នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ (ម៉ោងក្នុងតំបន់) នៅទីស្នាក់ការអង្គការសហប្រជាជាតិ ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ប្រធានរដ្ឋវៀតណាមលោក លឿង គឿង បានអញ្ជើញ ថ្លែងសុន្ទរកថាក្នុងកិច្ចពិភាក្សាជាន់ខ្ពស់នៃ មហាសន្និបាតអង្គការសហប្រជាជាតិនីតិ កាលទី ៨០។ ក្នុងនោះ លោកប្រធានរដ្ឋ លឿង គឿង បានបង្ហាញសារដ៏ខ្លាំងក្លារបស់ វៀតណាមអំពីទំនួលខុសត្រូវក្នុងការកសាងពិភពលោកសន្តិភាព ដោយអំពាវនាវ សហគមន៍អន្តរជាតិរួមដៃគ្នា ស្ថាបនាអនាគតប្រកបដោយចីរភាព។
ប្រធានរដ្ឋវៀតណាមលោក លឿង គឿង ថ្លែងសុន្ទរកថាដ៏សំខាន់នៅឯកិច្ចពិភាក្សាជាន់ខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី ៨០។ (រូបថត៖ Viet Cuong/VOV)
លោកប្រធានរដ្ឋ លឿង គឿង អះអាងសារដ៏ខ្លាំងក្លារបស់វៀតណាមអំពីទំនួលខុសត្រូវក្នុងការកសាងពិភពលោកសន្តិភាព ដោយអំពាវនាវសហគមន៍អន្តរជាតិរួមដៃគ្នាស្ថាបនាអនាគតប្រកបដោយចីរភាព។ (រូបថត៖ Viet Cuong/VOV)
ទិដ្ឋភាពនៃសម័យប្រជុំ។ (រូបថត៖ Viet Cuong/VOV)
កិច្ចពិភាក្សាជាន់ខ្ពស់ នៃមហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី
៨០ មានប្រធានបទ "រួមគ្នាដើម្បីភាពប្រសើរឡើង៖ ៨០ ឆ្នាំ
និងច្រើនឆ្នាំទៀតដើម្បីសន្តិភាព ការអភិវឌ្ឍ និងសិទ្ធិមនុស្ស"។ លោកប្រធានរដ្ឋ
លឿង គឿង បានអញ្ជើញចូល រួមកិច្ចប្រជុំជាមួយប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលចំនួន ១៥០
រូប និងតំណាងជាន់ខ្ពស់ នៃប្រទេសសមាជិកជាច្រើន
រួមជាមួយនឹងថ្នាក់ដឹកនាំនៃអង្គការអន្តរជាតិ និងតំបន់នានាផងដែរ។
សារដ៏ខ្ជាប់ខ្ជួនគឺគោរពតម្លៃនៃសន្តិភាព
នៅក្នុងសុន្ទរកថារបស់ខ្លួន
ប្រធានរដ្ឋវៀតណាមបានបញ្ជាក់ថា ក្នុងរយៈពេល ៨០ ឆ្នាំកន្លងមកនេះ អង្គការសហប្រជាជាតិ
តែងតែជាតំណាងនៃសេចក្តីប្រាថ្នារួមរបស់មនុស្សជាតិ ដើម្បីសន្តិភាព
កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ដោយផ្អែកលើ តម្លៃសកលអំពីសិទ្ធិមនុស្ស ឯករាជ្យជាតិ
សមភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាព សង្គម។ ទោះជាយ៉ាងណាក៏ដោយ
ពិភពលោកសព្វថ្ងៃនេះកំពុងជួបប្រទះនឹងបញ្ហា ប្រឈមដ៏ធ្ងន់ធ្ងរដែលមិនធ្លាប់មានពីមុនមក
ដូចជាជម្លោះ សង្គ្រាម ការប្រណាំងសព្វាវុធ ការប្រើប្រាស់កម្លាំង
ការគំរាមកំហែងប្រើប្រាស់កម្លាំង ការប្រកួតប្រជែងជាយុទ្ធសាស្ត្រ រវាងប្រទេសធំៗ
ឯកតោភាគីនិយម ការធ្លាក់ចុះយ៉ាងខ្លាំងនៃការប្តេជ្ញាចិត្តផ្នែក នយោបាយ និងធនធាន។
ហេតុនេះហើយ លោកប្រធានរដ្ឋ បានអំពាវនាវឲ្យ សហគមន៍អន្តរជាតិ លើកកម្ពស់ពហុភាគីនិយម
និងប្រព័ន្ធអន្តរជាតិ ដោយផ្អែកលើ ច្បាប់អន្តរជាតិ ដោយមានអង្គការសហប្រជាជាតិ
ជាមជ្ឈមណ្ឌល៖
“សន្តិភាពគឺជាគោលដៅ
និងលក្ខខណ្ឌចម្បងសម្រាប់ដំណើរកសាងអនាគតប្រកបដោយស្ថិរភាព យុត្តិធម៌ ប្រជាធិបតេយ្យ
និងវិបុលភាព។ ដំបូងបង្អស់ យើង ត្រូវតែគោរពតម្លៃនៃសន្តិភាព
មិនត្រឹមតែដោយពាក្យសម្ដីប៉ុណ្ណោះទេ ថែមទាំងដោយ សកម្មភាពជាក់ស្តែងទៀតផង។
ប្រទេសទាំងអស់ចាំបាច់ត្រូវបង្ហាញយ៉ាងច្បាស់ នូវការទទួលខុសត្រូវរបស់ខ្លួន ក្នុងការ
ប្រតិបត្តិតាមច្បាប់អន្តរជាតិ និងធម្មនុញ្ញ អង្គការសហប្រជាជាតិ; គោរពឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី មិនជ្រៀត
ជ្រែកចូលក្នុងកិច្ចការផ្ទៃក្នុង មិនប្រើប្រាស់កម្លាំង
ឬការគំរាមកំហែងប្រើប្រាស់កម្លាំង និងការដោះស្រាយជម្លោះដោយសន្តិវិធីផងដែរ”។
វៀតណាមគាំទ្រកិច្ចខិតខំប្រឹងប្រែងសន្តិភាព
និងការផ្សះផ្សានាពេលថ្មីៗនេះ ដោយអំពាវនាវឱ្យមានបទឈប់បាញ់ និងបញ្ឈប់រាល់អំពើហឹង្សា
ការពារជនស៊ីវិល បង្កើតលក្ខខណ្ឌដល់ការទទួលជំនួយមនុស្សធម៌នៅក្នុងតំបន់ជម្លោះ។
ដោយចាត់ទុក ថា ចាំបាច់ត្រូវលើកកំពស់តួនាទីរបស់អង្គការតំបន់បន្ថែមទៀតក្នុងការធានាសន្តិភាព
កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនោះ លោកប្រធានរដ្ឋបានវាយតម្លៃខ្ពស់ចំពោះ
តួនាទីរបស់អាស៊ានក្នុងការរក្សាមជ្ឈភាពនៅអាស៊ីប៉ាស៊ីហ្វិក ក្នុងនោះមានការរក្សាសន្តិ
ភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព សេរីភាពនាវាចរណ៍ និងអាកាសចរណ៍នៅសមុទ្រ ខាងកើត
ដោយឈរលើមូលដ្ឋាននៃច្បាប់អន្តរជាតិ អនុសញ្ញាអង្គការសហប្រជាជាតិ
ស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២។
ដើម្បីស្ថាបនាអនាគតប្រកបដោយចីរភាពក្នុងពិភពលោកដែលមានការប្រែប្រួលជាច្រើន
លោកប្រធានរដ្ឋ លឿង គឿង បានសង្កត់ធ្ងន់ថា៖
“យើងត្រូវបង្កើតគំរូអភិវឌ្ឍន៍ប្រកបដោយចីរភាពដោយផ្អែកលើមូលដ្ឋាននៃការផ្លាស់ប្តូរឌីជីថល
និងការផ្លាស់ប្តូរបៃតង។ ប្រទេសនានាត្រូវកសាងយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ
វិនិយោគយ៉ាងខ្លាំងក្លាទៅក្នុងការស្រាវជ្រាវ និងអភិវឌ្ឍន៍ បណ្តុះបណ្តាល
ធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធបច្ចេក វិទ្យាបៃតង។
ជាពិសេសពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការផ្ទេរបច្ចេកវិទ្យា
និងកៀងគរហិរញ្ញវត្ថុបៃតង។ យើងត្រូវធានាថា ដំណើរការផ្លាស់ប្តូរសង្គម ត្រូវតែយក
កត្តាមនុស្សជាស្នូល ហើយផ្តោតលើអាទិភាពដូចជាការលុបបំបាត់ភាពក្រីក្រលើគ្រប់
ជ្រុងជ្រោយ ការងារធ្វើយ៉ាងគ្រប់គ្រាន់និងសមស្រប យុត្តិធម៌និងសមាហរណកម្ម សង្គម”។
អះអាងនូវសេចក្តីប្រាថ្នារបស់វៀតណាម
ក្នុងសារផ្ញើរទៅកាន់សហគមន៍អន្តរជាតិ
លោកប្រធានរដ្ឋ លឿង គឿង បានចែករំលែករឿងរ៉ាវរបស់វៀតណាម
ដែលបានរស់ឡើងវិញពីគំនរបាក់បែកនៃសង្គ្រាម ពីប្រទេសក្រីក្រ ដើរថយក្រោយ មានកម្រិតទាប
និងទទួលរងការហ៊ុមព័ទ្ធ បានខិតខំ
ប្រឹងប្រែងយ៉ាងខ្លាំងដើម្បីក្លាយជាប្រទេសកំពុងអភិវឌ្ឍន៍ដែលមានប្រាក់ចំណូលមធ្យម
និងធ្វើសមាហរណកម្មអន្តរជាតិយ៉ាងស៊ីជម្រៅ។
ទោះបីជាមានបញ្ហាប្រឈមជាច្រើនក្នុងដំណើរខាងមុខក៏ដោយ លោកប្រធានរដ្ឋ លឿង គឿង
បានបញ្ជាក់ថា៖
“យើងបានសម្រេចមុនកាលកំណត់នូវគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍
ហើយកំពុងខិតខំបំពេញការប្តេជ្ញាចិត្តអន្តរជាតិ និងអនុវត្តន៍ដោយជោគជ័យនូវគោលដៅ
យុទ្ធសាស្ត្រពីរ៖ នៅឆ្នាំ ២០៣០ នឹងក្លាយជាប្រទេសកំពុងអភិវឌ្ឍន៍ដែលមាន
ឧស្សាហកម្មទំនើប និងប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ ហើយនៅឆ្នាំ ២០៤៥ នឹង
ក្លាយជាប្រទេសអភិវឌ្ឍន៍ដែលមានប្រាក់ចំណូលខ្ពស់។ ជាមួយនឹងការសន្យាដ៏ខ្លាំង
ក្លាធ្វើជាមិត្ត ជាដៃគូដែលអាចទុកចិត្តបាន និងជាសមាជិកប្រកបដោយការទទួលខុស
ត្រូវរបស់សហគមន៍អន្តរជាតិនោះ វៀតណាមនឹងខិតខំប្រឹងប្រែងដោយអស់ពី សមត្ថភាព
និងរួមដំណើរជាមួយប្រទេសទាំងអស់ជានិច្ច ដើម្បីបំពេញការទទួលខុស ត្រូវរួម ជំនះពុះពារលើរាល់បញ្ហាប្រឈម
ជំរុញការផ្លាស់ប្តូរយ៉ាងខ្លាំងក្លា ដើម្បីស្ថាបនា ពិភពលោកសន្តិភាព ស្ថិរភាព
វិបុលភាព និងចីរភាព នាំមកនូវសុភមង្គល និងវិបុល ភាពដល់ប្រជាជនទាំងអស់”។
កិច្ចសហប្រតិបត្តិការជាមួយ
អ.ស.ប ជានិច្ចកាលមានឋានៈដ៏សំខាន់ក្នុងគោលនយោបាយកិច្ចការបរទេសរបស់បក្ស និងរដ្ឋវៀតណាម
ដែលឆ្លុះបញ្ចាំងពីឆន្ទៈ និង សេចក្តីប្រាថ្នារបស់ប្រជាជនវៀតណាម
និងប្រជាជនជុំវិញពិភពលោក ក្នុងការខិតខំ ប្រឹងប្រែងដើម្បីសន្តិភាព ឯករាជ្យ
ប្រជាធិបតេយ្យ កិច្ចសហប្រតិបត្តិការ និងការ អភិវឌ្ឍ។ នេះក៏ជាការបញ្ជាក់
និងការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងដំណើរនាពេល ខាងមុខផងដែរ៕