នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីស្នាក់ការក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ ផាន់ វ៉ាន់ យ៉ាង រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានអញ្ជើញជាអធិបតីក្នុងពិធីទទួលស្វាគមន៍ជាផ្លូវការសម្រាប់លោក Robert Kalinak ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការពារជាតិស្លូវ៉ាគី ក្នុងដំណើរទស្សនកិច្ចផ្លូវការនៅវៀតណាម ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែវិច្ឆិកា។
នាយឧត្តមសេនីយ៍ ផាន់ វ៉ាន់ យ៉ាង និងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិស្លូវ៉ាគី លោក Robert Kalinak ត្រួតពលកងកិត្តិយសនៃកងទ័ពប្រជាជនវៀតណាម។ រូបថត៖ Nguyen Nhung/VOV
នៅក្នុងកិច្ចពិភាក្សាបន្ទាប់ពីពិធីស្វាគមន៍ ភាគីទាំងពីរបានពិភាក្សាអំពីស្ថានភាពពិភពលោកនិងតំបន់ ព្រមទាំងបញ្ហាដែលមានការយកចិត្តទុកដាក់ទៅវិញទៅមក។ រដ្ឋមន្ត្រី លោក ផាន់ វ៉ាន់ យ៉ាង បានស្នើថា នាពេលខាងមុខ ភាគីទាំងពីរផ្តោតលើកិច្ចសហប្រតិបត្តិការលើវិស័យដូចជា៖ ការលើកកម្ពស់កិច្ចសហប្រតិបត្តិការលើការថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ; លើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាល ក្នុងនោះ ក្រសួងការពារជាតិវៀតណាមសង្ឃឹមថា ស្លូវ៉ាគីនឹងពិចារណាទទួលយកយុទ្ធជនវៀតណាមឱ្យចូលរួមក្នុងវគ្គបណ្តុះបណ្តាលជាភាសាស្លូវ៉ាគី និងក្នុងវិស័យឯកទេសដែលស្លូវ៉ាគីមានប្រៀបខ្លាំង។ ក្រសួងការពារ្រទេសវៀតណាមត្រៀមខ្លួនជាស្រេចដើម្បីទទួលយកទាហានស្លូវ៉ាគីមកសិក្សាភាសាវៀតណាម និងចូលរួមក្នុងវគ្គសិក្សាមន្ត្រីការពារជាតិអន្តរជាតិ។ ជាមួយគ្នានេះ ភាគីទាំងពីរបានស្នើឱ្យស្វែងរកឱកាសសហប្រតិបត្តិការក្នុងវិស័យដូចជា៖ សន្តិសុខតាមអ៊ីនធឺណិត ការបោសសម្អាតមីន ការជំនះផលវិបាកនៃសង្គ្រាម ការឆ្លើយតបទៅនឹងបញ្ហាប្រឈមមិនមែនប្រពៃណី។ល។ នាយឧត្តមសេនីយ៍លោក ផាន់ វ៉ាន់ យ៉ាង ក៏សង្ឃឹមថា ស្លូវ៉ាគីនឹងយកចិត្តទុកដាក់ និងបញ្ជូនអនុព័ន្ធយោធាមកកាន់ប្រទេសវៀតណាមក្នុងពេលឆាប់ៗនេះ។
ចំណែកលោក Robert Kalinak ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិស្លូវ៉ាគី បានយល់ព្រមបញ្ជូនអនុព័ន្ធយោធាស្លូវ៉ាគីមកកាន់ប្រទេសវៀតណាម; ស្នើថា នៅពេលខាងមុខ ភាគីទាំងពីរគួរតែពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យដូចជា៖ ឧស្សាហកម្មការពារជាតិ ការផ្លាស់ប្តូរគណៈប្រតិភូគ្រប់កម្រិត សន្តិសុខតាមអ៊ីនធឺណិត...៕