ព័ត៌មាន

វៀតណាមនិងអូស្ត្រាលីរួមគ្នាបង្កើតកម្លាំងជំរុញកំណើនថ្មី

វៀតណាមចាត់ទុកអូស្ត្រាលីជាដៃគូសំខាន់មួយរបស់ខ្លួននៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ ទំនាក់ទំនងរវាងប្រទេសទាំងពីរកំពុងនៅចំពោះមុខឱកាសថ្មីៗ ជាច្រើន ហើយភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយត្រូវការលើកកម្ពស់បន្ថែមទៀត ដើម្បីឱ្យកាន់តែមានខ្លឹមសារ និងមានប្រសិទ្ធភាព។

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម អញ្ជើញជួបជាមួយលោក Nicolas Moore បេសកជនពិសេសរបស់រដ្ឋាភិបាលអូស្ត្រាលីប្រចាំតំបន់អាស៊ីអាគ្នេយ៍ (រូបថត៖ Thong Nhat/TTXVN)

គោលដៅមិនត្រឹមតែពង្រីកពាណិជ្ជកម្ម និងការវិនិយោគប៉ុណ្ណោះទេ ប៉ុន្តែសំខាន់ជាងនេះទៅទៀត គឺបង្កើតកម្លាំងជំរុញកំណើនថ្មីរួមគ្នា។ នេះជាការបញ្ជាក់របស់អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម នៅក្នុងកិច្ចប្រជុំជាមួយលោក Nicholas Moore បេសកជនពិសេសរបស់រដ្ឋាភិបាលអូស្ត្រាលីប្រចាំអាស៊ីអាគ្នេយ៍ នារសៀលថ្ងៃទី ១០ ខែសីហានៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី។

យោងតាមអគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម វៀតណាមមានលក្ខខណ្ឌជាច្រើនដើម្បីក្លាយជាគោលដៅអាទិភាពសម្រាប់អាជីវកម្ម និងវិនិយោគិនអូស្ត្រាលី ដោយសារគុណសម្បត្តិនៃបរិយាកាសវិនិយោគដែលមានស្ថិរភាព កម្លាំងពលកម្មវ័យក្មេង ទីតាំងយុទ្ធសាស្ត្រនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ និងទំហំទីផ្សារដែលកំពុងពង្រីកកាន់តែខ្លាំងឡើង។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋបានមានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរគួរតែផ្លាស់ប្តូរយ៉ាងខ្លាំងឆ្ពោះទៅរកកម្មវិធីសហប្រតិបត្តិការរយៈពេលវែង ក្នុងវិស័យនវានុវត្តន៍ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការអភិវឌ្ឍធនធានមនុស្ស ហិរញ្ញវត្ថុបៃតង ហេដ្ឋារចនាសម្ព័ន្ធដែលមានគុណភាពខ្ពស់ ខ្សែសង្វាក់ផ្គត់ផ្គង់យុទ្ធសាស្ត្រ ការអប់រំ និងការស្រាវជ្រាវ។ លោកក៏បានសម្តែងក្តីសង្ឃឹមថា វៀតណាមនឹងបន្តជាដៃគូសំខាន់មួយរបស់ប្រទេសអូស្ត្រាលីក្នុងការអនុវត្តយុទ្ធសាស្ត្រសេដ្ឋកិច្ចអាស៊ីអាគ្នេយ៍ ដល់ឆ្នាំ ២០៤០របស់អូស្ត្រាលី។

រីឯខ្លួនវិញ បេសកជនពិសេសរបស់រដ្ឋាភិបាលអូស្ត្រាលីសម្រាប់អាស៊ីអាគ្នេយ៍លោក Nicholas Moore ជឿជាក់ថា ទាំងវៀតណាម និងអូស្ត្រាលីអាចជា "គោលដៅ" សម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាចាប់ផ្តើមអាជីវកម្ម។ វិនិយោគិនជាច្រើនកំពុងចាប់អារម្មណ៍លើប្រទេស វៀតណាម ពីព្រោះប្រទេសនេះបង្ហាញយ៉ាងច្បាស់នូវសារ មហិច្ឆតា និងសេចក្តីប្រាថ្នារបស់ខ្លួនសម្រាប់ការអភិវឌ្ឍ រួមជាមួយនឹងទីផ្សារដ៏ស្វាហាប់។ យោងតាមលោក Nicholas Moore សហគមន៍ជនវៀតណាមដ៏ធំ និងនិស្សិតវៀតណាមដែលកំពុងសិក្សានៅប្រទេសអូស្ត្រាលី ក៏បង្ហាញពីឱកាសដ៏ល្អមួយដើម្បីលើកកម្ពស់សហគ្រិនភាពប្រកបដោយភាពច្នៃប្រឌិត ដែលរួមចំណែកដល់ការរីកចម្រើនរបស់ប្រទេសទាំងពីរផងដែរ៕


top