ព័ត៌មាន

វៀតណាមអំពាវនាវឱ្យពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិនិងសម្របសម្រួលគោលនយោបាយដើម្បីធានាសិទ្ធិរបស់ស្ត្រី និងសមភាពយេនឌ័រ

ក្នុងឱកាសទិវានារីអន្តរជាតិ ៨ មីនា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅថ្ងៃទី០៧ ខែមីនា នៅទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក) បានរៀបចំសម័យពិភាក្សាលើប្រធានបទ "ស្ត្រី សន្តិភាព និងសន្តិសុខ៖ ឆ្ពោះទៅខួបលើកទី ២៥ នៃសេចក្តីសម្រេចលេខ ១៣២៥"។ សម័យពិភាក្សានេះ មានការចូលរួមពីតំណាងប្រទេសជាសមាជិកជិត ៩០ ។
ឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅ អង្គការសហប្រជាជាតិ។

ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានលើកសំណើរមតិយោបល់ដើម្បីដោះស្រាយបញ្ហាប្រឈមនិងអសមភាពដែលស្ត្រីកំពុងប្រឈមមុខនាពេលបច្ចុប្បន្ន និងពង្រីកតួនាទីរបស់ស្ត្រីចំពោះសន្តិសុខនិងសន្តិភាព។ តំណាងវៀតណាមបានចាត់ទុកថា សហគមន៍អន្តរជាតិចាំបាច់ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការនិងសម្របសម្រួលគោលនយោបាយដើម្បីធានាសិទ្ធិរបស់ស្ត្រីនិងសមភាពយេនឌ័រ។ ឯកអគ្គរដ្ឋទូតក៏បានអំពាវនាវឱ្យជំរុញបណ្តាកម្មវិធីនិងវិធានការជួយឧបត្ថម្ភការកសាងសមត្ថភាពនៅថ្នាក់មូលដ្ឋាន ប្រទេស តំបន់ និងពិភពលោក ដើម្បីឱ្យស្ត្រីអាចចូលរួមយ៉ាងពេញលេញ ប្រកបដោយសមភាព និងមានអត្ថន័យក្នុងការកសាងសន្តិភាពប្រកបដោយចីរភាព និងលើកកម្ពស់សិទ្ធិសេដ្ឋកិច្ចសម្រាប់ស្ត្រី ស្របតាមសេចក្តីសម្រេចចិត្តលេខ ១៨៨៩ របស់ក្រុមប្រឹក្សាសន្តិសុខ ដែលត្រូវបានអនុម័តនៅឆ្នាំ ២០០៩។

ក្នុងឱកាសនេះដែរ ឯកអគ្គរដ្ឋទូត លោក Dang Hoang Giang បានអះអាងថា៖ ដោយជំនះពុះពារលើរាល់ការលំបាកវេទនា នារីវៀតណាមជាច្រើនជំនាន់ បានលះបង់និងរួមចំណែកដ៏ធំធេងដល់សន្តិភាព ឯករាជ្យ កសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ។ នាបច្ចុប្បន្ន នារីវៀតណាមកំពុងបន្តរួមចំណែកដោយមានអត្ថន័យជាច្រើនសម្រាប់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅក្នុងតំបន់ និងលើពិភពលោក៕


top