អនុរដ្ឋមន្ត្រីការបរទេសលោក Nguyen Quoc Dung និងអ្នកនាំពាក្យក្រសួងការបរទេស លោកស្រី Le Thi Thu Hang នៅក្នុងសន្និសីទសារព័ត៌មានអនឡាញ
នៅក្នុងសន្និសីទសារព័ត៌មានតាមអ៊ិនធឺរណែតរបស់ក្រសួងការបរទេសវៀតណាម ដែលបានប្រព្រឹត្តទៅនារសៀលថ្ងៃទី៩ ខែមេសា នៅទីក្រុងហាណូយ អ្នកនាំពាក្យក្រសួងការបរទេស វៀតណាម លោកស្រី Le Thi Thu Hang បានអះអាងថា វៀតណាមតែងតែផ្តោតការយកចិត្តទុកដាក់ និងយកកិច្ចការគាំពារពលរដ្ឋរបស់ខ្លួននៅឯបរទេសជាចម្បង ក្នុងបរិបទដែលជំងឺ COVID-19 កំពុងវិវឌ្ឍន៍យ៉ាងស្មុគស្មាញនៅពាសពេញពិភពលោក។
ពាក់ព័ន្ធនឹងចំនួនពលរដ្ឋវៀតណាមដែលជាប់គាំង នៅអាកាសយានដ្ឋានអន្តរជាតិដោយសារការផ្លាស់ប្តូរក្នុងគោលនយោបាយដឹកជញ្ជូនរបស់ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិនានានោះ លោកស្រី Le Thi Thu Hang បានឲ្យដឹងថា៖ “ក្នុងរយៈពេលកន្លងមកនេះ ក្រសួងការបរទេស វៀតណាមបានបញ្ជាណែនាំដល់តំណាងបេសកកម្មការទូត នៅឯបរទេសឲ្យសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចក្នុងស្រុកនិងបរទេស ដើម្បីជួយសម្របសម្រួលបញ្ចូនពលរដ្ឋវៀតណាមចំនួន ១.៥០០ នាក់ វិលត្រឡប់មកកាន់ស្រុកកំណើតវិញ។ ឥឡូវនេះ នៅមានពលរដ្ឋមួយចំនួន ដែលជាប់គាំងដោយសារក្រុមហ៊ុនអាកាសចរណ៍និងប្រទេសនានា បានផ្លាស់ប្តូរគោលនយោបាយរបស់ខ្លួន ដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺ COVID-19។ ក្រៅពីនោះ នៅមានប្រជាពលរដ្ឋមួយចំនួនជួបប្រទះនឹងលំបាក អំពីទិដ្ឋាការស្នាក់នៅ ពីព្រោះពួក គេ មិនអាចស្វែងរកជើងហោះហើរបានឡើយ។ ស្ថាប័នតំណាងវៀតណាម នៅឯបរទេសក៏បានធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិនិងអាជ្ញាធរមូលដ្ឋាន ដើម្បីដោះស្រាយបញ្ហាទិដ្ឋាការ ធានាការថែទាំសុខភាព ផ្តល់អាហារក៏ដូចជាសម្របសម្រួលជើងហោះហើរ វិលត្រឡប់មកប្រទេសវៀតណាមវិញ”។
ថ្វីត្បិតដូច្នេះក៏ដោយ លោកស្រី Le Thi Thu Hang ក៏បានបញ្ជាក់ដែរថា ក្នុងស្ថានភាពនៃការឆ្លងរាលដាលជំងឺដូចបច្ចុប្បន្ននេះ បើយោងតាមការបញ្ជាណែនាំរបស់លោកនាយករដ្ឋមន្រ្តី ការបញ្ជូនពលរដ្ឋវៀតណាម ឲ្យវិលត្រឡប់មកប្រទេសវិញ គួរតែផ្តល់អាទិភាពលើមនុស្សចាស់ និងកុមារអាយុក្រោម ១៨ ឆ្នាំ ដើម្បីធានាបាននូវតុល្យភាពទូទៅនិងស្របតាមសមត្ថភាព នៃទីតាំងសម្រាប់ដាក់ឲ្យនៅដាច់ដោយឡែកក្នុងប្រទេសផង។
ក្នុងការឆ្លើយតបនឹងសំណួរទាក់ទងនឹងការ ដែលវៀតណាមបានផ្ញើកំណត់ទូតជូនអង្គការសហប្រជាជាតិ ស្តីពីការប្រឆាំងជំទាស់ចិន អ្នកនាំពាក្យក្រសួងការបរទេស លោកស្រី Le Thi Thu Hang បានថ្លែងច្បាស់ថា៖ “គោលជំហរមុនក៏ដូចជាក្រោយរបស់វៀតណាម ចំពោះការដោះស្រាយជំលោះនៅសមុទ្រខាងកើត គឺដោយសន្តិវិធី ឈរលើមូលដ្ឋានច្បាប់អន្តរជាតិ ដូចដែលបានបង្ហាញនៅ UNCLOS ១៩៨២។ ការដាក់កំណត់ទូតជូនអង្គការសហប្រជាជាតិ ជាកិច្ចការធម្មតា ដើម្បីបង្ហាញពីគោលជំហរ និងការការពារសិទ្ធិ ក៏ដូចជាផលប្រយោជន៍ស្របច្បាប់របស់ វៀតណាមតែប៉ុណ្ណោះ។ គោលជំហររបស់វៀតណាមត្រូវបានឆ្លុះបញ្ចាំងយ៉ាងពេញលេញនៅក្នុងកំណត់ទូតនេះ។ តាមនោះ វៀតណាមបានអះអាងនូវអធិបតេយ្យភាពរបស់ខ្លួនលើប្រជុំកោះ Hoang Sa និង Truong Sa ដោយស្របតាមច្បាប់អន្តរជាតិ ព្រមទាំងបង្ហាញពីអធិបតេយ្យភាព សិទ្ធិអធិបតេយ្យភាពនិងយុត្តាធិការរបស់វៀតណាមលើតំបន់សមុទ្រ ដែលបានកំណត់តាមបទបញ្ញត្តិនៃ UNCLOS ១៩៨២”៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម