នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង បានជួបសន្ទនាតាមទូរស័ព្ទជាមួយ
នាយករដ្ឋមន្ត្រីចិន លោក លី ឈាង។ រូបថត៖ VNA
លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បានស្នើឱ្យភាគីទាំងពីរពង្រឹងទំនុកចិត្តយុទ្ធសាស្ត្របន្ថែមទៀត រៀបចំឲ្យបានល្អនូវកម្មវិធីជួបប្រាស្រ័យជាន់ខ្ពស់ យន្តការសហប្រតិបត្តិការដែលមានស្រាប់; ជំរុញខ្លាំងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ បង្កើតប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ ផ្តល់អាទិភាពដល់កិច្ចសហប្រតិបត្តិការផ្លូវដែក និងជំរុញការតភ្ជាប់ជាមួយប្រទេស និងតំបន់ដទៃទៀត; ជំរុញការអភិវដ្ឍពាណិជ្ជកម្មទ្វេភាគីប្រកបដោយតុល្យភាព និងចីរភាព ដាក់ឲ្យដំណើរការគំរូច្រកទ្វារព្រំដែនឆ្លាតវៃក្នុងពេលឆាប់ៗនេះ សាងសង់តំបន់សហប្រតិបត្តិការសេដ្ឋកិច្ចឆ្លងដែន និងសម្រួលដល់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងវិនិយោគ។ លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង ក៏មានបំណងថា ភាគីទាំងពីរនឹងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើវិទ្យាសាស្ត្រ បច្ចេកវិទ្យា ការអប់រំ ការបណ្តុះបណ្តាលធនធានមនុស្សដែលមានគុណភាពខ្ពស់ និងសុខាភិបាល; ជំរុញខ្លាំងនូវកិច្ចសហប្រតិបត្តិការវប្បធម៌ ទេសចរណ៍ ក៏ដូចជាអនុវត្តន៍ឆ្នាំសហប្រតិបត្តិការទេសចរណ៍វៀតណាម-ចិន ឆ្នាំ២០២៦-២០២៧ ប្រកបដោយប្រសិទ្ធភាពផងដែរ។
ទិដ្ឋភាពនៃជំនួបនេះ។ រូបថត៖ VNA
លោកនាយករដ្ឋមន្ត្រី លី ឈាង បានបញ្ជាក់ថា ប្រទេសចិនជានិច្ចកាលចាត់ទុកវៀតណាមជាអាទិភាពនៅក្នុងគោលនយោបាយការទូតអ្នកជិតខាង។ ចិននឹងរួមជាមួយវៀតណាម ប្រកាន់ខ្ជាប់នូវការយោគយល់គ្នាជាន់ខ្ពស់ ពង្រឹងការតភ្ជាប់យុទ្ធសាស្ត្រអភិវឌ្ឍន៍ និងជំរុញកិច្ចសហប្រតិបត្តិការជាក់ស្ដែងលើវិស័យនានា។ លោកនាយករដ្ឋមន្ត្រី លី ឈាង បានបញ្ជាក់ថា ចិនត្រៀមខ្លួនជាស្រេចពង្រឹងកិច្ចសហប្រតិបត្តិការផ្លូវដែករវាងប្រទេសទាំងពីរ និងបង្កើនការតភ្ជាប់ជាមួយប្រទេស និងតំបន់ដទៃទៀត; ជំរុញការតភ្ជាប់ពាណិជ្ជកម្មកសិកម្ម; លើកទឹកចិត្តសហគ្រាសដែលមានកិត្យានុភាព និងសមត្ថភាពឱ្យពង្រីកការវិនិយោគដែលមានគុណភាពខ្ពស់ ជាពិសេសក្នុងវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍; ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការធានាថាមពល ការតភ្ជាប់អគ្គិសនី និងបង្កើនការជួបប្រាស្រ័យមិត្តភាពរវាងប្រជាជនផងដែរ។
នាយករដ្ឋមន្ត្រីទាំងពីររូបក៏បានផ្លាស់ប្តូរទស្សនៈលើបញ្ហាអន្តរជាតិ និងតំបន់ដែលមានការយកចិត្តទុកដាក់ដូចគ្នា ដោយបញ្ជាក់ពីការសម្របសម្រួលយ៉ាងជិតស្និទ្ធ ដើម្បីធានាបាននូវភាពជោគជ័យនៃឆ្នាំ APEC ២០២៦ និង ២០២៧ ដែលនឹងប្រព្រឹត្តទៅនៅប្រទេសចិននិងវៀតណាម។ ភាគីទាំងពីរក៏បានឯកភាពគ្នាគ្រប់គ្រង និងដោះស្រាយការខ្វែងគំនិតគ្នាឲ្យបានកាន់តែប្រសើរឡើង រក្សាសន្តិភាព និងស្ថិរភាពនៅសមុទ្រ ពង្រឹងបរិយាកាសអំណោយផលសម្រាប់ការអភិវឌ្ឍរបស់ប្រទេសនីមួយៗ៕