ព័ត៌មាន

វៀតណាមនិងសហព័ន្ធរុស្ស៊ីពង្រឹងកិច្ចសហប្រតិបត្តិការលើច្បាប់យោធា និងការពារជាតិ

នា​រសៀលថ្ងៃទី១២ ខែឧសភា នៅទីករុងហាណូយ បាន​ប្រព្រឹត្តទៅកិច្ចសន្ទនា រវាងនាយកដ្ឋានច្បាប់នៃក្រសួងការពារ​ប្រទេស ជាមួយ​នាយកដ្ឋានច្បាប់នៃក្រសួងការពារជាតិ​សហព័ន្ធ​រុស្ស៊ី។

ទិដ្ឋភាពនៃកិច្ច​សន្ទនា​។ រូបថត៖ qdnd.vn

វរសេនីយ៍ឯក វូ វ៉ាន់ គៀម អនុប្រធាននាយកដ្ឋានច្បាប់នៃក្រសួងការពារ​ប្រទេសវៀតណាម និងលោក Nikolai Vasilyevich Petrakov (នីកូឡៃ វ៉ាស៊ីលីវិច ពេត្រាកូវ) អនុប្រធាននាយកដ្ឋានច្បាប់នៃក្រសួងការពារជាតិសហព័ន្ធ​រុស្ស៊ី បានធ្វើជាសហ​អធិបតីនៃកិច្ច​សន្ទនានេះ។

នៅក្នុង​កិច្ច​សន្ទនា ភាគីទាំងពីរបានបញ្ជាក់ពីភាពចាំបាច់ និងសក្តានុពលដ៏​ធំធេងនៃការពង្រីកកិច្ចសហប្រតិបត្តិការវិជ្ជាជីវៈ; ដោយសង្កត់ធ្ងន់ថា ទំនាក់ទំនងសហប្រតិបត្តិការរវាងនាយកដ្ឋានច្បាប់នៃក្រសួងការពារ​ប្រទេសវៀតណាម និងនាយកដ្ឋានច្បាប់នៃក្រសួងការពារជាតិសហព័ន្ធ​រុស្ស៊ី មានមូលដ្ឋានដ៏រឹងមាំនៅក្នុងអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងទាំងពីរ ស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យច្បាប់យោធា និងការពារជាតិ ដែលបានចុះហត្ថលេខានៅឆ្នាំ២០២២។

ដើម្បីសម្រេចបាន និងធ្វើ​ឱ្យខ្លឹមសារនៃអនុស្សរណៈយោគយល់គ្នា​កាន់តែស៊ីជម្រៅ ជាក់​ស្តែង និង​មាន​ប្រសិទ្ធិភាពថែមទៀត ភាគីទាំងពីរបានឯកភាពផ្តោតលើការបង្កើន​ការផ្លាស់ប្តូរគណៈប្រតិភូ​ទៅវិញទៅមក​ក្នុងរយៈពេលខាងមុខ; ជំរុញ​ការ​ ផ្លាស់ប្តូរបទពិសោធន៍ក្នុងការងារនីតិបញ្ញត្តិ កែលម្អស្ថាប័នយោធានិងការពារជាតិ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍស្ថាប័នរបស់ភាគីនីមួយៗ; បង្កើន​កិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាល និងអភិវឌ្ឍធនធានមនុស្សផ្នែកច្បាប់យោធា។ល។

លទ្ធផលជាក់ស្តែងនៃកិច្ច​សន្ទនានឹងរួមចំណែកដល់ការសុក្រឹត្យក្របខ័ណ្ឌច្បាប់​ និង​លើក​កម្ពស់ប្រសិទ្ធភាពនៃច្បាប់យោធានៅក្នុងប្រទេសនីមួយៗ៕​


top