ព័ត៌មាន

វៀតណាមចាត់ទុកសហរដ្ឋអាមេរិកជាដៃគូមួយដែលមានសារសំខាន់បំផុត

នារសៀលថ្ងៃទី ៩ ខែមីនា នៅទីក្រុងហាណូយ អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម បានទទួលជួបលោក Scott Strazik ប្រធាន និងជាអគ្គនាយកប្រតិបត្តិនៃសម្ព័ន្ធក្រុមហ៊ុន GE Vernova របស់សហរដ្ឋអាមេរិក។

អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម បានទទួលជួបលោក Scott Strazik ប្រធាន និងជាអគ្គនាយកប្រតិបត្តិនៃសម្ព័ន្ធក្រុមហ៊ុន GE Vernova របស់សហរដ្ឋអាមេរិក។ (រូបថត៖ VNA)

លោកអគ្គលេខាបក្ស តូ ឡឹម បានអះអាងថា វៀតណាមចាត់ទុកសហរដ្ឋអាមេរិកជាដៃគូមួយដែលមានសារសំខាន់បំផុត ហើយបានសម្តែងគោលបំណងចង់ឱ្យកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបន្តអភិវឌ្ឍន៍យ៉ាងសក្តិសម នឹងកម្រិតយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រុយ ក្នុងនោះកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បន្តជាកម្លាំងចលករចម្បង និងជាគំរូសម្រាប់កិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកក្នុងទំនាក់ទំនងអន្តរជាតិ។ លោកអគ្គលេខាបក្ស បានបញ្ជាក់ថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ និងបង្កើតលក្ខខណ្ឌងាយស្រួលសម្រាប់សម្ព័ន្ធក្រុមហ៊ុនថាមពលរបស់អាមេរិក ក្នុងការវិនិយោគនិងធ្វើអាជីវកម្មនៅវៀតណាម ដើម្បីនាំមកនូវអត្ថប្រយោជន៍ជាក់ស្តែងដល់ប្រជាជន និងសហគ្រាសនៃប្រទេសទាំងពីរ។ លោកអគ្គលេខាបក្ស តូ ឡឹម បានសង្កត់ធ្ងន់ថា វៀតណាមត្រៀមខ្លួនជាស្ពាននិងជាច្រកទ្វារដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាង GE Vernova និងប្រទេសនានាក្នុងតំបន់ ជាពិសេសតំបន់អាស៊ីអាគ្នេយ៍។

រីឯខ្លួនវិញ លោក Scott Strazik ប្រធាននិងជាអគ្គនាយកប្រតិបត្តិសម្ព័ន្ធក្រុមហ៊ុន GE Vernova បានឲ្យដឹងថា ក្រុមហ៊ុនបានជ្រើសរើសវៀតណាមជាប្រទេសអាស៊ីដំបូងគេសម្រាប់រៀបចំសន្និសីទថាមពលជាប្រចាំ ដោយមានការចូលរួមពីថ្នាក់ដឹកនាំជាង ១០០ នាក់របស់ក្រុមហ៊ុនថាមពលឈានមុខគេទូទាំងពិភពលោក តាមនោះចាប់ផ្ដើមដំណាក់កាលអភិវឌ្ឍន៍ថ្មី នៅក្នុងកិច្ចសហប្រតិបត្តិការវាងក្រុមហ៊ុន GE Vernova ជាមួយប្រទេសវៀតណាម និងតំបន់។ លោក Scott Strazik បានអះអាងថា GE Vernova កំពុងអមដំណើរប្រទេសវៀតណាមមិនត្រឹមតែក្នុងគោលដៅធានាសន្តិសុខថាមពលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក្នុងដំណើរការអនុវត្តន៍គោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់វៀតណាមទៀតផង៕


top