បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ច នៅរសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាម លោក To Lam និងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានអញ្ជើញជួបពិភាក្សាគ្នា ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ជាច្រើនរូបមកពីភាគីទាំងពីរ។ នេះជាការសន្ទនាផ្ទាល់លើកដំបូង រវាងលោកប្រធានរដ្ឋ To Lam និងលោកប្រធានាធិបតី V.Putin ក្នុងតំណែងថ្មី។
ទិដ្ឋភាពនៃជំនួបពិភាក្សា (រូបថត៖ VOV)
នៅក្នុងកិច្ចពិភាក្សា
ថ្នាក់ដឹកនាំទាំងពីរបានឯកភាពគ្នាលើទិសដៅ និងវិធានការសំខាន់ៗ
ដើម្បីបង្កើនបន្ថែមទៀតនូវភាពជាដៃគូ និងយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម
និងសហព័ន្ធរុស្ស៊ី។ ភាគីទាំងពីរបានឯកភាពពង្រឹងទំនាក់ទំនងដោយឈរលើមូលដ្ឋាន
នៃការជឿទុកចិត្តគ្នាទៅវិញទៅមក មានផលប្រយោជន៍ទៅវិញទៅមក
និងមិនជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់គ្នាទៅវិញទៅមក
ដោយឈរលើគោលការណ៍ជាមូលដ្ឋាននៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ។
ទាក់ទងនឹងនយោបាយ
ការទូត ភាគីទាំងពីរបានឯកភាពបន្តលើកកម្ពស់ទំនុកចិត្តនយោបាយ
តាមរយៈការបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់
ជាពិសេសនៅកម្រិតខ្ពស់បំផុត។ ជំរុញយន្តការសហប្រតិបត្តិការតាមរយៈបណ្តាញរបស់បក្ស រដ្ឋ
រដ្ឋាភិបាល រដ្ឋសភា ក្រសួង ស្ថាប័ន មូលដ្ឋាន
និងការជួបប្រាស្រ័យរវាងយុវជនជំនាន់ក្រោយ។
ទាក់ទិននឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច
ភាគីទាំងពីរបានឯកភាពដាក់ពង្រាយប្រកបដោយប្រសិទ្ធភាព ធ្វើការចរចាយ៉ាងឆាប់ៗ
និងធ្វើឱ្យប្រសើរឡើងនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាម
និងសម្ព័ន្ធសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប។ ខិតខំប្រឹងប្រែងដើម្បីលុបបំបាត់ការលំបាក
និងឧបសគ្គដែលបណ្តាលមកពីផលប៉ះពាល់មិនអំណោយផល នៃសេដ្ឋកិច្ចពិភពលោក
ដើម្បីលើកកម្ពស់ពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី។
ភាគីទាំងពីរគាំទ្រការបន្តលើកកម្ពស់ប្រសិទ្ធភាពនៃគម្រោងសំខាន់ៗក្នុងវិស័យថាមពល
ប្រេង និងឧស្ម័ន បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ធុរកិច្ចនៃប្រទេសទាំងពីរក្នុងការពង្រីកការវិនិយោគ
និងប្រតិបត្តិការលើទឹកដីរបស់គ្នាទៅវិញទៅមក ស្របតាមច្បាប់របស់ប្រទេសទាំងពីរ
និងច្បាប់អន្តរជាតិ។
ភាគីទាំងពីរមានបំណងជំរុញកិច្ចសហប្រតិបត្តិការ
លើវិស័យការពារជាតិ និងសន្តិសុខ ឆ្លើយតបទៅនឹងបញ្ហាប្រឈមសន្តិសុខក្រៅប្រពៃណី ដោយ
ឈរលើមូលដ្ឋានច្បាប់អន្តរជាតិ និងការអនុវត្តជាក់ស្តែង រួមចំណែកដល់សន្តិភាព
និងសន្តិសុខក្នុងតំបន់ និងពិភពលោក។ វៀតណាម
និងសហព័ន្ធរុស្ស៊ីបានឯកភាពបន្តបង្កើតលក្ខណៈងាយស្រួលសម្រាប់ប្រជាពល
រដ្ឋរៀងៗខ្លួនក្នុងការរស់នៅ សិក្សា និងធ្វើការនៅប្រទេសនីមួយៗប្រកប ដោយស្ថិរភាព
ធ្វើជាស្ពានតភ្ជាប់មិត្តភាពរវាងប្រទេសទាំងពីរ។
ទាក់ទងនឹងបញ្ហាក្នុងតំបន់
និងអន្តរជាតិ
ភាគីទាំងពីរគាំទ្រការកសាងប្រព័ន្ធទំនាក់ទំនងអន្តរជាតិប្រកបដោយប្រជាធិបតេយ្យ
យុត្តិធម៌ និងតម្លាភាព ដោយផ្អែកលើច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ។
ទាក់ទិននឹងបញ្ហាសមុទ្រខាងកើត
ភាគីទាំងពីរគាំទ្រការធានាសន្តិសុខ និងសុវត្ថិភាព សេរីភាពនៃការធ្វើនាវាចរណ៍
និងអាកាសចរណ៍ មិនប្រើប្រាស់ ឬគម្រាមកំហែងក្នុងការប្រើប្រាស់កម្លាំង
ដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមធម្មនុញ្ញអង្គការសហប្រជាជាតិ
និងច្បាប់អន្តរជាតិ ជាពិសេស អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ ឆ្នាំ
១៩៨២ (UNCLOS ១៩៨២) គាំទ្រការអនុវត្តពេញលេញនៃ DOC
(សេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត)
និងការចរចារដំណាក់កាលដំបូងឆ្ពោះទៅរក COC (ក្រមប្រតិបត្តិនៃភាគីនានានៅសមុទ្រខាងកើត)
ដែលអនុវត្តជាក់ស្តែង មានប្រសិទ្ធភាព និងស្របតាមច្បាប់អន្តរជាតិ។
ក្នុងឱកាសនេះ
ភាគីទាំងពីរបានអនុម័តលើសេចក្តីថ្លែងការណ៍រួមស្តីពីការធ្វើឲ្យស៊ីជម្រៅថែមទៀត
ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ៕