ចំណុចសំខាន់ៗ

លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម និងលោក Le Minh Hung នាយករដ្ឋមន្ត្រីវៀតណាម ជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំស្ថាប័នសារព័ត៌មាននានា

នៅរសៀលថ្ងៃទី១៤ ខែមិថុនា នៅទីស្នាក់ការរដ្ឋសភាវៀតណាម លោក Tran Thanh Man ប្រធានរដ្ឋសភា ព្រមទាំងលោក Le Minh Hung នាយករដ្ឋមន្ត្រីវៀតណាម បានជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំស្ថាប័នសារព័ត៌មាននានា ដើម្បីរំលឹកខួបលើកទី១០១ នៃទិវាសារព័ត៌មានបដិវត្តន៍វៀតណាម (ថ្ងៃទី២១ ខែមិថុនា ឆ្នាំ១៩២៥ / ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦)។

នៅរសៀលថ្ងៃទី១៤ ខែមិថុនា នៅទីស្នាក់ការរដ្ឋសភាវៀតណាម លោក Tran Thanh Man ប្រធានរដ្ឋសភា ព្រមទាំងលោក Le Minh Hung នាយករដ្ឋមន្ត្រីវៀតណាម បានជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំស្ថាប័នសារព័ត៌មាននានា ដើម្បីរំលឹកខួបលើកទី១០១ នៃទិវាសារព័ត៌មានបដិវត្តន៍វៀតណាម (ថ្ងៃទី២១ ខែមិថុនា ឆ្នាំ១៩២៥ / ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦)។

ការផ្លាស់ថ្មីនូវគំនិត និងរបៀបធ្វើ

ដោយអបអរសាទរអ្នកយកព័ត៌មានទាំងអស់នៅក្នុងទិវាសារព័ត៌មានបដិវត្តន៍វៀតណាម លោក Tran Thanh Man ប្រធានរដ្ឋសភា បានមានប្រសាសន៍ថា៖ នៅឆ្នាំ ២០២៥ និងរយៈពេលដើមឆ្នាំ ២០២៦ គណៈកម្មាធិការមជ្ឈិមបក្ស រដ្ឋសភា និងរដ្ឋាភិបាល បានដាក់ចេញសេចក្តីសម្រេចសំខាន់ៗជាច្រើន ដែលបង្កើតជារបត់ប្រវត្តិសាស្ត្រសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។

លោក Tran Thanh Man ប្រធានរដ្ឋសភា និងលោក Le Minh Hung នាយករដ្ឋមន្ត្រីវៀតណាម ជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំស្ថាប័នសារព័ត៌មាន ដើម្បីរំលឹកខួបលើកទី១០១ នៃទិវាសារព័ត៌មានបដិវត្តន៍វៀតណាម។ រូបថត៖ VNA

ទោះបីជាប្រឈមមុខនឹងការលំបាក និងបញ្ហាប្រឈមជាច្រើនក៏ដោយ ក្រោមការដឹកនាំរបស់គណៈកម្មាធិការមជ្ឈិមបក្ស ការិយាល័យនយោបាយ គណៈលេខាមជ្ឈិមបក្ស និងដោយផ្ទាល់ពីសំណាក់លោក To Lam អគ្គលេខាបក្ស និងជាប្រធារដ្ឋ ប្រទេសវៀតណាមសម្រេចបានលទ្ធផលគួរឱ្យលើកទឹកចិត្តយ៉ាងខ្លាំង។ នេះបញ្ជាក់ពីភាពជាអ្នកដឹកនាំដ៏ឈ្លាសវៃរបស់បក្ស ការចូលរួមពីប្រព័ន្ធនយោបាយទាំងមូល ស្មារតីនៃកិច្ចសហប្រតិបត្តិការ និងការសម្របសម្រួលប្រកបដោយប្រសិទ្ធភាពរវាងរដ្ឋសភា និងរដ្ឋាភិបាល ជាពិសេសការឯកភាពគ្នា និងការគាំទ្រពីគ្រប់ស្រទាប់វណ្ណៈនៃប្រជាជន។

យោងតាមលោកប្រធានរដ្ឋសភា ការដឹកនាំ និងការណែនាំរបស់រដ្ឋសភា និងរដ្ឋាភិបាលក្នុងរយៈពេលកន្លងមក បានបង្ហាញយ៉ាងច្បាស់នូវទស្សនៈដែលបានលើកឡើងដោយអគ្គលេខាបក្ស និងជាប្រធានរដ្ឋ ពោលគឺ៖ យើងត្រូវតែផ្លាស់ថ្មីការគិត និងរបៀបធ្វើ និងសកម្មភាពរបស់យើង - អ្វីដែលយើងនិយាយ យើងត្រូវតែធ្វើភ្លាមៗ ត្រឹមត្រូវ មានប្រសិទ្ធភាព និងហ្មត់ចត់។ ជាពិសេស យើងត្រូវតែមានការផ្លាស់ថ្មីផ្នត់គំនិតគិតរបស់យើងក្នុងការចងក្រងច្បាប់៖ ច្បាប់គួរតែគ្រប់គ្រងតែបញ្ហានានាក្នុងក្របខ័ណ្ឌអំណាចរបស់រដ្ឋសភា ដោយបង្កើតលក្ខខណ្ឌអំណោយផល និងផ្តល់សិទ្ធិស្វ័យភាព និងភាពបត់បែនដល់រដ្ឋាភិបាលក្នុងការរៀបចំការអនុវត្ត។

លោក Tran Thanh Man ប្រធានរដ្ឋសភា និងលោក Le Minh Hung នាយករដ្ឋមន្ត្រីវៀតណាម ជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំស្ថាប័នសារព័ត៌មាន ដើម្បីរំលឹកខួបលើកទី១០១ នៃទិវាសារព័ត៌មានបដិវត្តន៍វៀតណាម

ដោយសង្កត់ធ្ងន់ថា លទ្ធផលខាងលើត្រូវបានសម្រេចដោយសារការចូលរួមចំណែកយ៉ាងសកម្មរបស់ស្ថាប័នសារព័ត៌មាន លោកប្រធានរដ្ឋសភាបានចង្អុលបង្ហាញថា សារព័ត៌មានបានតាមដានប្រកាន់ខ្ជាប់យ៉ាងដិតដល់នូវសេចក្តីសម្រេចនៃមហាសន្និបាតលើកទី ១៤ របស់បក្ស ដោយបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ និងច្បាស់លាស់អំពីគោលនយោបាយ យុទ្ធសាស្ត្រ និងគោលការណ៍ណែនាំសំខាន់ៗរបស់បក្ស និងរដ្ឋ ឆ្លុះបញ្ចាំងគ្រប់ជ្រុងជ្រោយលើបញ្ហានានា ជាពិសេសព័ត៌មាន និងអត្ថបទអំពីបដិវត្តន៍ក្នុងការរៀបចំឡើងវិញនូវបុគ្គលិក និងអង្គភាពរដ្ឋបាល និងការប្តេជ្ញាចិត្តដើម្បីសម្រេចបាននូវគោលដៅកំណើន។ក្នុងពេលជាមួយគ្នានេះ សារព័ត៌មានបាននាំមុខគេក្នុងការការពារគ្រឹះមនោគមវិជ្ជារបស់បក្ស ប្រយុទ្ធប្រឆាំង និងបដិសេធទស្សនៈខុសឆ្គង និងអរិភាព។ ព្រមទាំងសារព័ត៌មានតែងតែលើកស្ទួយគុណភាពនៃព័ត៌មានផ្លូវការ ការកសាងបរិយាកាសប្រព័ន្ធផ្សព្វផ្សាយល្អៗ មនុស្សធម៌ និងមានទំនួលខុសត្រូវ។

សារព័ត៌មានទាំងអស់បានផ្លាស់ថ្មីនូវការគិត និងរបៀបធ្វើសកម្មភាពដើម្បីតាមទាន់បរិយាកាសប្រព័ន្ធផ្សព្វផ្សាយដែលមានភាពប្រែប្រួល និងប្រឈមមុខនឹងបញ្ហានានាក្នុងបរិបទនៃការរួមបញ្ចូលគ្នា និងការបង្រួបបង្រួមក្នុងចំណោមសារព័ត៌មានផងដែរ។ រាល់សារព័ត៌មានបន្តវិនិយោគទៅលើបច្ចេកវិទ្យាឌីជីថល ការអនុវត្ត ការកេងប្រវ័ញ្ច និងការចូលរួមចំណែកដល់វេទិកាទិន្នន័យឌីជីថលជាតិ។ ការអភិវឌ្ឍនូវរាល់គំរូសារព័ត៌មានទំនើបៗ និងក្រុមអ្នកសារព័ត៌មានដែលមានជំនាញច្រើន គឺមានសារៈសំខាន់សម្រាប់ការប្រកួតប្រជែង និងការរីកចម្រើននៅក្នុងបរិយាកាសប្រព័ន្ធផ្សព្វផ្សាយឌីជីថល។

ក្នុងនាមរដ្ឋសភា និងរដ្ឋាភិបាល លោកប្រធានរដ្ឋសភាបានទទួលស្គាល់ វាយតំលៃខ្ពស់ លើកសរសើរ និងអបអរសាទរដល់ជួរអ្នកសារព័ត៌មានទូទាំងប្រទេស ចំពោះសមិទ្ធផលដ៏អស្ចារ្យដែលពួកគេសម្រេចបានក្នុងរយៈពេលកន្លងមក។

លោក Tran Thanh Man ប្រធានរដ្ឋសភា និងលោក Le Minh Hung នាយករដ្ឋមន្ត្រីវៀតណាម ជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំស្ថាប័នសារព័ត៌មាន ដើម្បីរំលឹកខួបលើកទី១០១ នៃទិវាសារព័ត៌មានបដិវត្តន៍វៀតណាម

ចំពោះភារកិច្ចសំខាន់ៗមួយចំនួនក្នុងរយៈពេលខាងមុខ ប្រធានរដ្ឋសភាបានស្នើឱ្យសារព័ត៌មានផ្សព្វផ្សាយព័ត៌មានឱ្យទូលំទូលាយថែមទៀត ជាពិសេសគឺសារថ្មីៗរបស់លោកអគ្គលេខាបក្ស និងជាប្រធានរដ្ឋសភា ស្តីពីការអភិវឌ្ឍជាតិក្នុងយុគសម័យថ្មី ដែលប្រការនេះក៏ជាគោលនយោបាយសំខាន់ៗរបស់បក្សយើងផងដែរ ជាពិសេសសេចក្តីសម្រេចយុទ្ធសាស្ត្រសំខាន់ៗចំនួន ១០ របស់ការិយាល័យនយោបាយ ដោយខិតខំសម្រេចបាននូវគោលដៅសតវត្សរ៍ពីរ (ក្លាយជាប្រទេសកំពុងអភិវឌ្ឍន៍ដែលមានខឿនឧស្សាហកម្មទំនើប និងមានប្រាក់ចំណូលមធ្យមខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសអភិវឌ្ឍន៍ដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៤៥)។

ប្រធានរដ្ឋសភាបានស្នើសុំឱ្យសារព័ត៌មានបន្តតាមដានយ៉ាងដិតដល់ និងឆ្លុះបញ្ចាំងយ៉ាងពេញលេញ និងទាន់ពេលវេលាអំពីសកម្មភាពរបស់រដ្ឋសភា និងរដ្ឋាភិបាល។ បញ្ជូនគំនិត និងសេចក្តីប្រាថ្នារបស់អ្នកបោះឆ្នោត និងប្រជាជនទៅកាន់រដ្ឋសភា និងរដ្ឋាភិបាលឱ្យបានឆាប់រហ័ស ដើម្បីរួមចំណែកដល់ការកែលម្អប្រសិទ្ធភាព និងប្រសិទ្ធផលនៃរដ្ឋសភា និងប្រតិបត្តិការរបស់រដ្ឋាភិបាល។

លោក Tran Thanh Man ប្រធានរដ្ឋសភា ថ្លែងមតិក្នុង​ជំនួបនេះ។ រូបថត៖ VNA

លោកប្រធានរដ្ឋសភាបានសម្តែងទំនុកចិត្តថា ជាមួយនឹងប្រពៃណីអភិវឌ្ឍន៍ និងការរីកចម្រើនរយៈពេល ១០១ ឆ្នាំដ៏រុងរឿងរបស់ខ្លួន និងបទពិសោធន៍ដ៏សម្បូរបែបដែលបានប្រមូលផ្តុំ ជួរអ្នកសារព័ត៌មាននឹងបំពេញបេសកកម្មដ៏ថ្លៃថ្នូរបស់ខ្លួនប្រកបដោយជោគជ័យ។

ក្នុងការបំពេញបេសកកម្ម និងតួនាទីជាអ្នកត្រួសត្រាយផ្លូវលើវិស័យមនោគមវិជ្ជា និងវប្បធម៌

ក្នុងការរាយការណ៍អំពីសកម្មភាពរបស់សារព័ត៌មានក្នុងរយៈពេលកន្លងមក លោកស្រី Lam Thi Phuong Thanh រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ បានសម្តែងនូវសេចក្តីរីករាយ និងចំណាប់អារម្មណ៍យ៉ាងរំភើបចិត្តចំពោះការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅពីសំណាក់ថ្នាក់ដឹកនាំបក្ស និងរដ្ឋចំពោះសារព័ត៌មាន និងក្រុមអ្នកសារព័ត៌មានទូទាំងប្រទេស។

ដោយរំលឹកពីដំណើរការនៃការបង្កើត និងការអភិវឌ្ឍជាងមួយសតវត្សរ៍កន្លងមក លោកស្រី Lam Thi Phuong Thanh បានសង្កត់ធ្ងន់ថា ចាប់ពីព្រឹត្តិការណ៍សំខាន់ដំបូង កាសែត Thanh Nien ដែលបង្កើតឡើងដោយលោកអគ្គមគ្គុទេសក៍ Nguyen Ai Quoc ក្នុងឆ្នាំ១៩២៥ នោះ សារព័ត៌មានបដិវត្តន៍វៀតណាមបានអភិវឌ្ឍជាបន្តបន្ទាប់ទាំងទំហំ ទំរង់ និងគុណភាព ដោយបំពេញបានតាមតម្រូវការនៃបុព្វហេតុនៃការកសាង ការពារ និងអភិវឌ្ឍប្រទេសជាតិបានកាន់តែប្រសើរឡើង។

លោកស្រី Lam Thi Phuong Thanh រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ សម្តែងនូវសេចក្តីរីករាយ ចំពោះការយកចិត្តទុកដាក់ខ្លាំងក្លាពីសំណាក់ថ្នាក់ដឹកនាំ. បក្ស និងរដ្ឋចំពោះសារព័ត៌មាន និងក្រុមអ្នកសារព័ត៌មានទូទាំងប្រទេស។ រូបថត៖ VNA

ដោយរាយការណ៍អំពីការរៀបចំរចនាសម្ព័ន្ធឡើងវិញ និងការបង្រួបបង្រួមប្រព័ន្ធសារព័ត៌មានឱ្យមានភាពប្រសើរឡើងវិញនោះ លោកស្រីរដ្ឋមន្ត្រីបានមានប្រសាសន៍ថា រហូតមកដល់បច្ចុប្បន្ន ប្រទេសវៀតណាមមានស្ថាប័នសារព័ត៌មានចំនួន ៧៣៣ ដែលជាការថយចុះចំនួន ១៨៩ បើប្រៀបធៀបទៅនឹងពេលមុន។ ស្ថាប័នសារព័ត៌មានក្នុងប្រទេសជាច្រើនត្រូវបានរៀបចំ ចាត់ចែងឡើងវិញ ដើម្បីឲ្យកាន់តែមានភាពប្រសើរឡើង និងបង្កើនប្រសិទ្ធភាពប្រតិបត្តិការ។ រាល់ស្ថាប័នសារព័ត៌មានដែលជាកម្មសិទ្ធិរបស់បណ្តាអង្គការនយោបាយ-សង្គម អង្គការមហាជន និងអង្គការសង្គមវិជ្ជាជីវៈ ក៏កំពុងអនុវត្តការរៀបចំរចនាសម្ព័ន្ធឡើងវិញឱ្យស្របតាមគោលនយោបាយ និងសេចក្តីសន្និដ្ឋានរបស់ការិយាល័យនយោបាយ និងគណៈលេខាមជ្ឈិមបក្ស។ រាល់ស្ថាប័នសារព័ត៌មានកំពុងអនុវត្តយ៉ាងសកម្ម និងយ៉ាងម៉ឺងម៉ាត់នូវស្មារតីនៃសេចក្តីណែនាំលេខ ០៥ របស់ការិយាល័យនយោបាយ ស្តីពីការពង្រឹងភាពជាអ្នកដឹកនាំរបស់បក្សលើសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយក្នុងលំហអ៊ីនធឺណិតក្នុងស្ថានភាពថ្មី។ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍កំពុងបញ្ចប់ជាបន្ទាន់នូវសេចក្តីព្រាងយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍ និងការគ្រប់គ្រងប្រព័ន្ធសារព័ត៌មានរហូតដល់ឆ្នាំ ២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៤៥ ដើម្បីដាក់ជូនរដ្ឋាភិបាល។ ប្រការនេះត្រូវបានចាត់ទុកថាជាកិច្ចការដ៏សំខាន់មួយដែលមានគោលបំណងបង្កើតកាលានុវត្តភាពសម្រាប់ការអភិវឌ្ឍ និងលើកកម្ពស់ការរីកចម្រើនប្រកបដោយសុខភាពល្អរបស់សារព័ត៌មានទូទាំងប្រទេសផងដែរ។

ថ្នាក់ដឹកនាំនៃស្ថាប័នសារព័ត៌មានមួយចំនួន ដែល​អញ្ជើញ​ចូលរួមក្នុង​ជំនួបនេះ។ រូបថត៖ VNA

ដោយវាយតម្លៃពីតម្រូវការដែលបានដាក់ចេញចំពោះសារព័ត៌មានក្នុងរយៈពេលខាងមុខនេះ លោកស្រីរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ប្រទេសជាតិកំពុងឈានចូលដល់ដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយជាមួយនឹងឱកាស និងបញ្ហាប្រឈមដែលជាប់ទាក់ទងគ្នា។ សារព័ត៌មានមិនត្រឹមតែអនុវត្តភារកិច្ចផ្សព្វផ្សាយព័ត៌មាន និងឃោសនាប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវបន្តដើរតួនាទីជាអ្នកត្រួសត្រាយផ្លូវលើវិស័យមនោគមវិជ្ជា និងវប្បធម៌ផងដែរ រួមចំណែកដល់ការបង្កើតការឯកភាពគ្នាក្នុងសង្គម និងជម្រុញសេចក្តីប្រាថ្នាសម្រាប់ប្រទេសជាតិដ៏រុងរឿង និងសប្បាយរីករាយ។

លោក Tran Thanh Man ប្រធានរដ្ឋសភា និងលោក Le Minh Hung នាយករដ្ឋមន្ត្រី ថតរូបជាមួយ​ថ្នាក់ដឹក​នាំនៃស្ថាប័នសារព័ត៌មាន។ រូបថត៖ VNA

ក្នុងឱកាសនេះ លោកស្រីរដ្ឋមន្ត្រី Lam Thi Phuong Thanh ក៏បានស្នើឱ្យរដ្ឋាភិបាលយកចិត្តទុកដាក់ និងពិចារណាលើយន្តការ និងគោលនយោបាយជាក់លាក់សម្រាប់សារព័ត៌មាន ដូចជាគោលនយោបាយស្តីពីការចាត់តាំងប្រគល់ភារកិច្ច ការបង្កើតលក្ខណៈអំណោយផលសម្រាប់ភ្នាក់ងារសារព័ត៌មានដើម្បីបង្កើនសមត្ថភាពស្វ័យភាពរបស់សារព័ត៌មាន និងបង្កើនគុណភាពនៃខ្លឹមសាររបស់ពួកគេ។ ក្នុងពេលជាមួយគ្នានេះ លោកស្រីរដ្ឋមន្ត្រីសង្ឃឹមថា បក្ស និងរដ្ឋនឹងបន្តយកចិត្តទុកដាក់ចំពោះជីវភាពរស់នៅ និងការងាររបស់អ្នកសារព័ត៌មានក្នុងអំឡុងពេលដំណើរការរៀបចំរចនាសម្ព័ន្ធអង្គការចាត់តាំងសារព័ត៌មានឡើងវិញ បង្កើតលក្ខខណ្ឌដើម្បីរក្សាធនធានមនុស្សដែលមានគុណភាពខ្ពស់ និងជួយអ្នកសារព័ត៌មាននឹងចិត្តធ្វើសកម្មភាពសម្រាប់ប្រកបវិជ្ជាជីវៈរយៈពេលវែង៕


top