នារសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ នៅទីក្រុងហាណូយ អគ្គលេខាបក្សកម្មុយនិស្តវៀតណាម លោក តូ ឡឹម បានទទួលជួបលោក Daniel Rosen នាយកប្រតិបត្តិសារជីវកម្ម Rosen Partners (សហរដ្ឋអាមេរិក)។
អគ្គលេខាបក្សកម្មុយនិស្តវៀតណាម លោក តូ ឡឹម បានទទួលជួបលោក Daniel Rosen នាយកប្រតិបត្តិសារជីវកម្ម Rosen Partners ។ រូបថត៖ Thong Nhat/TTXVN
នៅឯជំនួបនេះ លោកអគ្គលេខាបក្ស តូ ឡឹម បានឲ្យដឹងថា វៀតណាម និងសហរដ្ឋអាមេរិកមានសេដ្ឋកិច្ចជាមួយនឹងគុណសម្បត្តិដែលបំពេញបន្ថែមគ្នាទៅវិញទៅមក។ លោកអគ្គលេខាបក្សបានស្វាគមន៍ចំពោះ Rosen Partners ក្នុងការយកចិត្តទុកដាក់វិនិយោគនៅវៀតណាម។ លោកអគ្គលេខាបក្ស បានអះអាងថា វៀតណាមស្វាគមន៍កិច្ចសហប្រតិបត្តិការរវាងវៀតណាម និងអាមេរិកលើវិស័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ហើយស្នើឱ្យសារជីវកម្មជំរុញកិច្ចសហប្រតិបត្តិការនិងវិនិយោគលើវិស័យដែលសហរដ្ឋអាមេរិកមានប្រៀបខ្លាំង ហើយវៀតណាមមានតម្រូវការ រួមទាំងវិស័យកសិកម្ម បណ្តុះបណ្តាល និងការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាពខ្ពស់។
រីឯខ្លួនវិញ លោក Daniel Rosen បានជូនដំណឹងអំពីផែនការវិនិយោគ ជាពិសេសគម្រោងសាងសង់សួនកម្សាន្តលំដាប់ពិភពលោកនៅវៀតណាម; សន្យាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា បញ្ញាសិប្បនិមិត្ត តភ្ជាប់អ្នកវិទ្យាសាស្ត្រវៀតណាមជាមួយអ្នកវិទ្យាសាស្ត្រមកពីសហរដ្ឋអាមេរិក និងប្រទេសដទៃទៀត កសាងគម្រោងសហប្រតិបត្តិការជាក់លាក់ដូចជា៖ វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា បញ្ញាសិប្បនិម្មិត អភិបាលកិច្ចឆ្លាតវៃ។ លោក Daniel Rosen បានអះអាងពីការសន្យាខិតខំប្រឹងប្រែងអនុវត្តន៍គម្រោងវិនិយោគនៅវៀតណាម រួមចំណែកអភិវឌ្ឍន៍វៀតណាម និងទំនាក់ទំនងវៀតណាម-អាមេរិក។
គួរជម្រាបថា Rosen Partners មានទីស្នាក់ការកណ្តាលនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក; ជាសារជីវកម្មវិនិយោគនិងអភិវឌ្ឍន៍ដែលផ្តោតលើវិស័យអចលនទ្រព្យលំនៅដ្ឋាន ទេសចរណ៍ និងការកម្សាន្ត; កំពង់ផែសមុទ្រ; បច្ចេកវិទ្យាព័ត៌មាន; សន្តិសុខតាមអ៊ីនធឺណិត។ Rosen Partners ជាម្ចាស់កម្មសិទ្ធិនៃគម្រោងជាច្រើននៅទូទាំងសហរដ្ឋអាមេរិកនិងប្រទេសជាច្រើនទៀត៕