ព័ត៌មាន

វៀតណាម - កូរ៉េខាងត្បូង៖ ការទូតសភាដើរតួនាទីយ៉ាងសំខាន់ក្នុងការឃ្លាំមើលនិងជំរុញការអនុវត្តការសន្យា

ពិធីទទួលបដិសណ្ឋារកិច្ចដ៏ឧឡារិកចំពោះប្រធានរដ្ឋសភាវៀតណាមលោក ជិន ថាញ់មិន និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម ក្នុងដំណើរទស្សនកិច្ចផ្លូវការទៅកាន់កូរ៉េខាងត្បូង បានធ្វើឡើងនាព្រឹកថ្ងៃទី ៧ ខែកញ្ញា នៅទីក្រុងសេអ៊ូល ក្រោមអធិបតីភាពរបស់ប្រធានរដ្ឋសភាកូរ៉េខាងត្បូង លោក Cho Jeong Sik។
ពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការចំពោះប្រធានរដ្ឋសភាវៀតណាមលោក ជិន ថាញ់មិន ត្រូវបានធ្វើឡើងយ៉ាងឱឡារិកនៅទីស្នាក់ការរដ្ឋសភាកូរ៉េខាងត្បូង ក្នុងទីក្រុងសេអ៊ូល។ (រូបថត៖ VNA)

ក្នុងកច្ចពិភាក្សាការងារបន្ទាប់ពីពិធីបដិសណ្ឋារកិច្ច ប្រធានរដ្ឋសភាទាំងពីររូបបានឯកភាពរក្សាការផ្លាស់ប្តូរយុទ្ធសាស្ត្រកម្រិតខ្ពស់ជាប្រចាំ; អនុវត្តន៍ចក្ខុវិស័យយុទ្ធសាស្ត្រស្តីពីការតភ្ជាប់សេដ្ឋកិច្ចរវាងប្រទេសទាំងពីរក្នុងបរិបទថ្មី ដោយខិតខំសម្រេចបាននូវទំហំពាណិជ្ជកម្មទ្វេភាគីចំនួន ១០០ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ២០២៦ និងឆ្ពោះទៅរកគោលដៅ ១៥០ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ២០៣០; បន្តផ្តល់អាទិភាពដល់ប្រភពជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) ឥតសំណង និង ODA អនុគ្រោះ សម្រាប់គម្រោងនានារបស់ប្រទេសវៀតណាម។ ក្នុងពេលជាមួយគ្នានោះ ជំរុញកិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ឲ្យក្លាយជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសទាំងពីរ; កែលម្អគោលនយោបាយយ៉ាងសកម្ម បង្កើតលក្ខខណ្ឌសម្រាប់សហគ្រាសនៃប្រទេសទាំងពីរ ដើម្បីវិនិយោគប្រកបដោយស្ថិរភាព និងយូរអង្វែងនៅក្នុងប្រទេសនីមួយៗ។ ភាគីទាំងពីរបានឯកភាពគ្នាពង្រីកកិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាលធនធានមនុស្ស វប្បធម៌ ទេសចរណ៍ និងការជួបប្រាស្រ័យរវាងប្រជាជន; បន្តកែលម្អគោលនយោបាយដើម្បីការពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់សហគមន៍ជនវៀតណាមនៅកូរ៉េខាងត្បូង និងសហគមន៍ជនកូរ៉េខាងត្បូងនៅវៀតណាម រួមទាំងគ្រួសារពហុវប្បធម៌វៀតណាម-កូរ៉េខាងត្បូងប្រមាណ ១ សែនគ្រួសារផងដែរ។

ប្រធានរដ្ឋសភានៃប្រទេសទាំងពីរជួបពិភាក្សាការងារ។ (រូបថត៖ VNA)

ទាក់ទងនឹងកិច្ចសហប្រតិបត្តិការសភា ភាគីទាំងពីរបានសង្កត់ធ្ងន់លើតួនាទីដ៏សំខាន់នៃការទូត សភាក្នុងការឃ្លាំមើល ជំរុញការអនុវត្តការសន្យានិងកិច្ចព្រមព្រៀងនានា។ ដូច្នេះ ភាគីទាំងពីរបានឯកភាពលើការរក្សានិងបង្កើនការចែករំលែកបទពិសោធន៍ជាប្រចាំក្នុងការងារកសាងច្បាប់ និងស្ថាប័ន; ជំរុញការផ្លាស់ប្តូរយ៉ាងសកម្មរវាងគណៈកម្មាធិការតាមទម្រង់ផ្ទាល់ និងតាមអ៊ីនធឺណិត; ធ្វើឲ្យសុក្រិតនូវគោលនយោបាយ ច្បាប់ បង្កើតបរិយាកាសផ្លូវច្បាប់អំណោយផលសម្រាប់សហគ្រាសនិងប្រជាពលរដ្ឋនៃប្រទេសទាំងពីរ ព្រមទាំងបន្តសម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមកនៅក្នុងវេទិកាអន្តរសភាតំបន់ និងសកលផងដែរ។

ទាក់ទងនឹងបញ្ហាតំបន់ និងអន្តរជាតិដែលជាក្ដីកង្វល់រួម លោកប្រធានរដ្ឋសភា ជិន ថាញ់មិន បានស្នើឱ្យកូរ៉េខាងត្បូងចែករំលែកបទពិសោធន៍និងគាំទ្រវៀតណាមយ៉ាងសកម្ម ក្នុងការរៀបចំកិច្ចប្រជុំកំពូល APEC ២០២៧ ដោយជោគជ័យ; បង្កើនការសម្របសម្រួលនៅអង្គការសហប្រជាជាតិនិងអនុវត្តន៍យន្តការសហប្រតិបត្តិការអាស៊ាន-កូរ៉េខាងត្បូង និងមេគង្គ-កូរ៉េខាងត្បូងប្រកបដោយប្រសិទ្ធភាព៕


top