ភូមិឡូឡូចាយ ដែលជាកន្លែងរស់នៅរបស់សហគមន៍ជនជាតិឡូឡូ មិនត្រឹមតែទាក់ទាញភ្ញៀវទេសចរ ដោយសម្រស់រ៉ូមែនទិកប៉ុណ្ណោះទេ នៅទាំងជាកន្លែងថែរក្សាអត្តសញ្ញាណវប្បធម៌ប្រពៃណីដ៏ពិសេស។
ស្ថិតនៅកណ្តាលទេសភាពធម្មជាតិដ៏អស្ចារ្យ នៃប៉ូលខាងជើងរបស់ប្រទេសវៀតណាម ចំណុះខេត្តត្វៀងក្វាង ភូមិឡូឡូចាយ ដែលជាកន្លែងរស់នៅរបស់សហគមន៍ជនជាតិឡូឡូ មិនត្រឹមតែទាក់ទាញភ្ញៀវទេសចរ ដោយសម្រស់រ៉ូមែនទិកប៉ុណ្ណោះទេ នៅទាំងជាកន្លែងថែរក្សាអត្តសញ្ញាណវប្បធម៌ប្រពៃណីដ៏ពិសេស ជាមួយនឹងល្បែងប្រជាប្រិយយ៉ាងសប្បាយរីករាយផងដែរ។
ស្ថិតនៅក្នុងឃុំលុងគូ ភូមិឡូឡូចាយ បានជ្រើសរើសជា "ភូមិទេសចរណ៍ល្អបំផុតលើពិភពលោកឆ្នាំ២០២៥"។ ភូមិឡូឡូចាយលេចធ្លោឡើង ជាមួយនឹងផ្ទះជញ្ជាំងដី ប្រក់ក្បឿងយិនយ៉ាងបុរាណ ដែលស្ថិតនៅយ៉ាងស្ងប់ស្ងាត់ក្បែរផ្លូវក្រាលថ្ម ចំកណ្តាលជួរភ្នំដ៏ខ្ពស់ត្រដែត។
ភូមិឡូឡូចាយ (Lo Lo Chai) ពោរពេញដោយបរិយាកាសរីករាយ នៃល្បែងប្រជាប្រិយ ក្នុងឱកាសបុណ្យទាន និងថ្ងៃបុណ្យចូលឆ្នាំថ្មី។
នាឱកាសបុណ្យចូលឆ្នាំថ្មី ភូមិឡូឡូចាយកាន់តែមានភាពអ៊ូអរជាងពេលណាៗទាំងអស់។ ក្នុងសម្លៀកបំពាក់ប្រពៃណី ដែលមានពណ៌ស្រស់ឆើតឆាយ បងប្អូនជនជាតិឡូឡូបានរួមគ្នាចូលរួមលេងល្បែងប្រជាប្រិយយ៉ាងសប្បាយរីករាយ ដើម្បីបង្កើនភាពស្និទ្ធស្នាលក្នុងសហគមន៍។
លក្ខណៈពិសេសនាថ្ងៃដើមឆ្នាំថ្មី របស់ជនជាតិឡូឡូ គឺល្បែង "ទាញព្រ័ត្រ"។ ជំនួសឱ្យការប្រើខ្សែពួរ ក្រុមនីមួយៗបែរជាចងភ្ជាប់គ្នាជាជួរវែង ដោយយកដៃឱបចង្កេះគ្នាឱ្យជាប់ រួចទាញគ្នាទៅវិញទៅមក អមដោយសំឡេងសើចសប្បាយ និងការហ៊ោកញ្ជ្រៀវគាំទ្រយ៉ាងខ្លាំងក្លា។ ល្បែងនេះ មិនត្រឹមតែបង្ហាញពីកម្លាំងសាមគ្គីភាពប៉ុណ្ណោះទេ ថែមទាំងនាំមកនូវភាពរីករាយយ៉ាងខ្លាំង ដល់ទាំងអ្នកលេង និងអ្នកទស្សនាផងដែរ។
ជនជាតិឡូឡូ ចូលរួមលេងល្បែងទាញព្រ័ត្រ ក្នុងពិធីសែនដូនតា។
អ្នកភូមិឡូឡូនៅមានល្បែង "ជាល់ជ្រូក" ដែលជាល្បែងចលនាបានចាត់ទុកថាមានភាពរំភើបខ្លាំង និងកំប្លែងបំផុត។ ក្នុងល្បែងនេះ យុវជនម្នាក់ ដែលមានកម្លាំងមាំមួន នឹងយកដៃទាំងពីរច្រត់លើដី ហើយប្រើភាពរហ័សរហួនរបស់ជើងទាំងគូរ ដើម្បីទាត់ឱ្យប៉ះសមាជិកផ្សេងទៀត នៅក្នុងរង្វង់មូល។ អ្នកណាដែលត្រូវគេទាត់ប៉ះ ឬរត់ចេញក្រៅបន្ទាត់នឹងត្រូវចាញ់។ ល្បែងនេះ ទាមទារនូវភាពប៉ិនប្រសប់ និងប្រតិកម្មយ៉ាងរហ័ស ដែលតែងតែធ្វើឱ្យអ្នកទស្សនាស្ងើចសរសើរ និងរំភើបចិត្ត។
ល្បែង ចាប់កូនខ្លែង ក៏ត្រូវបានជនជាតិឡូឡូលេងក្នុងថ្ងៃបុណ្យទាននិទាឃរដូវផងដែរ។ ក្រុមអ្នកលេងតម្រង់គ្នាជាជួរវែងក្រោមការដឹកនាំរបស់មេបញ្ជាម្នាក់នៅខាងមុខ។ ភារកិច្ចរបស់ "ក្បាលនាគ" គឺត្រូវតស៊ូរារាំងមិនឱ្យគូប្រកួតដណ្តើមយកសមាជិក ដែលនៅខាងក្រោយ បង្កើតបានជាស្ថានភាពប្រដេញចាប់គ្នាយ៉ាងស្វិតស្វាញ និងសប្បាយរីករាយ។
ល្បែងប្រជាប្រិយ ចាប់កូនខ្លែង នៅភូមិឡូឡូចាយ។
ជាពិសេស "រុញឈើ" ដែលជាវិញ្ញាសាកីឡាប្រពៃណីពោរពេញដោយការប្រកួតប្រជែង ក៏ជាល្បែងដែលមិនអាចខ្វះបានក្នុងពិធីបុណ្យដើមឆ្នាំនៅទីនេះ។ នេះគឺជាការប្រកួតទាំងប្រាជ្ញានិងកម្លាំង រវាងគូប្រកួតពីរនាក់ដែលឈរទល់មុខគ្នា។ ដោយប្រើតែឈើមួយដើម អ្នកប្រកួតត្រូវប្រើបច្ចេកទេស និងយុទ្ធសាស្ត្រវៃឆ្លាត ដើម្បីធ្វើឱ្យគូប្រកួតបាត់បង់លំនឹង ឬចាកចេញពីទីតាំង។ កម្លាំង និងភាពក្លាហានរបស់យុវជន និងយុវតីតំបន់ភ្នំ តែងតែជាចំណុចចំណាប់អារម្មណ៍ ដែលទាក់ទាញការគាំទ្រយ៉ាងខ្លាំងក្លាពីអ្នកភូមិ។
ភ្ញៀវទេសចរមានភាពរំភើបក្នុងការសាកល្បងលេងល្បែងទាញព្រ័ត្រ ជាមួយអ្នកភូមិឡូឡូចាយ។
ល្បែងប្រជាប្រិយនៅទីនេះ មិនត្រឹមតែនាំមកនូវភាពរីករាយសុទ្ធសាធប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជា "ខ្សែចំណង" តភ្ជាប់ពីជំនាន់មួយទៅជំនាន់មួយ ជួយឱ្យចរន្តវប្បធម៌ប្រពៃណី តែងតែហូរដិតដាមជានិច្ច។ ភាពរួមបញ្ចូលគ្នារវាងទេសភាពធម្មជាតិដ៏អស្ចារ្យ និងសកម្មភាពរស់នៅសហគមន៍ដ៏កក់ក្តៅ បានធ្វើឱ្យឡូឡូចាយ ក្លាយជាគោលដៅដែលមិនអាចរំលងបាន នៅប៉ូលខាងជើងរបស់ប្រទេសវៀតណាម ដែលជាកន្លែងមានសំឡេងសើចសប្បាយ លាយឡំជាមួយខ្យល់ភ្នំដ៏ធំល្វឹងល្វើយ៕
រៀបរៀង៖ វៀតគឿង/កាសែតរូបភាពវៀតណាម
ប្រែសម្រួល៖ រីកើង