ព័ត៌មាន

វៀតណាមនិងហ្ស៊កដានី គួរតែក្លាយជាដៃគូដ៏គួរឲ្យទុកចិត្តឈានមុខគេរបស់គ្នាទៅវិញទៅមកនៅក្នុងតំបន់នីមួយៗ

កាលពីរសៀលថ្ងៃទី ៣ ខែកុម្ភៈ នៅទីស្នាក់ការមជ្ឈិមបក្ស (ហាណូយ) លោកអគ្គលេខាបក្ស តូ ឡឹម បានទទួលជួបលោក Mazen Turki El Qadi ប្រធានសភាតំណាងរាស្ត្រហ្ស៊កដានី ក្នុងឱកាសនៃដំណើរទស្សនកិច្ចជាផ្លូវការរបស់លោកប្រធានសភាតំណាងរាស្ត្រនៅវៀតណាមចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ ២០២៦។

លោកអគ្គលេខាបក្ស តូ ឡឹម ទទួលជួបលោក Mazen Turki El Qadi ប្រធានសភាតំណាងរាស្ត្រហ្ស៊កដានី។ (រូបថត៖ TTXVN)

លោកអគ្គលេខាបក្ស តូ ឡឹម បានសង្កត់ធ្ងន់ថា ទាំងហ្ស៊កដានី និងវៀតណាម កំពុងស្ថិតនៅពេលវេលាបង្កើតយុគសម័យអភិវឌ្ឍន៍ថ្មី ហើយចូលរួមយ៉ាងសកម្មក្នុងការដោះស្រាយបញ្ហារួមរបស់សហគមន៍អន្តរជាតិ។ ក្នុងស្មារតីនោះ លោកអគ្គលេខាបក្ស បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងការពង្រឹង និងលើកកម្ពស់ទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពជាមួយហ្ស៊កដានីបន្ថែមទៀត។

លោក Mazen Turki El Qadi ប្រធានសភាតំណាងរាស្ត្របានឲ្យដឹងថា ហ្ស៊កដានីមានបំណងចង់សហការ និងផ្លាស់ប្តូរបទពិសោធន៍នៅក្នុងវិស័យដែលវៀតណាមមានប្រៀបខ្លាំង ជាពិសេសក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងបច្ចេកវិទ្យាដែលទើបលេចចេញ។

លោកអគ្គលេខាបក្ស តូ ឡឹម និងលោកប្រធានសភាតំណាងរាស្រ្ត Mazen Turki El Qadi បានឯកភាពគ្នាថា ប្រទេសទាំងពីរគួរតែក្លាយជាដៃគូដ៏គួរឲ្យទុកចិត្តឈានមុខគេរបស់គ្នាទៅវិញទៅមកនៅក្នុងតំបន់នីមួយៗ ហើយពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិ សន្តិសុខ និងសេដ្ឋកិច្ចជាដើម។

ភាគីទាំងពីរក៏បានឯកភាពសហការគ្នាដើម្បីរួមចំណែកជាក់ស្តែង និងមានប្រសិទ្ធភាពចំពោះកិច្ចខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់សន្តិភាព ដោះស្រាយជម្លោះ និងការកសាងឡើងវិញនៅក្នុងតំបន់ រួមទាំងការចូលរួមយ៉ាងសកម្មនៅក្នុងក្រុមប្រឹក្សាសន្តិភាពដើម្បីបញ្ឈប់ជម្លោះនៅតំបន់ហ្គាហ្សា ដែលទាំងវៀតណាម និងហ្ស៊កដានីជាសមាជិកផងដែរ៕


top