តបតាមសេចក្តីអញ្ជើញរបស់ប្រធានរដ្ឋសភាវៀតណាម លោក Tran Thanh Man ប្រធានសភានូវែលសេឡង់ លោក Gerry Brownlee បានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅ វៀតណាមចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ៣១ ខែសីហា។ ដំណើរទស្សនកិច្ចនេះបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ប្រទេសទាំងពីរក្នុងការនាំទំនាក់ទំនង ភាព ជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយឡើងកំពស់ថ្មីក្នុងយុគ្គសម័យថ្មី។
ភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ
កម្រិតខ្ពស់បំផុតក្នុងទំនាក់ទំនងការបរទេសរបស់វៀតណាម
ត្រូវបានបង្កើតឡើងជាមួយនូវែលសេឡង់ ក្នុងខែកុម្ភៈ ឆ្នាំ២០២៥
មិនត្រឹមតែជាព្រឹត្តិការណ៍សំខាន់ប៉ុណ្ណោះទេ
ថែមទាំងជាការឆ្លុះបញ្ចាំងពីទំនុកចិត្តយុទ្ធសាស្ត្រ
និងការប្តេជ្ញាចិត្តនយោបាយនៃប្រទេសទាំងពីរ ក្នុងយុគសម័យសហប្រតិបត្តិការថ្មីទៀតផង។
របត់សំខាន់ក្នុងកំណាត់ផ្លូវពាក់កណ្តាលសតវត្ស
ក្នុងរយៈពេល
៥០ ឆ្នាំកន្លងមក ចាប់តាំងពីបង្កើតទំនាក់ទំនងការទូត (១៩៧៥-២០២៥)
ទំនាក់ទំនងវៀតណាម-នូវែលសេឡង់ទទួលបានវឌ្ឍនភាពនិងសម្រេចបានសមិទ្ធិផលលេចធ្លោជាច្រើន។
ចាប់តាំងពី "សេចក្តីថ្លែងការណ៍ស្តីពីកិច្ចសហប្រតិបត្តិការ" ក្នុងឆ្នាំ
២០០៥ ទំនាក់ទំនងរវាងប្រទេសទាំងពីរត្រូវបានធ្វើឱ្យប្រសើរឡើង
ទៅជាភាពជាដៃគូគ្រប់ជ្រុងជ្រោយ (២០០៩) ភាពជាដៃគូយុទ្ធសាស្ត្រ (២០២០) និងដល់ខែកុម្ភៈ
ឆ្នាំ ២០២៥ ក្លាយទៅជា ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។
លក្ខណៈស្រដៀងគ្នាអំពីផលប្រយោជន៍
និងការប្តេជ្ញាចិត្តខាងនយោបាយ គឺជាកត្តាស្នូលសម្រាប់ទំនាក់ទំនងវៀតណាម-នូវែលសេឡង់សម្រេចបានលទ្ធផលបែបនេះ។
ទាក់ទងនឹងសេដ្ឋកិច្ច
ទំហំពាណិជ្ជកម្មទ្វេភាគីបានកើនឡើងជាលំដាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ
ដោយឈានដល់ជិត ១,៣ ពាន់លានដុល្លារអាមេតិកក្នុងឆ្នាំ ២០២៤។
វៀតណាមបានក្លាយជាដៃគូពាណិជ្ជកម្មធំជាងគេទី ១២ របស់នូវែលសេឡង់។ ភាគីទាំងពីរកំពុងធ្វើការឆ្ពោះទៅគោលដៅបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឱ្យដល់
៣ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ២០២៦។ ក្រៅពីសេដ្ឋកិច្ច
កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យផ្សេងទៀតដូចជា ការអប់រំ-បណ្តុះបណ្តាល
កសិកម្ម ពលកម្មនិងដឹកជញ្ជូនក៏ទទួលបានលទ្ធផលវិជ្ជមានជាច្រើនផងដែរ។
ជាមួយ
"ផ្លែផ្កាផ្អែម" នៃកិច្ចសហប្រតិបត្តិការទ្វេភាគី
ចំណង់មិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរក៏ស្អិតរមួតពីមួយថ្ងៃទៅមួយថ្ងៃផងដែរ។
សហគមន៍ជនវៀតណាម នៅនូវែលសេឡង់បច្ចុប្បន្នមានប្រមាណ ១៤.០០០ នាក់
គឺជាស្ពានមិត្តភាពដ៏សំខាន់មួយតភ្ជាប់ប្រទេសទាំងពីរ។ បងប្អូនអាណិកជនវៀតណាម
ក្នុងនោះមានបញ្ញវន្ត អ្នកជំនាញ និងអ្នកវិទ្យាសាស្ត្រជាច្រើននាក់
តែងតែងាកមកស្រុកកំណើត
ដោយមានបំណងចង់រួមចំណែកជាក់ស្តែងក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ វៀតណាម
និងនូវែលហ្សេឡង់ក៏បានសម្របសម្រួលយ៉ាងជិតស្និទ្ធ
និងមានប្រសិទ្ធភាពជាមួយគ្នាទៅវិញទៅមកក្នុងយន្តការពហុភាគី
ជាពិសេសអាស៊ាន-នូវែលសេឡង់។
សក្តានុពលកិច្ចសហប្រតិបត្តិការបើកទូលាយ
ដោយឈរលើមូលដ្ឋាននៃទំនុកចិត្តនយោបាយ
និងទំនាក់ទំនងអភិវឌ្ឍន៍វិជ្ជមានក្នុងរយៈពេល ៥០ ឆ្នាំកន្លងមក
សក្ដានុពលនៃកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងនូវែលសេឡង់នៅតែមានជាច្រើន
ដែលជាការវាយតម្លៃរួមរបស់ថ្នាក់ដឹកនាំ អ្នកប្រាជ្ញ និងអ្នកជំនាញនៃប្រទេសទាំងពីរ។
សេដ្ឋកិច្ចត្រូវបានចាត់ទុកថាជាវិស័យសសរស្តម្ភ។ ជាមួយនឹងការរីកចម្រើនយ៉ាងឆាប់រហ័ស
វៀតណាមកំពុងក្លាយជាគោលដៅទាក់ទាញសម្រាប់អាជីវកម្ម និងអ្នកវិនិយោគនូវែលសេឡង់
បើកចេញឱកាសជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលខាងមុខ។
ប្រការនេះត្រូវបាន នាយករដ្ឋមន្ត្រីនូវែលសេឡង់ លោក Christopher Luxon គូសបញ្ជាក់ក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់លោកមកកាន់ប្រទេសវៀតណាមក្នុងខែកុម្ភៈឆ្នាំនេះ៖
“វៀតណាមជាតារាកំពុងរះនៅអាស៊ីអាគ្នេយ៍។ តាមពិតទៅ
វៀតណាមជាខឿនសេដ្ឋកិច្ចដែលរីកលូតលាស់លឿនបំផុតនៅក្នុងតំបន់ក្នុងរយៈពេល ២៥
ឆ្នាំកន្លងមកនេះ ហើយនឹងបន្តដូច្នេះសម្រាប់ទសវត្សរ៍ក្រោយ។
នោះធ្វើឲ្យវៀតណាមក្លាយជាឱកាសកំណើននាំចេញកំពូលសម្រាប់នូវែលសេឡង់។
នៅពេលដែលយើងធ្វើពាណិជ្ជកម្មជាមួយប្រទេសដូចជាវៀតណាម
យើងមិនត្រឹមតែធ្វើឱ្យសេដ្ឋកិច្ចក្នុងស្រុករបស់យើងរីកចម្រើនប៉ុណ្ណោះទេ
ថែមទាំងបង្កើតការងារកាន់តែច្រើន
និងប្រាក់ចំណូលកាន់តែខ្ពស់សម្រាប់ប្រជាជននូវែលសេឡង់ទៀតផង”។
វៀតណាមបច្ចុប្បន្នមានសេដ្ឋកិច្ចឌីជីថលកើនឡើងជិត
២០% ក្នុងមួយឆ្នាំ
ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធឌីជីថលដែលរីកចម្រើនលឿនបំផុតនៅតំបន់អាស៊ីប៉ាស៊ីហ្វិក។
នូវែលសេឡង់មានជំនាញផ្នែកបញ្ញាសិប្បនិម្មិត ការរួមបញ្ចូលឌីជីថល
កសិកម្មបច្ចេកវិទ្យាខ្ពស់ និងថាមពលកកើតឡើងវិញ។
ប្រទេសទាំងពីរជាសមាជិកនៃកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ
និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) និងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់
(RCEP)។ ការបំពេញបន្ថែមនេះបង្កើតឱកាសជាច្រើនដើម្បីពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម
និងវិនិយោគ។ លោកស្រី Liz Bell នាយិការប្រតិបត្តិក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-នូវែលសេឡង់
បានមានប្រសាសន៍ថា៖ “តាមទស្សនៈរបស់ប្រទេសនូវែលសេឡង់
យើងមានវិស័យម្ហូបអាហារ និងភេសជ្ជៈដែលមានការអភិវឌ្ឍន៍យ៉ាងខ្លាំង ដូច្នេះហើយ
ក្រៅពីវិស័យនេះ យើងក៏ចង់ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសេវាកម្មមួយចំនួនផងដែរ
ដូចជាការប្រែប្រួលអាកាសធាតុ ថាមពលកកើតឡើងវិញ ហេដ្ឋារចនាសម្ព័ន្ធ វិទ្យាសាស្ត្រ
ការអភិវឌ្ឍននិងបច្ចេកវិទ្យា ដែលខ្ញុំគិតថា អាចបំពេញបន្ថែមសម្រាប់ វៀតណាម
ហើយយើងនៅតែសម្បូរដោយសក្កានុពលដើម្បីអាចអភិវឌ្ឍន៍បានដែរ”។
ទន្ទឹមនឹងសេដ្ឋកិច្ច
ទំនាក់ទំនងទ្វេភាគីត្រូវបានពង្រឹងដោយតម្លៃរួមក្នុងវិស័យការទូត។
វៀតណាមនិងនូវែលសេឡង់ គឺជាប្រទេសពីរដែលចូលរួមយ៉ាងសកម្មនៅក្នុងស្ថាប័នក្នុងតំបន់
ដោយមានការប្តេជ្ញារួមគ្នាចំពោះច្បាប់អន្តរជាតិ ប្រព័ន្ធពាណិជ្ជកម្មបើកចំហ
នសន្តិភាព និងស្ថិរភាពក្នុងតំបន់។
លក្ខណៈស្រដៀងគ្នានេះបានរួមចំណែកដល់ការកសាងទំនុកចិត្តជាយុទ្ធសាស្ត្រ
ជួយប្រទេសទាំងពីរសម្របសម្រួលប្រកបដោយប្រសិទ្ធភាពនៅវេទិកាពហុភាគីជាច្រើន។
ប្រការដែលសំខាន់បំផុតក្នុងបរិបទបច្ចុប្បន្នគឺភាគីទាំងពីរកំណត់វិស័យដែលមានសក្តានុពលបំផុត
ហើយអនុវត្តតាមរយៈគម្រោងជាក់ស្តែង។
ទាំងអស់នេះនឹងត្រូវបានពិភាក្សាយ៉ាងពិតប្រាកដក្នុងអំឡុងពេលដំណើរទស្សនកិច្ចមកកាន់ប្រទេសវៀតណាមរបស់ប្រធានសភានូវែលសេឡង់
Gerry Brownlee ជាក់ជាពុំខាន។
ភាពជាដៃគូកាន់តែស៊ីជម្រៅ និងផ្តោតការយកចិត្តទុកដាក់មិនត្រឹមតែនាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៃប្រទេសទាំងពីរប៉ុណ្ណោះទេ
ប៉ុន្តែថែមទាំងរួមចំណែកដល់សន្តិភាព ស្ថិរភាព
និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងតំបន់ទៀតផង៕