ព័ត៌មាន

វៀតណាមនឹងរួមវិភាគទានជិត ១,៣ លានដុល្លារអាមេរិកដល់ថវិការក្សាសន្តិភាពអន្តរជាតិ

នេះត្រូវបានបញ្ជាក់ដោយអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម នៅក្នុងជំនួបជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូទែរែស នៅថ្ងៃទី ២៣ ខែកញ្ញា (ម៉ោងក្នុងតំបន់) នៅទីក្រុងញូវយ៉ក ក្នុងឱកាសដែលមេដឹកនាំវៀតណាមចូលរួមនៅក្នុងសម័យពិភាក្សារួមកម្រិតខ្ពស់ នៃមហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី ៨១។

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម ជួបជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូទែរែស នៅថ្ងៃទី ២៣ ខែកញ្ញា (ម៉ោងក្នុងតំបន់) នៅទីក្រុងញូវយ៉ក។ (រូបថត៖ TTXVN)

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានសង្កត់ធ្ងន់ថា ពីប្រទេសមួយដែលទទួលជំនួយ វៀតណាមបានផ្លាស់ប្តូរទៅជាសមាជិកដ៏សកម្មដែលរួមចំណែកជាវិជ្ជមាននិងមានទំនួលខុសត្រូវក្នុងការពង្រឹងតួនាទីមជ្ឈភាពរបស់អង្គការសហប្រជាជាតិ និងគាំទ្រ "គំនិតផ្តួចផ្តើមកំណែទម្រង់ UN80" ដើម្បីបង្កើនប្រសិទ្ធភាពប្រតិបត្តិការរបស់អង្គការផងដែរ។

វៀតណាមនឹងបន្តចូលរួមយ៉ាងទូលំទូលាយក្នុងប្រតិបត្តិការរក្សាសន្តិភាព ដោយផ្តល់ទីស្នាក់ការរដ្ឋបាលឥតគិតថ្លៃសម្រាប់ភ្នាក់ងារអង្គការសហប្រជាជាតិនៅទីក្រុងហាណូយសម្រាប់រយៈពេល ១០ ឆ្នាំខាងមុខ ដែលមានតម្លៃប៉ាន់ស្មាន ៣ លានដុល្លារអាមេរិក រួមវិភាគទានជិត ១,៣ លានដុល្លារដល់ថវិការក្សាសន្តិភាពអន្តរជាតិ និងត្រៀមខ្លួនរួចជាស្រេចធ្វើជាម្ចាស់ផ្ទះនៃសន្និសីទសំខាន់ៗ។

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានស្នើឱ្យអង្គការសហប្រជាជាតិបន្តរួមដំណើរជាមួយវៀតណាមលើការផ្លាស់ប្តូរឌីជីថល ការលើកកំពស់សមត្ថភាព ការចែករំលែកបទពិសោធន៍ និងការតភ្ជាប់ជាមួយបណ្តាញអ្នកជំនាញ បច្ចេកវិទ្យា និងហិរញ្ញវត្ថុអន្តរជាតិ; ស្នើឱ្យអង្គការសហប្រជាជាតិរួមដំណើរជាមួយវៀតណាមក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ជំរុញការផ្លាស់ប្តូរបៃតង ជាពិសេសការកៀរគរធនធាន និងបង្កើនការអនុវត្តក្របខ័ណ្ឌភាពជាដៃគូផ្លាស់ប្តូរថាមពលដោយយុត្តិធម៌ (JETP)។

រីឯខ្លួនវិញ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូទែរែស បានបញ្ជាក់ថា ប្រទេសវៀតណាមបានក្លាយជាសសរស្តម្ភដ៏សំខាន់នៃពហុភាគីនិយម ជាមួយនឹងទំនាក់ទំនងសហប្រតិបត្តិការពិសេសនិងប្លែកពីគេ។ លោកអគ្គលេខាធិការបានសម្តែងក្តីសង្ឃឹមថា វៀតណាមនឹងបន្តចូលរួមយ៉ាងខ្លាំងក្លាក្នុងដំណើរការផ្លាស់ប្តូររបស់ពិភពលោក ដោយរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងជំរុញបច្ចេកវិទ្យាថ្មីៗដូចជា បញ្ញាសិប្បនិម្មិត (AI)៕


top