ព័ត៌មាន

វៀតណាមនិងអង្គការសុខភាពពិភពលោក ជំរុញកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព

នារសៀលថ្ងៃទី ២៨ ខែឧសភា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីលោកស្រី ហ្វាម ធី ថាញ់ ត្រា បានទទួលជួបជាមួយលោកស្រី អេនជេឡា ប្រាត (Angela Pratt) ប្រធានការិយាល័យតំណាងអង្គការសុខភាពពិភពលោក (WHO) ប្រចាំនៅវៀតណាម។
លេខាគណៈកម្មាធិការមជ្ឈិមបក្ស ឧបនាយករដ្ឋមន្ត្រី លោកស្រី ហ្វាម ធីថាញ់ត្រាបានទទួលជួបលោកស្រី អេនជេឡា ប្រាត តំណាងអង្គការសុខភាពពិភពលោកប្រចាំនៅវៀតណាម (រូបថត៖ VOV)

ក្នុងជំនួបនេះ ឧបនាយករដ្ឋមន្ត្រី លោកស្រី ហ្វាម ធី ថាញ់ត្រា បានវាយតម្លៃខ្ពស់ចំពោះការរួមចំណែកដ៏សំខាន់របស់អង្គការសុខភាពពិភពលោកចំពោះការអភិវឌ្ឍប្រព័ន្ធសុខាភិបាល វៀតណាម ក្នុងរយៈពេល ៥០ ឆ្នាំកន្លងមក។ យោងតាមលោកស្រីឧបនាយករដ្ឋមន្ត្រី អាទិភាពបច្ចុប្បន្នរបស់អង្គការសុខភាពពិភពលោកក៏ជាទិសដៅសំខាន់ៗ ដែលវៀតណាមកំពុងផ្តោតលើការអនុវត្ត ជាពិសេសការងារបង្កើនសុខាភិបាលមូលដ្ឋាន ជំរុញការបង្ការជំងឺ លើកកំពស់សមត្ថភាពក្នុងការឆ្លើយតបទៅនឹងគ្រាអាសន្នផ្នែកសុខភាព និងការសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ។

ចំណែកឯលោកស្រី អេនជេឡា ប្រាត ប្រធានការិយាល័យតំណាងអង្គការសុខភាពពិភព លោកប្រចាំនៅប្រទេសវៀតណាមបានឲ្យដឹងថា គោលដៅរបស់អង្គការសុខភាពពិភពលោកក៏ជាអាទិភាពដែលវៀតណាមកំពុងអនុវត្តផងដែរ។ ជាពិសេស អង្គការសុខភាពពិភពលោកមានការចាប់អារម្មណ៍ជាពិសេសក្នុងការអភិវឌ្ឍការថែទាំសុខភាពមូលដ្ឋាន ការបង្កើនការគ្រប់គ្រងថ្នាំជក់ និងការកែលម្អសមត្ថភាពក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ រួមទាំងការគ្រប់គ្រងការបំពុលបរិស្ថានដើម្បីការពារសុខភាពសាធារណៈ។ ក្នុងជំនួបនេះ ភាគីទាំងពីរបានឯកភាពគ្នាលើកកម្ពស់កិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពរវាងវៀតណាមនិងអង្គការសុខភាពពិភពលោក សម្រាប់គោលដៅការពារសុខភាពប្រជាជន និងការអភិវឌ្ឍប្រកបដោយចីរភាព៕


top