នៅថ្ងៃទី ២-៣ ខែមីនា ឆ្នាំ ២០២២ ក្រុមប្រឹក្សាអភិបាលនៃទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) បានបើកកិច្ចប្រជុំបន្ទាន់មួយតាមសំណើរបស់កាណាដា និងប៉ូឡូញ ដើម្បីពិភាក្សាអំពីផលប៉ះពាល់នៃស្ថានភាពនៅអ៊ុយក្រែន ចំពោះសុវត្ថិភាព និងសន្តិសុខនុយក្លេអ៊ែរ ក៏ដូចជាសកម្មភាពត្រួតពិនិត្យនុយក្លេអ៊ែររបស់ IAEA។
រោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia នៅទីក្រុង Enerhodar អ៊ុយក្រែន បានឆាបឆេះកាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២។ (រូបថត៖ AFP/TTXVN)
ថ្លែងមតិនៅក្នុងជំនួបនេះ ឯកអគ្គរដ្ឋទូតលោក Nguyen Trung Kien តំណាងអចិន្ត្រៃយ៍វៀតណាមប្រចាំនៅ IAEA សមាជិកក្រុមប្រឹក្សាអភិបាលអាណត្តិ ២០២១-២០២៣ បានឲ្យដឹងថា វៀតណាមមានការព្រួយបារម្ភយ៉ាងខ្លាំង និងចែករំលែកក្តីកង្វល់របស់បណ្តាប្រទេស ចំពោះសុវត្ថិភាព និងសន្តិសុនុយក្លេអ៊ែរ នៅក្នុងប្រទេសអ៊ុយក្រែន។ វៀតណាមបានស្នើរឱ្យភាគីពាក់ព័ន្ធ គោរពតាមកាតព្វកិច្ចរបស់ខ្លួន ក្រោមច្បាប់អន្តរជាតិ ក៏ដូចជាអនុវត្តយ៉ាងម៉ឺងម៉ាត់នូវស្តង់ដារ និងគោលការណ៍ណែនាំរបស់ IAEA ស្តីពីការធានាសុវត្ថិភាព សន្តិសុខនុយក្លេអ៊ែរ និងអធិការកិច្ចនុយក្លេអ៊ែរ ដើម្បីជៀសវាងឧប្បត្តិហេតុគួរឲ្យសោកស្តាយកើតឡើង។
ម៉្យាងវិញទៀត វៀតណាមបានអះអាងថា IAEA គឺជាអង្គការអន្តរជាតិឯករាជ្យ លើវិស័យជំនាញការអភិវឌ្ឍន៍ និងអនុវត្តបច្ចេកវិទ្យានុយក្លេអ៊ែរ ដូច្នេះរាល់សកម្មភាព និងសេចក្តីសម្រេចរបស់ IAEA គួរតែត្រូវបានពិចារណា និងអនុម័ត ដោយឈរលើមូលដ្ឋានប្រកាន់ខ្ជាប់ទៅនឹងមុខងារ និងភារកិច្ចរបស់អង្គការនេះ៕