ព័ត៌មាន

វៀតណាមចាត់ទុកសហរដ្ឋអាមេរិកជាដៃគូមួយក្នុងចំណោមដៃគូសំខាន់ឈានមុខគេ

លោកប្រធានរដ្ឋសភាបានស្នើឱ្យលោកស្រីឯកអគ្គរដ្ឋទូត ពង្រីកតួនាទីជាស្ពានតភ្ជាប់ ដោយសម្របសម្រួលជាមួយភាគីវៀតណាម ដើម្បីជំរុញថែមទៀតនូវការជួបប្រាស្រ័យ និងផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ជាពិសេសថ្នាក់ដឹកនាំជាន់ខ្ពស់។

ប្រធានរដ្ឋសភាវៀតណាមលោក ជិន ថាញ់មិន អញ្ជើញទទួលជួបលោកស្រី Jennifer Wicks ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសហរដ្ឋអាមេរិកប្រចាំវៀតណាម។ រូបថត៖ VNA

នាយប់ថ្ងៃទី ៦ ខែសីហា នៅទីក្រុងហាណូយ អញ្ជើញទទួលជួបលោកស្រី Jennifer Wicks ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសហរដ្ឋអាមេរិកប្រចាំវៀតណាម ដែលបានចូលជួបសម្តែងការគួរសម ក្នុងឱកាសចាប់ផ្តើមអាណត្តិបេសកកម្មនៅវៀតណាម ប្រធានរដ្ឋសភាវៀតណាមលោក ជិន ថាញ់មិន បានអះអាងថា វៀតណាមជានិច្ចកាលចាត់ទុកសហរដ្ឋអាមេរិកជាដៃគូមួយក្នុងចំណោមដៃគូសំខាន់ឈានមុខគេ។ លោកប្រធានរដ្ឋសភាបានស្នើឱ្យលោកស្រីឯកអគ្គរដ្ឋទូត ពង្រីកតួនាទីជាស្ពានតភ្ជាប់ ដោយសម្របសម្រួលជាមួយភាគីវៀតណាម ដើម្បីជំរុញថែមទៀតនូវការជួបប្រាស្រ័យ និងផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ជាពិសេសថ្នាក់ដឹកនាំជាន់ខ្ពស់; ជំរុញការបង្កើតយន្តការសម្រាប់ការសន្ទនាជាប្រចាំ និងជាក់ស្តែងរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ។

លោកប្រធានរដ្ឋសភា ជិន ថាញ់មិន បានសម្តែងគោលបំណងថា សហរដ្ឋអាមេរិកនឹងទទួលស្គាល់វៀតណាមជាសេដ្ឋកិច្ចទីផ្សារក្នុងពេលឆាប់ៗនេះ ហើយស្នើឱ្យប្រទេសទាំងពីរសម្របសម្រួលគ្នាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យថ្មីៗ ជាពិសេសឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ សឺមីកុងឌុចទ័រ ការផ្លាស់ប្តូរឌីជីថល នវានុវត្តន៍ និងការផ្លាស់ប្តូរថាមពលបៃតង។ ទាក់ទងនឹងការជំនះផលវិបាកនៃសង្គ្រាម លោកប្រធានរដ្ឋសភា ជិន ថាញ់មិន បានស្នើឱ្យភាគីទាំងពីរបន្តសហការយ៉ាងជិតស្និទ្ធក្នុងការបន្សាបជាតិគីមីពុលឌីអុកស៊ីន ការរុករកនិងបោសសម្អាតគ្រាប់បែកមីន ការជួយឧបត្ថម្ភជនពិការ និងការស្វែងរកទាហានដែលបាត់ខ្លួន។

រីឯខ្លួនវិញ លោកស្រីឯកអគ្គរដ្ឋទូត Jennifer Wicks បានសន្យាថា នឹងបន្តដើរតួនាទីជាស្ពានដើម្បីរួមចំណែកនាំទំនាក់ទំនងវៀតណាម-អាមេរិកឲ្យកាន់តែរីកចម្រើននាពេលខាងមុខ ព្រមទាំងបានបញ្ជាក់ផងដែរថា សហរដ្ឋអាមេរិកជានិច្ចកាលឱ្យតម្លៃដល់ទំនាក់ទំនងជាមួយវៀតណាម និងគាំទ្រប្រទេសវៀតណាមដ៏ខ្លាំងមាំមួន ឯករាជ្យ ខ្លួនទីពឹងខ្លួន និងវិបុលភាព៕


top