ព័ត៌មាន

វិនិយោគលើគម្រោងដឹកជញ្ជូនសំខាន់ៗ ដើម្បីជំរុញកំណើនពីរ​ខ្ទង់

ដោយបន្តសម័យប្រជុំវិសាមញ្ញលើកដំបូងនៃរដ្ឋសភានីតិកាលទី១៦ នៅព្រឹកថ្ងៃទី១២ ខែសីហា នៅទីក្រុងហាណូយ រដ្ឋសភាបានពិភាក្សានៅក្នុងសម័យប្រជុំពេញអង្គ​អំពីគោលនយោបាយវិនិយោគសម្រាប់គម្រោងសាងសង់ផ្លូវក្រវ៉ាត់ក្រុងលេខ៥ - តំបន់រដ្ឋធានីហាណូយ និងការកែសម្រួលគោលនយោបាយវិនិយោគសម្រាប់គម្រោងសាងសង់ផ្លូវរថភ្លើងឡាវកាយ - ហាណូយ - ហៃផុង។

បណ្តាសមាជិកសភាបានឯកភាពគ្នាលើគោលនយោបាយវិនិយោគសម្រាប់គម្រោងទាំងពីរនេះ; ដោយចាត់ទុកថា ទាំងនេះគឺជាគម្រោងដឹកជញ្ជូនជាតិសំខាន់ៗទាំងអស់ ដែលតភ្ជាប់តំបន់ និងរួមចំណែកដល់ការសម្រេចបាននូវគោលដៅកំណើនពីរខ្ទង់​សម្រាប់ដំណាក់កាល ២០២៦-២០៣០។ ព្រះតេជគុណ ធីច បាវ ងៀម​ សមាជិកសភានៃទីក្រុងហាណូយ បាន​មានប្រសាសន៍ថា៖

“គម្រោងវិនិយោគដើម្បីសាងសង់ផ្លូវក្រវ៉ាត់ក្រុងលេខ ៥​ នៃតំបន់រដ្ឋធានីហាណូយ មិនគ្រាន់តែជាគម្រោងដឹកជញ្ជូនប៉ុណ្ណោះទេ ប៉ុន្តែជាគម្រោងហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រដែលដើរតួនាទីរៀបចំលំហអភិវឌ្ឍន៍នៃទីក្រុងហាណូយ និងតំបន់រដ្ឋធានីទាំងមូល​ឡើងវិញ​; ពង្រឹងការតភ្ជាប់រវាងទីក្រុងហាណូយ ជាមួយ​មូលដ្ឋាន និងតំបន់សេដ្ឋកិច្ចនិងដឹកជញ្ជូនសំខាន់ៗ។ ប្រសិនបើផ្លូវក្រវ៉ាត់ក្រុងលេខ ៤ ពង្រីកលំហអភិវឌ្ឍន៍ជាយក្រុង នោះផ្លូវក្រវ៉ាត់ក្រុងលេខ ៥​ ត្រូវបានកំណត់​ជាខ្សែក្រវាត់នៃការតភ្ជាប់ និងអភិវឌ្ឍ​ថ្នាក់តំបន់ ដែលរួមចំណែកដល់ការចែកចាយមុខងារឧស្សាហកម្ម ឡូជីស្ទិក សេវាកម្ម និងទីក្រុង​ប្រកបដោយសមហេតុផលជាង”។

បណ្តា​សមាជិកសភាបានកត់សម្គាល់ថា ការវិនិយោគលើការសាងសង់ផ្លូវក្រវ៉ាត់ក្រុងលេខ ៥ - តំបន់រដ្ឋធានីហាណូយ ត្រូវផ្តល់អាទិភាពដល់ការសាងសង់ផ្នែកដែលអាចធ្វើអាជីវកម្មដោយឯករាជ្យ បង្កើត​ប្រសិទ្ធភាព​បណ្តាញ បើកចេញ​ច្រករបៀង​អភិវឌ្ឍន៍ថ្មី និងជៀសវាងកា​រ​ខ្ចា​ត់​ខ្ចា​យធនធាន៕​


top