ព័ត៌មាន

វៀតណាមអាចទាញយកអត្ថប្រយោជន៍ពី FTA ដែលមានស្រាប់ ដើម្បីពង្រីកទីផ្សារនាំចេញ

សេដ្ឋកិច្ចវៀតណាមត្រូវបានព្យាករណ៍ថានឹងកើនឡើង ៦,៦% នៅឆ្នាំនេះ និង ៦,៥% នៅឆ្នាំក្រោយ។ នេះជាការព្យាករណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្នុងយថាទស្សន៍អភិវឌ្ឍន៍អាស៊ីប្រចាំខែមេសា ឆ្នាំ២០២៥ (ADO) ដែលបានប្រកាសនាព្រឹកថ្ងៃទី៩ ខែមេសា នៅទីក្រុងហាណូយ។

យោងតាមលោក Shantanu Chakraborty នាយក ADB ប្រចាំប្រទេសវៀតណាម រដ្ឋាភិបាលវៀតណាមបានកំណត់ផែនការកំណើនប្រកបដោយមហិច្ឆិតា ហើយប្រការនេះអាចជួយកាត់បន្ថយហានិភ័យពីខាងក្រៅ។ នាយក ADB ជឿជាក់ថា កំណើនសេដ្ឋកិច្ចរបស់វៀតណាមអាចខ្ពស់ជាង និងមាននិរន្តរភាពជាងនេះ ប្រសិនបើកិច្ចខិតខំប្រឹងប្រែងកំណែទម្រង់ស្ថាប័នគ្រប់ជ្រុងជ្រោយនាពេលថ្មីៗនេះ ត្រូវបានអនុវត្តយ៉ាងឆាប់រហ័ស ប្រកបដោយប្រសិទ្ធភាព។ កំណែទម្រង់ទាំងនេះ នឹងជំរុញតម្រូវការក្នុងស្រុក បង្កើនប្រសិទ្ធភាពនៃអភិបាលកិច្ចរដ្ឋក្នុងរយៈពេលខ្លី តាមនោះ ជំរុញការអភិវឌ្ឍន៍វិស័យឯកជនក្នុងរយៈពេលមធ្យមនិងរយៈពេលវែង។ ទោះជាយ៉ាងណាក៏ដោយ ការប្រកាសដំឡើងពន្ធរបស់អាមេរិកនាពេលថ្មីៗនេះ រួមជាមួយនឹងភាពមិនប្រាកដប្រជាជាសកលដែលកំពុងតែបន្ត អាចបង្កើតបញ្ហាប្រឈមសម្រាប់កំណើនរបស់វៀតណាមនៅឆ្នាំនេះ។

ទិដ្ឋភាពទូទៅនៃសន្និសីទសារព័ត៌មាន ADB។

លោក Shantanu Chakraborty បានចាត់ទុកថា វៀតណាមគួរតែទាញយកអត្ថប្រយោជន៍ពីឱកាសផ្សេងទៀតសម្រាប់ការអភិវឌ្ឍន៍។

“កិច្ចខិតខំប្រឹងប្រែងដ៏អស្ចារ្យក្នុងការពង្រីកកិច្ចសហប្រតិបត្តិការជាមួយដៃគូពាណិជ្ជកម្មសំខាន់ៗបានជួយវៀតណាមមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាច្រើន។ FTA ជំនាន់ថ្មីមានភាពវិជ្ជមានខ្លាំង ហើយដូច្នេះ ទោះបីមានបញ្ហាប្រឈមទាក់ទងនឹងពន្ធដារក៏ដោយ ឋានៈរបស់វៀតណាមនៅតែមានស្ថិរភាព។ បើតាមគំនិតរបស់ខ្ញុំ វៀតណាមអាចទាញយកអត្ថប្រយោជន៍ពី FTA ដែលមានស្រាប់ ដើម្បីពង្រីកទីផ្សារនាំចេញរបស់ខ្លួន។នេះក៏ជាមធ្យោបាយសម្រាប់វៀតណាមដើម្បីពន្លឿនការអនុវត្ត FTA ទាំងនេះបន្ថែមទៀតដោយមិនអាស្រ័យលើទីផ្សារអាមេរិក។ តាមនោះ យើងអាចធ្វើពិពិធកម្មទិសដៅនាំចេញ ក៏ដូចជាពង្រឹងបន្ថែមទៀតនូវសមាហរណកម្មសេដ្ឋកិច្ច និងការអភិវឌ្ឍន៍សេដ្ឋកិច្ចផងដែរ”។

អ្នកជំនាញរបស់ ADB បានចាត់ទុកថា៖ នៅពេលដែលកម្លាំងចលករនៃសេដ្ឋកិច្ចសកលបានផ្លាស់ប្តូរ គុណសម្បត្តិរបស់វៀតណាមក្នុងការបង្កើនតម្លៃបន្ថែមនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោកក៏ផ្លាស់ប្តូរដែរ។ ការយល់ដឹងពីដែនកំណត់ និងបញ្ហាប្រឈមនានា ទាក់ទងនឹងការពង្រីកការចូលរួមនិងបង្កើនតម្លៃបន្ថែមរបស់វៀតណាមក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សកល គឺជាកត្តាសំខាន់ដើម្បីពង្រឹងសក្តានុពលកំណើនរយៈពេលវែងរបស់ប្រទេសទាំងមូល៕


top