ព័ត៌មាន

វៀតណាមនិងកម្ពុជា ឯកភាពគ្នាខិតខំបង្កើនពាណិជ្ជកម្មទ្វេភាគីដល់ ២០ ពាន់លានដុល្លារអាមេរិក

នារសៀលថ្ងៃទី ៩ ខែតុលា បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការដ៏ឧឡារិកនៅវិមានសន្តិភាព ក្នុងរាជធានីភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានដំណើរការជំនួបពិភាក្សា។

 នាយករដ្ឋមន្ត្រីទាំងពីររូបបានធ្វើជាសាក្សីនៃពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងសហគ្រាសនៃប្រទេសទាំងពីរ។ (រូបថត៖ VNA)

នៅក្នុងជំនួបនេះ នាយករដ្ឋមន្ត្រីទាំងពីររូបបានឯកភាពគ្នាបន្តអនុវត្តន៍រាល់កិច្ចព្រមព្រៀងដែលសម្រេចបានប្រកបដោយប្រសិទ្ធភាព ដោយលើកកម្ពស់តួនាទីនៃយន្តការសហប្រតិបត្តិការទ្វេភាគី និងបង្កើតមូលដ្ឋានគ្រឹះរឹងមាំសម្រាប់នាំទំនាក់ទំនងនៃប្រទេសទាំងពីរអភិវឌ្ឍន៍ប្រកបដោយស្ថិរភាព ជាក់ស្តែងនិងនិរន្តរភាព។ នាយករដ្ឋមន្ត្រីទាំងពីររូបក៏បានយល់ព្រមពង្រឹងកិច្ចសហប្រតិបត្តិការ និងសម្របសម្រួលយ៉ាងជិតស្និទ្ធ ដើម្បីធានាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមនៅក្នុងប្រទេសនីមួយៗ។

ទាក់ទងនឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគ ភាគីទាំងពីរបានយល់ព្រមខិតខំបង្កើនពាណិជ្ជកម្មទ្វេភាគីដល់ ២០ ពាន់លានដុល្លារអាមេរិកនាពេលអនាគតដ៏ខ្លីខាងមុខ។ ភាគីទាំងពីរក៏បានយល់ព្រមពង្រឹងកិច្ចសហប្រតិបត្តិការរវាងតំបន់នានា ជាពិសេសខេត្តជាប់ព្រំដែន; ជំរុញការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ពាណិជ្ជកម្ម និងការតភ្ជាប់ភស្តុភារកម្មនឹងជួយសម្រួលដល់លំហូរទំនិញ រួមទាំងការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជន។ ភាគីទាំងពីរនឹងសម្របសម្រួលរៀបចំសកម្មភាពនានាក្នុងក្របខ័ណ្ឌនៃ “ឆ្នាំមិត្តភាពវៀតណាម-កម្ពុជា ២០២៧” ដើម្បីរំលឹកខួបលើកទី ៦០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ២៤ មិថុនា ១៩៦៧ - ២៤ មិថុនា ២០២៧។

បន្ទាប់ពីកិច្ចពិភាក្សា លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា  បានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការទ្វេភាគីចំនួនប្រាំមួយ ក្នុងវិស័យសន្តិសុខ ការបង្ការប្រយុទ្ធបប្រឆាំងគ្រឿងញៀន ពាណិជ្ជកម្ម វប្បធម៌ ការអប់រំ និងបណ្តុះបណ្តាល។

នៅរសៀលថ្ងៃដែល លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង និងសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានធ្វើជាសហប្រធាននៃវេទិកាធុរកិច្ចវៀតណាម-កម្ពុជា ឆ្នាំ ២០២៦។ នៅក្នុងវេទិកានេះ នាយករដ្ឋមន្ត្រីទាំងពីររូបបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងបរិបទនៃខ្សែសង្វាក់ផ្គត់ផ្គង់សកលដែលមានភាពប្រែប្រួល ដើម្បីសម្រេចគោលដៅនាំទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបាន ២០ពាន់លានដុល្លារអាមេរិក។ លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បានស្នើថា៖ “រដ្ឋាភិបាលទាំងពីរនឹងបន្តពិនិត្យ និងធ្វើឱ្យនីតិវិធីវិនិយោគ ដីធ្លី អន្តោប្រវេសន៍ គយ និងចត្តាឡីស័កមានភាពសាមញ្ញ; រក្សាយន្តការសម្រាប់ការសន្ទនាជាប្រចាំរវាងរដ្ឋាភិបាល និងអាជីវកម្មនៃប្រទេសទាំងពីរយ៉ាងហោចណាស់ម្តងក្នុងមួយឆ្នាំ ដើម្បីដោះស្រាយឧបសគ្គណាមួយឱ្យបានឆាប់រហ័ស។ ផ្តល់អាទិភាពដល់ការអភិវឌ្ឍបណ្តាញផ្លូវហាយវេ ផ្លូវដែក និងផ្លូវទឹក; ជំរុញវឌ្ឍនភាពនៃផ្លូវល្បឿនលឿនទីក្រុងហូជីមិញ – ម៉ុកបៃ – បាវិត – ភ្នំពេញ; ធ្វើឱ្យប្រសើរឡើងនូវច្រកព្រំដែន ទីផ្សារព្រំដែន និងមជ្ឈមណ្ឌលភស្តុភារកម្ម; អនុវត្តគំរូ “ច្រកចេញចូលតែមួយ” ប្រកបដោយប្រសិទ្ធភាពនៅតាមច្រកព្រំដែនសំខាន់ៗ ដើម្បីកាត់បន្ថយពេលវេលា និងថ្លៃដើមសម្រាប់ចរាចរទំនិញ”។

ដើម្បីសម្រេចគោលដៅនាំទំហំពាណិជ្ជកម្ម ទ្វេភាគីចំនួន ២០ ពាន់លានដុល្លារអាមេរិក សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ពីដំណោះស្រាយជាយុទ្ធសាស្ត្រ និងជាក់ស្តែង។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏បានស្នើឱ្យផ្លាស់ប្តូរពី “ច្រករបៀងដឹកជញ្ជូន” ទៅជា “ច្រករបៀងសេដ្ឋកិច្ច និងផលិតកម្ម”។

នៅចុងបញ្ចប់នៃវេទិកា នាយករដ្ឋមន្ត្រីទាំងពីររូបបានធ្វើជាសាក្សីនៃពិធីចុះហត្ថលេខា លើអនុស្សរណៈយោគយល់គ្នាចំនួនបួនរវាងប្រទេសទាំងពីរ៕


top