ព័ត៌មាន

វៀតណាមមានចៅក្រមជាលើកដំបូង នៅតុលាការអន្តរជាតិខាងច្បាប់សមុទ្រ

នៅថ្ងៃទី១៨ ខែមិថុនា ក្នុងក្របខ័ណ្ឌនៃសន្និសីទលើកទី៣៦ នៃបណ្តាប្រទេសដែលជាសមាជិកនៃអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រ (UNCLOS) នៅទីស្នាក់ការអង្គការសហប្រជាជាតិ (UN) នាទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក) សាស្ត្រាចារ្យរង បណ្ឌិត លោកស្រី ង្វៀន ធីឡានអាញ់ (Nguyen Thi Lan Anh) នាយករងវិទ្យាស្ថានការទូត ដែលជាបេក្ខជនរបស់វៀតណាម បានជាប់ឆ្នោតជាចៅក្រមនៃតុលាការអន្តរជាតិខាងច្បាប់សមុទ្រ (ITLOS) សម្រាប់អាណត្តិ ២០២៦ - ២០៣៥ ដោយទទួលបានសំឡេងឆ្នោតគាំទ្រខ្ពស់ជាងគេ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។
បណ្ឌិត ង្វៀន ធីឡានអាញ់ បេក្ខជនវៀតណាមប្រចាំ ITLOS ថ្លែងមតិ។ រូបថត៖ ថាញ់ ទ្វឹន - អ្នកសារព័ត៌មាន VNA ប្រចាំនៅសហរដ្ឋអាមេរិក។

យោងតាមអ្នកសារ​ព័ត៌មាន នៃទីភ្នាក់ងារសារព័ត៌មានវៀតណាម (VNA) ប្រចាំនៅទីក្រុងញូវយ៉ក នេះជាលើកទីមួយហើយដែលវៀតណាមបានឈរឈ្មោះបោះឆ្នោត និងមានតំណាងនៅក្នុងតុលាការ ITLOS ចាប់តាំងពីតុលាការនេះ បានចាប់ផ្តើមដំណើរការក្នុងឆ្នាំ១៩៩៦។ ការដែល​សាស្ត្រាចារ្យ បណ្ឌិត លោកស្រី ង្វៀន ធី​ឡានអាញ់ ជាប់​ឆ្នោតដោយ​ទទួលបានសំឡេងឆ្នោតខ្ពស់ភ្លាមៗ បន្ទាប់ពីការបោះឆ្នោតជុំទីមួយ បានបង្ហាញពីទំនុកចិត្តរបស់សហគមន៍អន្តរជាតិចំពោះឋានៈ និងតួនាទីរបស់វៀតណាម ហើយក៏ជាភស្តុតាង​នៃការអភិវឌ្ឍថ្មីមួយ ក្នុងកិច្ចការបរទេសពហុភាគី និងការធ្វើសមាហរណកម្មគតិយុត្តិអន្តរជាតិរបស់ប្រទេសជាតិ។ លទ្ធផលនេះ ក៏បានបង្ហាញពីការផ្លាស់ប្តូរ នៃការចូលរួមយ៉ាងសកម្ម ទៅជាការរួមចំណែកកាន់តែជាក់ស្តែងទៅក្នុងដំណើរការកសាង អភិវឌ្ឍន៍ និងការអនុវត្តនូវបទដ្ឋាន និងក្រម​រួមនៃសហគមន៍អន្តរជាតិ។ ព្រមទាំងបញ្ជាក់ពីការទទួលខុសត្រូវ និងសមត្ថភាពក្នុងការរួមចំណែកកាន់តែមានប្រសិទ្ធភាពរបស់វៀតណាមនៅក្នុងប្រព័ន្ធអភិបាលសកល ផ្អែកលើច្បាប់។ ជោគជ័យនេះ ក៏បាន​បញ្ជាក់ជាថ្មីម្តងទៀត នូវការវាយតម្លៃជាវិជ្ជមាន​ពីបណ្តាប្រទេស​ជា​សមាជិក​ UNCLOS ចំពោះការរួមចំណែកកាន់តែជាក់ស្តែងរបស់វៀតណាម ដល់ស្ថាប័ននានា របស់អង្គការសហប្រជាជាតិ និង​ច្បាប់អន្តរជាតិ​។

ចំពោះ សាស្ត្រាចារ្យរង​ បណ្ឌិត លោកស្រី ង្វៀន ធីឡានអាញ់ ការទទួល​បាន​ជ័យជម្នះនៅក្នុង​ការបោះឆ្នោត ដែលមានការប្រកួតប្រជែងយ៉ាងស្វិតស្វាញនេះ ឆ្លុះបញ្ចាំង​ពីការទទួលស្គាល់របស់​សហគមន៍អន្តរជាតិ ចំពោះគុណវុឌ្ឍិ សមត្ថភាពជំនាញ និងទំនុក​ចិត្ត​របស់​អ្នកជំនាញច្បាប់អន្តរជាតិវៀតណាម​រូបនេះ។ សាស្ត្រាចារ្យ បណ្ឌិត លោកស្រី ង្វៀន ធីឡានអាញ់ នឹង​បំពេញភារកិច្ច​ជាចៅក្រម ITLOS ស្របតាម​គោលការណ៍​ឯករាជ្យ​ និង​តថភាព ដែល​បានចែង​នៅក្នុង​លក្ខន្តិកៈ​របស់​តុលាការ តាមរយៈ​នោះ ជម្រុញការអនុវត្ត​អនុសញ្ញាប្រកបដោយ​ប្រសិទ្ធភាព និង​រួមចំណែក​ពង្រឹងសណ្តាប់ធ្នាប់​គតិយុត្តិនៅ​លើសមុទ្រ​។ ក្នុងនាម​ជាប្រទេសមួយ ដែលតែងតែលើកតម្កើង​ច្បាប់​​អន្តរជាតិ​ជាប់​ជានិច្ច​ ​គាំទ្រ​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ និង​អនុសញ្ញា UNCLOS ឆ្នាំ​១៩៨២ វៀតណាម​នឹងបន្តសហការជាមួយ​បណ្តាប្រទេសជាសមាជិក ដើម្បីជម្រុញការអនុវត្ត​អនុសញ្ញានេះ ឱ្យបានពេញលេញ និងមានប្រសិទ្ធភាព ដោះស្រាយ​រាល់វិវាទ​ដោយសន្តិវិធី បង្កើន​កិច្ចសហប្រតិបត្តិការសមុទ្រ ​និងរួមចំណែកក្នុងការថែរក្សា​សន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព និង​ការអភិវឌ្ឍ​ប្រកបដោយចីរភាព នៅលើសមុទ្រ និងមហាសមុទ្រ៕


top