ព្រឹត្តិការណ៍ - បុគ្គល

លោក ហូ ក្វាងគួ (Ho Quang Cua) - អ្នកបញ្ជូនគ្រាប់អង្ករវៀតណាម ចេញទៅកាន់ពិភពលោក

ពីវាលស្រែជ្រាបទឹកប្រៃ នៅតំបន់វាល​ទំនាប​ទន្លេ​គឺវ​ឡុង​ វិស្វករ ហូ ក្វាងគួ ​បាន​ចំណាយ​ពេល​ជាង​បួន​ទសវត្សរ៍​ ខិតខំ​ប្រឹង​ប្រែង​បង្កាត់​ពូជ​ស្រូវ ដែល​មាន​គុណភាព​ខ្ពស់​។

ពីវាលស្រែជ្រាបទឹកប្រៃ នៅតំបន់វាល​ទំនាប​ទន្លេ​គឺវ​ឡុង​ វិស្វករ ហូ ក្វាងគួ ​បាន​ចំណាយ​ពេល​ជាង​បួន​ទសវត្សរ៍​ ខិតខំ​ប្រឹង​ប្រែង​បង្កាត់​ពូជ​ស្រូវ ដែល​មាន​គុណភាព​ខ្ពស់​។ លទ្ធផលគឺ ST25 ដែលជាប្រភេទអង្ករ​ធ្លាប់ទទួលបាន​ពាន​រង្វាន់ “ឆ្ងាញ់​​បំផុត​នៅលើពិភពលោក” បាន​ក្លាយ​ជា​និមិត្តរូប​នៃ​ទិសដៅថ្មីរបស់​កសិកម្ម​វៀត​ណាម​៖ លើកកម្ពស់​តម្លៃតាមរយៈ​គុណភាព ផ្លាស់ប្តូរថ្មី​ដោយ​វិទ្យាសាស្ត្រ​អនុវត្ត និង​ការ​អភិវឌ្ឍ​ប្រកប​ដោយ​និរន្តរភាព។

ពីវាលស្រែជ្រាបទឹកប្រៃ ឆ្ពោះទៅកាន់ពាណិជ្ជសញ្ញា​​អង្ករ​នៅលើសកលលោក​

ខណៈពេលដែល​​កន្លែងជាច្រើន នៅតែ​ផ្តល់អាទិភាព​លើការបង្កើន​ទិន្នផល វិស្វករ លោក ហូ ក្វាងគួ និង​សហការី បាន​ព្យាយាម​យ៉ាង​ប្តូរផ្តាច់​ ដេញ​តាម​​គោល​ដៅ​​លើក​កម្ពស់​តម្លៃ​គ្រាប់​​អង្ករ​។ ខ្សែស្រឡាយពូជស្រូវ ដែល​មាន​និមិត្តសញ្ញា ST (Soc Trang - សុក​ត្រាំង​) បាន​ចាប់​កំណើត​ជាបន្ត​បន្ទាប់ បន្ទាប់ពីការ​​បង្កាត់​ពូជរបស់ក្រុមជំនាញរាប់រយក្រុម តាមរយៈការ​សម្រាំង​ និង​កែលម្អ​ ជាច្រើន​រដូវកាល។ បន្ទាប់ការស្រាវជ្រាវ​អស់រយៈពេល​ជាង​ពីរទសវត្សរ៍ ខ្សែ​ស្រឡាយ​​ពូជ​ស្រូវ ST25 បាន​ក្លាយជា​សមិទ្ធផល​ដ៏លេចធ្លោបំផុត​៖ គ្រាប់វែង ពណ៌ស ទន់ស្អិត មានក្លិនក្រអូបធម្មជាតិ និងសមស្រប​​សម្រាប់តំបន់ដី​ជ្រាប​ទឹកប្រៃ។

 

វិស្វករលោក​ ហូ ក្វាងគួ (ខែមេសា ឆ្នាំ២០២៦)។ រូបថត៖ ឡេមិញ/VNP
វិស្វករ លោក​ ហូ ក្វាងគួ (ខាងស្តាំ) និងសហការី កំពុងពិនិត្យយ៉ាងហ្មត់ចត់ និង​កត់ត្រា​ការលូតលាស់ នៃខ្សែស្រឡាយស្រូវ ST នៅលើវាលស្រែពិសោធន៍ក្នុងខេត្ត សុកត្រាំង (Soc Trang)។ រូបថត៖ ឯកសារ
 

នៅឆ្នាំ២០១៩ ST25 ​ទទួលបានការផ្តល់កិត្តិយស​ជា “អង្ករឆ្ងាញ់​បំផុត​នៅលើ​ពិភពលោក” ដែល​ជា​ចំណុចរបត់​ដ៏សំខាន់ នៃវិស័យស្រូវអង្ករ​វៀតណាម​។ ជោគ​ជ័យ​នោះ បាន​បញ្ជាក់​ពីគំនិតបែប​ថ្មីមួយ​៖ ជំនួស​ឱ្យការដេញតាម​បរិមាណ វៀតណាម​អាច​ដណ្តើម​យក​ទីផ្សារ​អន្តរជាតិបាន តាមរយៈ​គុណភាព និង​អត្តសញ្ញាណ​ផ្ទាល់​ខ្លួន​។

ចំណុច​លេចធ្លោ​​ក្នុងរបៀបធ្វើការរបស់វិស្វករ ហូ ក្វាងគួ គឺ​​​ផ្សារ​ភ្ជាប់​ការ​ស្រាវ​ជ្រាវ​ទៅ​នឹង​ការ​អនុវត្ត​ជាក់ស្តែងនៅលើវាល​ស្រែ។ លោក​បាន​តាម​ដាន​ដោយ​ផ្ទាល់​នូវ​រាល់​ដំណាក់​កាល​ នៃការលូត​លាស់​របស់​ដើម​ស្រូវ និង​តែង​តែ​ពិភាក្សា​ជាមួយ​កសិករ​ ដើម្បី​កែ​សម្រួល​បច្ចេកទេស​ដាំដុះ។​ សម្រាប់​លោក ជោគជ័យ​នៃពូជស្រូវមួយយ៉ាងពេញ​លេញ លុះ​ត្រាតែ​កសិករទទួល​បានផលប្រយោជន៍​ពីវា។​

បណ្តុះទំនុក​ចិត្ត សម្រាប់វិស័យកសិកម្ម​ប្រកបដោយនិរន្តរភាព

នៅ​ដើមឆ្នាំ​២០២៤ ទម្រង់​ផលិតកម្មស្រូវសុវត្ថិភាព ដែលបង្កើតឡើង​ដោយវិស្វករ លោក ហូ ក្វាង​គួ បានរីកចម្រើន​យ៉ាង​ឆាប់រហ័ស។ ពីផ្ទៃដី​វាលស្រែដំបូងត្រឹម ៥០០ហិកតា នៅ​តំបន់​ ង៉ាណាំ (Nga Nam) បច្ចុប្បន្ន​តំបន់វត្ថុធាតុដើម បានពង្រីកដល់​ប្រហែល ៣.០០០ ហិកតា នៅ​តាមមូលដ្ឋាន​ជាច្រើន ដោយមាន​គ្រួសារ​កសិករ​ជិត ២.០០០គ្រួសារ​ចូល​រួម​។​ ជារៀង​រាល់ឆ្នាំ តំបន់នេះបាន​ផ្គត់ផ្គង់ស្រូវ​សុវត្ថិភាព​ប្រហែល ១៨.០០០តោន ទៅ​កាន់​ទីផ្សារ​។

 

ស្នាមញញឹម​ប្រកបដោយ​ក្តីរីករាយយ៉ាង​ខ្លាំងរបស់ "បិតា" អង្ករ ST25 នៅ​ក្បែរ​កញ្ចុំ​កួរ​ស្រូវ​ទុំ​ពណ៌​មាស។ រូបថត៖ ឡេមិញ/ VNP

 

ជាង៤០ឆ្នាំ ផ្សារភ្ជាប់​ជីវិតជាមួយ​វាលស្រែ វិស្វករ លោក ហូ ក្វាងគួ ​បាន​ចាត់​ទុក​​ជា​អ្នក​លេចធ្លោមួយរូប ក្នុង​ចំណោម​អ្នក​លេច​ធ្លោ​នៃ​​វិស័យកសិកម្មវៀតណាមនា​សម័យ​​ទំនើប​។​ លោក​​មិន​បាន​ជ្រើសរើស​ផ្លូវ​​ស្រាវ​ជ្រាវ​បិទ​ជិតនៅ​ក្នុង​បន្ទប់​ពិសោធន៍​នោះ​ទេ ប៉ុន្តែ​លោក​​បាន​ចំណាយ​ពេល​ជា​​ច្រើន​នៃ​ជីវិត​របស់​លោក ​នៅលើ​វាល​ស្រែ​​តំបន់​ភាគ​និរតី​ស្ងាត់​ស្ងៀមបង្កាត់​ពូជ​ថ្មី និង​ស្វែង​រក​ចម្លើយសម្រាប់​បញ្ហា​ប្រឈម​នានា នៃការ​ផលិត​ស្រូវ​អង្ករ​។


ស្នាមញញឹម​ប្រកបដោយ​ក្តីរីករាយយ៉ាង​ខ្លាំងរបស់ "បិតា" អង្ករ ST25 និងប្រជាកសិករ នៅតំបន់ភាគនិរតីនៃភូមិ​ភាគ​ខាង​ត្បូង​វៀតណាម​ ក្បែរកញ្ចុំកួរស្រូវទុំពណ៌មាស។ រូបថត៖ ឡេមិញ/VNP
ស្នាមញញឹម​ប្រកបដោយ​ក្តីរីករាយយ៉ាង​ខ្លាំងរបស់ "បិតា" អង្ករ ST25 និងប្រជាកសិករ នៅតំបន់ភាគនិរតីនៃភូមិ​ភាគ​ខាង​ត្បូង​វៀតណាម​ ក្បែរកញ្ចុំកួរស្រូវទុំពណ៌មាស។ រូបថត៖ ឡេមិញ/VNP
 

យោង​តាមការផលិតជាក់ស្តែង ទិន្នផលស្រូវ ST25 មាន​ស្ថិរភាព​ក្នុងកម្រិតប្រហែល ៦ តោន​ក្នុងមួយ​ហិកតា ​តម្លៃលក់​ខ្ពស់ជាង​ពី ២.០០០ ដល់ ៣.០០០ដុង​ក្នុង​មួយ​គីឡូក្រាម បើធៀប​នឹង​ស្រូវ​ធម្មតា​។ ប្រការ​ដែលសំខាន់ជាងនេះ  ទម្រង់​រូបភាព​បាន​ជួយ​កាត់​បន្ថយ​ថ្លៃដើម​ផលិតកម្ម កែលម្អ​គុណភាព​ដី និង​កាត់​បន្ថយ​ការ​ប្រើប្រាស់​សារ​ធាតុ​គីមី​។​

វិស្វករ លោក ហូ ក្វាងគួ បានសង្កត់ធ្ងន់​ថា៖ បម្លាស់ប្ដូរវប្បកម្ម​មិន​អាច​អនុវត្ត​តាម​បែប​ងាប់​ក្រឡា​បាន​ទេ​។ ខ្ញុំ​ជ្រើសរើស​វិធីសាស្ត្រ ដែលអាច​បត់បែន​បាន បង្កើត​ទំនុក​ចិត្ត​ជាមួយ​កសិករ តាមរយៈការ​ចុះសួរសុខទុក្ខនៅវាលស្រែ ​ពិភាក្សា​ដោយ​ផ្ទាល់ និង​ដំណើរការ​ផ្ទេរ​បច្ចេកទេស​ជាជំហាននីមួយៗ”

 

នៅពីក្រោយពាណិជ្ជសញ្ញា​អង្ករឆ្ងាញ់​បំផុតលើពិភពលោក គឺភាពហ្មត់ចត់ និងការតស៊ូព្យាយាមរបស់វិស្វករវ័យចំណាស់ម្នាក់ ដែលបានលះបង់មួយជីវិតរបស់ខ្លួន ដើម្បីលើកកម្ពស់ និងការពារតម្លៃនៃគ្រាប់ត្បូងពេជ្រ (គ្រាប់បាយ) របស់វៀតណាម ។ រូបថត៖ ឡេមិញ/VNP
កម្មករកំពុងដំណើរការខ្សែ​សង្វាក់វេចខ្ចប់​ផលិតផល នៅរោងចក្រផលិតអង្ករ ST25 ដែលជា​ពាណិជ្ជសញ្ញាពិតប្រាកដ “អង្ករលោកគួ” នៅខេត្ត សុកត្រាំង។ រូបថត៖ ឡេមិញ/VNP
កម្មករកំពុងដំណើរការខ្សែ​សង្វាក់វេចខ្ចប់​ផលិតផល នៅរោងចក្រផលិតអង្ករ ST25 ដែលជា​ពាណិជ្ជសញ្ញាពិតប្រាកដ “អង្ករលោកគួ” នៅខេត្ត សុកត្រាំង។ រូបថត៖ ឡេមិញ/VNP

បន្ទាប់​ពីទទួល​បាន​ជោគជ័យ​អន្តរជាតិ ST25 ក៏បាន​ឈាន​ចូល​ដំណាក់​កាល​ថ្មី​មួយ ដែល​មាន​ការប្រកួត​ប្រជែង​ ​ក្នុងការ​កសាង ការពារ និង​ពង្រឹង​ជំហរពាណិជ្ជសញ្ញា​នៅ​លើ​ទីផ្សារ​។ ដើម្បី​ការពារកេរ្តិ៍ឈ្មោះ លោក​បានបង្កើតពាណិជ្ជសញ្ញា​ “អង្ករ​លោក​គួ​ ST25 ដែល​​បាន​ការពារ​សិទ្ធិ នៅ​ទីផ្សារ​អន្តរជាតិជាច្រើន។ សម្រាប់​លោក គុណភាពដែល​មាន​ស្ថិរភាព គឺជា​វិធីដ៏ល្អបំផុត ដើម្បីរក្សាទំនុក​ចិត្តនៃ​អ្នកប្រើប្រាស់។

តំណាងគណៈកម្មការ​រៀបចំការ​ប្រកួតអង្ករ​ឆ្ងាញ់​លើពិភពលោក ប្រគល់ពានរង្វាន់កិត្តិយសជូនពូជស្រូវ ST25 ដល់វិស្វករ លោក​ ហូ ក្វាងគួ និងក្រុមអ្នកស្រាវជ្រាវ។ រូបថត៖ ឯកសារ

នៅ​វ័យជាង៧០ឆ្នាំ វិស្វករ លោក ហូ ក្វាង​គួ នៅតែមានវត្តមាននៅលើវាល​ស្រែជា​ប្រចាំ​។ ដំណើរ​របស់​លោក ជាភស្តុតាង​នៃថាមពល​​វិទ្យាសាស្ត្រ​អនុវត្ត និង​ការ​ស៊ូទ្រាំ​របស់​មនុស្ស​ម្នាក់ ដែល​បានលះបង់មួយជីវិត សម្រាប់គ្រាប់​អង្ករ​វៀត​ណាម ដើម្បីឱ្យ​រសជាតិ​វៀតណាម បន្ត​ឈាន​ទៅ​មុខ​កាន់​តែ​ឆ្ងាយ នៅលើ​ផែន​ទី​កសិកម្ម​ពិភពលោក ដែល​ចេញពី​វាលស្រែ​ភាគនិរតី​ ​នៃ​ភូមិ​ភាគ​ខាងត្បូងវៀតណាម​៕

អត្ថបទ៖ ឡេមិញ - រូបថត៖ ឡេមិញ/VNPនិង​ ឯកសារ

ប្រែសម្រួល៖ រីកើង​


top