ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសហរដ្ឋអាមេរិកលោក Ha Kim Ngoc (រូបថតៈ baoquocte.vn)
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសហរដ្ឋអាមេរិកលោក Ha Kim Ngoc នៅថ្ងៃទី ៣០ ខែមេសាបានអញ្ជើញជួបសន្ទនាតាមអ៊ិនធឺណែត ជាមួយសមាជិកសភាលោក Joaquin Castro អនុប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភា និងជាសហប្រធានក្រុមអាស៊ាននៃសភាអាមេរិក។
ក្នុងជំនួបនេះ ឯកអគ្គរដ្ឋទូត លោក Ha Kim Ngoc និងសមាជិកសភា លោក Joaquin Castro បានសម្តែង ក្តីសោមនាស្សរីករាយ ចំពោះការអភិវឌ្ឍយ៉ាងខ្លាំង នៃភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងអាមេរិកលើវិស័យជាច្រើន។ ថ្វីត្បិត តែស្ថិតក្នុងគ្រាលំបាកដោយសារការឆ្លងរាលដាលនៃជំងឺ COVID-19 ក៏ ដោយ ប៉ុន្តែប្រទេសទាំងពីរតែងតែសហការគ្នាយ៉ាងជិតស្និទ្ធ និងគាំទ្រគ្នាទៅវិញទៅមកទាំងទ្វេភាគីនិងក្នុងយន្តការសហប្រតិបត្តិការអាស៊ាន - អាមេរិក ដើម្បីបង្ការនិង ប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត ក៏ដូចជារៀបចំវិធានការដើម្បីស្តារខឿនសេដ្ឋកិច្ចឡើងវិញ រួមទាំងជំរុញការទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្ម - វិនិយោគទៀតផង។
ឆ្លៀតពេលនេះ ឯកអគ្គរដ្ឋទូតលោក Ha Kim Ngoc បានបញ្ជាក់ថា នៅក្នុងអំឡុងពេលដ៏លំបាកនេះ អាស៊ានតែងតែសាមគ្គីភាព ឯកភាពគ្នានិងមានកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពជាមួយដៃគូនានា ក្នុងនោះមានសហរដ្ឋអាមេរិក ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត ព្រមទាំងថ្លែងអំណរគុណចំពោះការជួយឧបត្ថម្ភទាន់ពេលវេលារបស់អាមេរិកសម្រាប់បណ្តាប្រទេសអាស៊ាន ក្នុងនោះមានវៀតណាមផងដែរ ខណៈដែលរដ្ឋាភិបាលសហរដ្ឋអាមេរិក សភានិងប្រជាជនសហរដ្ឋអាមេរិក ក៏កំពុងប្រយុទ្ធប្រឆាំងនឹង COVID-19 ផងដែរ។
ក្នុងឱកាសនេះសមាជិកសភាលោក Joaquin Castro បានអះអាងថា អាមេរិកតែងតែគាំទ្រអាស៊ាន និងគាំទ្រភាពជាដៃគូយុទ្ធសាស្ត្រអាមេរិក - អាស៊ាន ក៏ដូចជាគាំទ្រឆ្នាំប្រធានអាស៊ានរបស់ វៀតណាម។ ពាក់ព័ន្ធដល់បញ្ហាសមុទ្រខាងកើត សមាជិកសភា លោក Joaquin Castro បានបញ្ជាក់ថា ក្រុមអាស៊ាននៃសភាអាមេរិកនិងរូបលោកផ្ទាល់ គឺប្រឆាំងជំទាស់ចំពោះរាល់សកម្មភាពរំលោភអធិបតេយ្យភាព ដើរផ្ទុយនឹងច្បាប់អន្តរជាតិ ការផ្លាស់ប្តូរស្ថានភាពដើម រួមទាំងបណ្តាលឲ្យតំបន់មានអស្ថិរភាពទៀតផង។ សមាជិកសភារូបនេះក៏ បានសម្តែងការគាំទ្រចំពោះការដែលបណ្តាប្រទេសនៅតំបន់មេគង្គក្រោមនិងសហរដ្ឋអាមេរិក នឹងលើកកម្ពស់នូវយន្តការសហប្រតិបត្តិការ ពីគំនិតផ្តួចផ្តើមមេគង្គក្រោម (LMI) ទៅជាភាពជាដៃគូមេគង្គ - អាមេរិក ដើម្បីតំបន់មេគង្គមួយ អភិវឌ្ឍន៍ប្រកបដោយចីរភាព៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម