មិត្តភក្តិជាមួយនឹងវៀតណាម

វិចិត្រករ Yuichi Kimura និងកម្រងសៀវភៅ "លេងជាមួយកូន"

"លេងជាមួយកូន" គឺជាកម្រង​សៀវភៅរូបភាព Ehon ល្បីល្បាញ មកពីប្រទេសជ​ប៉ុន ដែលបាននិពន្ធទាំង​​ពាក្យពេចន៍នៃ​អត្ថបទ​ និង រូបភាព​​ ដោយ​វិចិត្រករ Yuichi Kimura​​ ។ កម្រង​សៀវភៅនេះ បានទិញសិទ្ធិ និង បោះពុម្ពផ្សាយ​នៅប្រទេសជាច្រើន កម្រង​សៀវភៅនេះ បានលក់ចេញ​រាប់ម៉ឺន​ក្បាល ក្លាយជា​មិត្តជិតស្និទ្ធ​របស់កុមារ​តូចៗ។

"លេងជាមួយកូន" គឺជាកម្រង​សៀវភៅរូបភាព Ehon ល្បីល្បាញ មកពីប្រទេសជ​ប៉ុន ដែលបាននិពន្ធទាំង​​ពាក្យពេចន៍នៃ​អត្ថបទ​ និង រូបភាព​​ ដោយ​វិចិត្រករ Yuichi Kimura​​ ។ កម្រង​សៀវភៅនេះ បានទិញសិទ្ធិ និង បោះពុម្ពផ្សាយ​នៅប្រទេសជាច្រើន កម្រង​សៀវភៅនេះ បានលក់ចេញ​រាប់ម៉ឺន​ក្បាល ក្លាយជា​មិត្តជិតស្និទ្ធ​របស់កុមារ​តូចៗ។

វិចិត្រករ Yuichi Kimura - មិត្តរបស់កុមារវៀតណាម បានមកដល់​បណ្ណាគារគីមដុង (Kim Dong)។

ថ្មីៗនេះ វិចិត្រករ Yuichi Kimura បានមកដល់ប្រទេសវៀតណាម ដើម្បីចូលរួមកម្មវិធីជួបជុំជាមួយអ្នកអានវ័យក្មេងវៀតណាម ដែលរៀបចំដោយគ្រឹះស្ថានបោះពុម្ពគីម​ដុង (Kim Dong)​​​។ ទោះបី​លោកមានអាយុ ៨០ឆ្នាំ​ក៏ដោយ លោកតែងតែរីករាយ និង ពោរពេញដោយ​ថាមពល។ រាល់ពេលធ្វើដំណើរ​មកដល់ប្រទេសវៀតណាម លោក​តែងតែរៀបចំ​កាបូបមួយ ដែលពេញទៅដោយល្បែងលេងបែប​សិប្បកម្ម ដើម្បី​ធ្វើ​​អន្តរកម្មជាមួយ​កុមារតូចៗ ពង្រឹងជំនាញបំណិន​ និង ភាពប៉ិនប្រសប់ ក្នុងការ​ច្នៃប្រតិដ្ឋ​បង្កើត​ប្រដាប់​ប្រដា​ មក​​ពីវត្ថុដើម​ងាយៗ។

វិចិត្រករ Yuichi Kimura បានលេងល្បែងកម្សាន្តជាមួយកុមារវៀតណាម ក្នុងកម្មវិធីណែនាំសៀវភៅ "លេងជាមួយកូន​"។

កម្រង​សៀវភៅ "លេងជាមួយកូន" មាន១២ភាគ ផ្តោត​លើ​សកម្មភាពប្រចាំថ្ងៃ ដែលធ្លាប់ស្គាល់​របស់​កុមារអាយុ ពី០ - ៣ឆ្នាំ ដូចជា ការដុសធ្មេញ ងូតទឹក លេង និង​ញ៉ាំអាហារ។ល។​ បង្កើតបានជាពិភពមួយ​រស់​រវើក រីករាយ ដូចជាទីលានលេងខ្នាតតូច សម្រាប់​កុមារមត្តេយ្យ​​។

តាមរយៈរឿងរ៉ាវ​សាមញ្ញ ពាក្យ​ពេចន៍​ល្អៗ​ រូបភាពគួរឱ្យស្រឡាញ់ និង ទម្រង់សៀវភៅបើកបត់បែន​​អន្តរកម្ម វិចិត្រករ Yuichi Kimura បានប៉ិនប្រសប់ណែនាំឱ្យកុមារ​ចូលទៅក្នុងពិភពរៀងៗខ្លួន​ ទី​កន្លែង​ដែលជា​មេរៀនតូចៗ ស្តី​អំពីទម្លាប់ល្អ ចេះគោរព​ចាស់ទុំ ពឹង​លើខ្លួន​ឯង​ អនាម័យផ្ទាល់ខ្លួន។ល។​ បានលាយ​ចម្រុះ​នៅក្នុង​ល្បែងនីមួយៗ ដែល​មានលក្ខណៈ​បែប​ធម្មជាតិ​  ដូចជា លាក់មុខ ចាក់ក្លៀក​ ល្បែងប្រស្នា ទាយសកម្មភាព។ល។​

វិចិត្រករ Yuichi Kimura បានបង្ហាញ​ពីអត្ថន័យនៃសៀវភៅអន្តរកម្ម "លេងជាមួយកូន​"។
កុមារវៀតណាម បានស្វាគមន៍វិចិត្រករ Yuichi Kimura។​

ជាមួយនឹងទម្រង់សៀវភៅរូបភាពរស់រវើក​ពិសេស​ កម្រង​សៀវភៅនេះ នាំមកនូវបទពិសោធន៍គួរឱ្យភ្ញាក់ផ្អើល ទាក់ទាញ​តាមទំព័រនីមួយៗ។ ឪពុកម្ដាយក៏អាចបង្កើតវិធីអានប្រកបដោយភាពច្នៃប្រឌិតជាច្រើន​​ដូចជា ការអានបណ្ដើរ សួរសំណួរបណ្ដើរ ទាយឈ្មោះតួអង្គ អត្ថន័យនៃសកម្មភាពរបស់តួអង្គ ។ល។​ ដើម្បីជំរុញការស្រមើលស្រមៃ និងការផ្សារ​ភ្ជាប់ជាមួយកុមារ។

ចំណុចពិសេសមួយទៀត គឺសកម្មភាពសាចុះសាឡើង​ និងព័ត៌មានលម្អិតនៅក្នុងរឿង បង្កើតបាន​សំណើច​សប្បាយរីករាយផង ព្រមទាំង​ជួយ​ឱ្យកុមារងាយស្រួលក្នុង​ការ​ចងចាំ​មេរៀន​ផង។ សៀវភៅនេះ បានផ្តល់សារដ៏មាន​អត្ថន័យថា៖ ចំណាយពេល អានសៀវភៅ និង​លេងជាមួយកូនៗ​ជារៀងរាល់ថ្ងៃ គឺជា​អំណោយមានតម្លៃ ដែលឪពុកម្តាយ​អាចផ្តល់ឱ្យ​កូន។

 

វិចិត្រករ Yuichi Kimura បានណែនាំកុមារលេងល្បែងកម្សាន្ត។
កុមារវៀតណាម បានមកជួបជុំគ្នាក្នុងពិធីសម្ពោធសៀវភៅ "លេងជាមួយកូន​"។

វិចិត្រករ Yuichi Kimura កើតឆ្នាំ១៩៤៨ នៅប្រទេសជប៉ុន ធ្លាប់បានធ្វើការក្នុងវិស័យផលិតខ្សែភាពយន្តគំនូរជីវចល និងជាអ្នកនិពន្ធសៀវភៅកុមារល្បីល្បាញទូទាំងពិភពលោក។ "លេងជាមួយកូន" គឺជាកម្រងសៀវភៅទីពីររបស់លោក ដែលបានបោះពុម្ពផ្សាយដោយគ្រឹះស្ថានបោះពុម្ពគីម​ដុង​ (Kim Dong) នៅប្រទេសវៀតណាម។

វិចិត្រករ Yuichi Kimura បានគូររូបជូនកុមារវៀតណាម នៅលើសៀវភៅ "លេងជាមួយកូន​"។
តំណាងរោងពុម្ពគីមដុង (Kim Dong) បានជូនផ្កាដល់វិចិត្រករ Yuichi Kimura ។

ជាពិសេស ប្រាក់​ចំណាយទាំងអស់ សម្រាប់ការជំនួបលើកនេះ គឺ​លោក​បានចេញដោយខ្លួនឯង ដោយមានបំណងចង់ធ្វើមិត្ត​​ជាមួយកុមារ​វៀតណាម។ ទន្ទឹមនោះ​ គ្រឹះស្ថាន​បោះពុម្ព​គីម​ដុង​ (Kim Đong)​ បាន​កាត់ប្រាក់សិទ្ធិសៀវភៅទាំងមូល ដើម្បីទិញ​អំណោយ​ជូនកុមារតូចៗ ដែលមានជីវភាពកង្វះ​ខាត។

នៅ​ប្រទេសជប៉ុន វិចិត្រករ Yuichi Kimura បានចូលរួមក្នុងកម្មវិធី "Kids Classroom" អស់រយៈពេលជាង ២៣ ឆ្នាំ ជាកម្មវិធី​អប់រំបំណិន​ជីវិតល្បីល្បាញ សម្រាប់កុមារ។ បទពិសោធន៍នៃការសម្តែងតុក្កតា ធ្វើម្ហូប បង្ហោះខ្លែង។ល។​ ជាមួយកុមារតូចៗ បានជួយលោកយល់ដឹង​អំ​ពីចិត្ត​វិទ្យា​របស់កុមារ ហើយ​និពន្ធជា​រឿងរ៉ាវ ដែលពោរពេញទៅដោយការយល់​ចិត្ត​ និង សេចក្តីស្រឡាញ់។

វិចិត្រករ Yuichi Kimura បានថតរូបជាមួយអ្នកអានវៀតណាម។

កម្រង​សៀវភៅ "លេងជាមួយកូន" ក៏កើតចេញពី​ដំណើរការនេះផងដែរ ពេលលោកបានចូលរួមជាមួយ "Kids Classroom" ផង និងមើលថែចៅតូចៗទាំងពីរ​របស់លោក ជារៀងរាល់ថ្ងៃផង។ ទេពកោសល្យរបស់ Yuichi Kimura ក៏បានបង្ហាញនៅក្នុងរូបភាពបកបង្ហាញ​ផងដែរ លោកចង់បោះពុម្ពសៀវភៅនៅប្រទេសណា គឺត្រូវមានវិចិត្រករនៃប្រទេសនោះចូលរួមគូររូប។ នៅប្រទេសវៀតណាម វិចិត្រករ ធ្វីយ​កូម​ (Thuy Com) បានជ្រើសរើសដើម្បី​រួមដំណើរជាមួយលោក ក្នុងកម្រង​សៀវភៅនេះ។


ក្នុងអំឡុងពេលស្នាក់នៅប្រទេសវៀតណាម ក្រៅពីការជំនួប​ជាមួយអ្នកអាន វិចិត្រករ Yuichi Kimura នៅថែម​ទាំង​ទៅទស្សនា និង ផ្តល់អំណោយដល់អ្នកជំងឺកុមារ ដែលមានជីវភាពកង្វះ​ខាត នៅវិទ្យាស្ថានកុមារមជ្ឈិម​ លោកបានបន្សល់ទុកក្នុងចិត្តមនុស្សគ្រប់រូប នូវរូបភាព "ជីតា" ជនជាតិជប៉ុន​ដែលកក់ក្តៅ និង មានចិត្តល្អ។ តាំង​ពីទំព័រសៀវភៅរហូតដល់ជីវិតពិត វិចិត្រករ Yuichi Kimura ពិតជាមិត្តមានតម្លៃ របស់កុមារវៀតណាម៕

អត្ថបទ៖ វឹន​ត្រឹន​ រូបភាព៖ ត្រឹន​ ថាញ​យ៉ាង/កាសែតរូបភាពវៀតណាម​

ប្រែសម្រួល៖ រីកើង​


top