ព័ត៌មាន

វិស័យការទូតវៀតណាម - រយៈពេល ៨០ ឆ្នាំនៃការកសាងនិងអភិវឌ្ឍន៍ជាមួយប្រទេសជាតិ

ក្នុងឱកាសរំលឹកខួបលើកទី ៨០ នៃទិវាបង្កើតវិស័យការទូតវៀតណាម (២៨ សីហា ១៩៤៥- ២៨ សីហា ២០២៥) ប្រធានរដ្ឋលោក លឿង គឿង មានអត្ថបទសរសេរមួយក្រោមចំណងជើងថា “ការទូតវៀតណាម - រយៈពេល ៨០ ឆ្នាំនៃការកសាងនិងអភិវឌ្ឍន៍ជាមួយប្រទេសជាតិ”។
ប្រធានរដ្ឋ លោក លឿង គឿង (រូបថត៖ VOV)

អត្ថបទនេះបានគូសបញ្ជាក់ថា ក្នុងរយៈពេល ៨០ ឆ្នាំនៃការកសាងនិងអភិវឌ្ឍន៍ ក្រោមការដឹកនាំរបស់បក្សនិងលោកប្រធានហូជីមិញ វិស័យការទូតវៀតណាមតែងតែលើកតម្កើងស្មារតីបម្រើជាតិមាតុភូមិ និងប្រជាជន រួមចំណែកយ៉ាងធំធេងក្នុងបុព្វហេតុបដិវត្តន៍របស់ប្រទេសជាតិ។ ចាប់ពីមានទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មជាមួយប្រទេស និងដែនដីជិត ៣០ ប៉ុណ្ណោះ ឥឡូវនេះ វៀតណាមមានទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មជាមួយ ប្រទេសនិងតំបន់ដែនដីជាង ២៣០; ការនាំចូលនិងនាំចេញសរុបសម្រេចបានជិត ៨០០ ពាន់លានដុល្លារអាមេរិក បានចូលរួមជាមួយក្រុមប្រទេសចំនួន ២០ ដែលមានមាត្រដ្ឋានពាណិជ្ជ កម្មធំជាងគេលើពិភពលោក; ទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស (FDI) ជាង ៥០០ ពាន់លានដុល្លារអាមេរិក ក្លាយជាប្រទេសកំពុងអភិវឌ្ឍន៍ទាក់ទាញការវិនិយោគបរទេសច្រើនជាងគេលើពិភពលោក។ វៀតណាមបានដើរតួនាទីសំខាន់ក្នុងសេដ្ឋកិច្ចពិភពលោក ហើយកំពុងបង្កើនឋានៈរបស់ខ្លួនក្នុងខ្សែសង្វាក់ផលិតកម្មពិភពលោកជាមួយនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ចំនួន ១៧ ក្នុងនោះមាន FTA ជំនាន់ថ្មីជាច្រើន និងកិច្ចព្រមព្រៀងទ្វេភាគី និងពហុភាគីជាង ៥០០ ទៀត។

រាល់កិច្ចខិតខំប្រឹងប្រែងការទូតបានរួមចំណែកប្រែក្លាយវៀតណាម ពីប្រទេសដែលរងការឡោមព័ទ្ធនិងឯកោ ទៅជាសមាជិកសកម្មនិងមានទំនួលខុសត្រូវនៃអង្គការអន្តរជាតិ និងតំបន់ជាង ៧០ រួមទាំងយន្តការទាំងអស់ដែលដើរតួនាទីសំខាន់ក្នុងអភិបាលកិច្ចពិភពលោក ដូចជាអង្គការសហប្រជាជាតិ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) អង្គការពាណិជ្ជកម្មពិភពលោក (WTO) វេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) កិច្ចប្រជុំអាស៊ី-ប៉ាស៊ីហ្វិក។ល។

ប្រវត្តិសាស្ត្របដិវត្តន៍ការទូតដ៏រុងរឿងរយៈពេល ៨០ ឆ្នាំបានបន្សល់ទុកនូវមេរៀនជាច្រើនដែលនៅតែមានតម្លៃរហូតដល់សព្វថ្ងៃនេះ។ ដំបូងបង្អស់និងសំខាន់បំផុតគឺមេរៀននៃភាពជាអ្នកដឹកនាំដាច់ខាត និងឯកភាពរបស់បក្ស រួមទាំងការជ្រួតជ្រាបសតិអារម្មណ៍ការទូតរបស់លោកហូជីមិញ; ការរួមកម្លាំងជាតិជាមួយនឹងកម្លាំងនៃសម័យកាល; កម្លាំងខាងក្នុងជាមួយកម្លាំងខាងក្រៅ; ឯករាជ្យភាព ស្វ័យភាព ពឹងផ្អែកលើខ្លួនឯងផ្សាភ្ជាប់នឹងកិច្ចសហប្រតិបត្តិការ ការធ្វើពិពិធកម្មនិងពហុភាគីភាវូបនីយកម្មនៃទំនាក់ទំនងបរទេស; គោរពនិងដោះស្រាយឲ្យបានត្រឹមត្រូវនូវទំនាក់ទំនងជាមួយប្រទេសធំៗ  កសាងនិងរក្សាទំនាក់ទំនងមិត្តភាព និងស្ថិរភាពជាមួយប្រទេសជិតខាង។

ក្នុងយុគសម័យនៃការអភិវឌ្ឍប្រទេសជាតិ លោកប្រធានរដ្ឋ លឿង គឿង បានសង្កត់ធ្ងន់ថា វិស័យការទូតត្រូវតែបន្តដើរតួនាទីត្រួសត្រាយ អនុវត្តន៍ល្អនូវភារកិច្ច "សំខាន់ ប្រចាំ" រួមជាមួយនឹងកិច្ចការពារជាតិនិងសន្តិសុខ ការពារមាតុភូមិពីចម្ងាយ កសាងនិងអភិវឌ្ឍន៍ប្រទេសឱ្យបានឆាប់រហ័សនិងនិរន្តរភាព។

លោកប្រធានរដ្ឋជឿជាក់ថា ជាមួយនឹងភាពឈ្លាសវៃនិងប្រាជ្ញារបស់វិស័យការទូតវៀតណាមទំនើប ដែលបានបង្កើតឡើងក្នុងប្រវត្តិសាស្ត្រប្រទេសជាតិរាប់ពាន់ឆ្នាំ មានភាពអត់ធ្មត់ និងរីកចម្រើនក្រោមយុគសម័យ ហូជីមិញ ក្នុងយុគ្គសម័យថ្មី វិស័យការទូតនឹងបន្តរួមចំណែកក្នុងដំណើរការនាំប្រទេសឆ្ពោះទៅមុខ៕


top