការផ្លាស់ប្តូរឌីជីថល ខណៈពេលដែលបញ្ជាក់ពីការត្រៀមខ្លួនរបស់វៀតណាមក្នុងការគាំទ្រអង់ហ្គោឡា ក្នុងការជំរុញទំនាក់ទំនងជាមួយប្រទេសអាស៊ាន។
រីឯខ្លួនវិញ ប្រធានាធិបតីនៃសាធារណរដ្ឋអង់ហ្គោឡា លោក João Manuel Gonçalves Lourenço បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពដ៏ល្អជាមួយវៀតណាម និងសម្តែងក្តីសង្ឃឹមថា ប្រទេសទាំងពីរនឹងបន្តលើកកម្ពស់ការផ្លាស់ប្តូរគណៈប្រតិភូរវាងរដ្ឋាភិបាល និងអាជីវកម្មរបស់ភាគីទាំងពីរ។ ដោយចែករំលែកទស្សនៈរបស់លោកលើស្ថានភាពជម្លោះបច្ចុប្បន្ននៅមជ្ឈិមបូព៌ា ប្រធានាធិបតីអង់ហ្គោឡាបានថ្លែងថា ប្រទេសដែលរងផលប៉ះពាល់ត្រូវផ្លាស់ប្តូរព័ត៌មាន និងសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយផលប៉ះពាល់អវិជ្ជមានដែលបណ្តាលមកពីជម្លោះ៕