ព័ត៌មាន

វៀតណាម-ចិនរក្សាសន្តិភាព និងស្ថិរភាពនៅសមុទ្រ

នាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីក្រុងហាណូយ អនុរដ្ឋមន្ត្រីអចិន្ត្រៃយ៍ក្រសួងការបរទេស អគ្គលេខាធិការគណៈកម្មការដឹកនាំកិច្ចសហប្រតិបត្តិការទ្វេភាគីវៀតណាម - ចិន លោក Nguyen Minh Vu បានជួបសន្ទនាជាមួយអនុរដ្ឋមន្ត្រីក្រសួងការបរទេសចិន អគ្គលេខាធិការគណៈកម្មការដឹកនាំកិច្ចសហប្រតិបត្តិការទ្វេភាគីចិន - វៀតណាម លោក Sun Weidong ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ាន។
អនុរដ្ឋមន្ត្រីការបរទេសវៀតណាម Nguyen Minh Vu និងអនុរដ្ឋមន្ត្រីការបរទេសចិន Sun Weidong។ រូបភាព៖ ក្រសួងការបរទេស

អនុរដ្ឋមន្ត្រីអចិន្ត្រៃយ៍ លោក Nguyen Minh Vu បានស្នើថា ក្រសួងការបរទេសទាំងពីរ បន្តជំរុញការផ្លាស់ប្តូរយុទ្ធសាស្ត្រ និងទំនាក់ទំនងជាន់ខ្ពស់ជាប្រចាំ។ អនុវត្តប្រកបដោយប្រសិទ្ធភាពនូវយន្តការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល រដ្ឋសភា និងរណសិរ្សមាតុភូមិ ហើយលើកទឹកចិត្តដល់គ្រប់កម្រិត គ្រប់វិស័យ និងមូលដ្ឋានពង្រីកការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការ; ជំរុញកិច្ចសហប្រតិបត្តិជាក់ស្តែង ដោយមានអទិភាពខ្ពស់បំផុតក្នុងការជំរុញផ្លូវរថភ្លើងខ្នាតស្តង់ដារ តភ្ជាប់ប្រទេសទាំងពីរ (Lao Cai - ហាណូយ - Hai Phong ; Lang Son - ហាណូយ ; Mong Cai – Ha Long – Hai Phong) នាំកិច្ចសហប្រតិបត្តិការផ្លូវដែកក្លាយជាប៉ូលកំណើនថ្មីមួយ។ អនុរដ្ឋមន្ត្រីអចិន្ត្រៃយ៍លោក Nguyen Minh Vu បានអះអាងថា វៀតណាមបន្តដោះស្រាយការខ្វែងគំនិតនិងវិវាទនៅសមុទ្រខាងកើតដោយសន្តិវិថី ស្របតាមច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS)។ ភាគីទាំងពីរបានស្នើឱ្យរក្សាយន្តការចរចានិងការផ្លាស់ប្តូរជាប្រចាំរវាងប្រទេសទាំងពីរលើបញ្ហាដែនសមុទ្រ និងដោះស្រាយឱ្យបានត្រឹមត្រូវនូវបញ្ហាទូកនេសាទនិងអ្នកនេសាទ។

រីឯខ្លួនវិញ អនុរដ្ឋមន្ត្រីការបរទេសចិនលោក Sun Weidong បានសម្តែងការយកចិត្តទុកដាក់ចំពោះសំណើរសហប្រតិបត្តិការរបស់វៀតណាម ហើយនឹងបន្តពង្រីកការនាំចូលទំនិញ រួមទាំងផលិតផលកសិកម្មរបស់វៀតណាមផងដែរ; លើកទឹកចិត្តឲ្យសហគ្រាសពង្រីកការវិនិយោគ និងសម្របសម្រួលយ៉ាងសកម្មជាមួយទីភ្នាក់ងារវៀតណាម ដើម្បីដោះស្រាយបញ្ហាក្នុងគម្រោងសហប្រតិបត្តិការមួយចំនួន។ អនុរដ្ឋមន្ត្រី Sun Weidong ស្នើឲ្យភាគីទាំងពីរពន្លឿនការដាក់ពង្រាយកញ្ចប់ជំនួយរបស់ចិនដល់វៀតណាមលើវិស័យសុខាភិបាល អប់រំ និងលើកកំពស់ជីវភាពរស់នៅរបស់ប្រជាជន; បន្តសម្របសម្រួលគ្នាក្នុងយន្តការពហុភាគី។

ភាគីទាំងពីរបានឯកភាព ពន្លឿនការដំឡើងថ្នាក់ និងបើកច្រកព្រំដែនទ្វេភាគីថ្មី; កសាងខ្សែព្រំដែនប្រកបដោយសន្តិភាព ស្ថិរភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍; អនុវត្តការយល់ដឹងរួមកម្រិតខ្ពស់ គ្រប់គ្រងការខ្វែងគំនិតគ្នាឲ្យបានល្អ រក្សាសន្តិភាព និងស្ថិរភាពនៅសមុទ្រ៕


top