នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc
ក្នុងឱកាសនាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទៅបំពេញទស្សនកិច្ច នៅប្រទេសកាណាដានិងចូលរួមកិច្ចប្រជុំកំពូលក្រុម G7 បើកទូលាយនៅខេត្ត Quebec ទំព័រវេបសាយរបស់មូលនិធិអាស៊ី ប៉ាស៊ីហ្វិក (APF Canada) បានបង្ហោះបទឆ្លើយសម្ភាសន៍ របស់នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ស្ដីពីការរួមវិភាគទានរបស់វៀតណាម នៅក្នុងកិច្ចប្រជុំនិងឋានៈកាន់តែកើនឡើងៗ របស់វៀតណាមលើឆាកអន្តរជាតិ។
ពីគោលនយោបាយនាបច្ចុប្បន្នរបស់វៀតណាម ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រនិងការពារបរិស្ថានសមុទ្រ លោក Nguyen Xuan Phuc បានបញ្ជាក់ថា សេដ្ឋកិច្ចសមុទ្រនិងការអភិវឌ្ឍឆ្ពោះទៅសមុទ្រ គឺជាទិសដៅអភិវឌ្ឍយុទ្ធសាស្ត្ររបស់វៀតណាម ដោយទស្សនៈវិស័យកសាងវៀតណាម ក្លាយទៅជាប្រទេសខ្លាំងមាំមួនអំពីសមុទ្រ។ វៀតណាម បានដាក់ចេញគោលដៅដល់ឆ្នាំ២០២០ សេដ្ឋកិច្ចនៅលើសមុទ្រ និងនៅតាមឆ្នេសមុទ្រនឹងស្រូបយក៥៥%នៃ GDP សរុប និង៦០%នៃទំហំនាំចេញរបស់ប្រទេសជាតិ។ ដើម្បីអនុវត្តន៍ទស្សនៈវិស័យនិងគោលដៅខាងលើ វៀតណាមបាន និងកំពុងលាតត្រដាងអនុវត្តន៍គោលនយោបាយផែនការ និងវិធានការជាច្រើនសំដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសមុទ្រ និងការពារបរិស្ថានសមុទ្រ។
ឆ្លើយសំណួរស្ដីពីការផ្ដួចផ្ដើមគំនិត របស់វៀតណាមនៅកិច្ចប្រជុំ G7 បើកទូលាយឆ្នាំនេះ នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា នៅកិច្ចប្រជុំលើកនេះ វៀតណាមបានរួមវិភាគទានដ៏ជាក់ស្ដែង និងមានការទទួលខុសត្រូវក្នុងការពិភាក្សា លើខ្លឹមសារសំខាន់ៗ ពិសេសគឺការជំរុញឲ្យអនុវត្តន៍យ៉ាងហ្មឺងម៉ាត់ នូវកិច្ចព្រមព្រៀងក្រុងប៉ារីស ស្ដីពីការទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ (COP 21) ការពារបរិស្ថានអេកូឡូស៊ីសមុទ្រ និងរាំងស្កាត់ការបញ្ចេញសំរាមប៉្លាស្ទិកចូលទៅក្នុងមហាសមុទ្រ។ វៀតណាម បានស្នើឲ្យសហគមន៍អន្តរជាតិពិភាក្សា លើលទ្ធភាពឆ្ពោះទៅកិច្ចព្រមព្រៀងសកលលោកមួយ ស្ដីពីការរាំងស្កាត់ការបញ្ចេញសំរាម និងកាកសំណល់ប៉្លាស្ទិកចូលទៅក្នុងមហាសមុទ្រ ដូចជាកិច្ចព្រមព្រៀង COP។ ទន្ទឹមនឹងនោះ វៀតណាមក៏បានស្នើឲ្យក្រុម G7 ពិចារណាបង្កើតវេទិកាសហប្រតិបត្តិការបើកទូលាយរវាង G7 ជាមួយប្រទេសជាប់សមុទ្រ ស្ដីពីការទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ ការឡើងនីវ៉ូទឹកសមុទ្រ និងការពារបរិស្ថានអេកូឡូស៊ីសមុទ្រផងដែរ។
នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc អះអាងថា វៀតណាមត្រៀមខ្លួនជាស្រេចបង្កើនកិច្ចសហប្រតិបតិ្តការ ជាមួយប្រទេសនិងដៃគូទាំងអស់ ដើម្បីការអភិវឌ្ឍដោយចីរភាពនិងវិបុលភាពរួមរបស់ផែនដីទាំងមូល៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម