នាព្រឹកថ្ងៃទី ២៤ ខែសីហា នៅទីក្រុងហាណូយ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម បានទទួលជួបលោក Patrick Achi ប្រធានរដ្ឋសភានៃសាធារណរដ្ឋកូតឌីវ័រ (Côte d’Ivoire) ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៦ ខែសីហា។
អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម បានទទួលជួបលោក Patrick Achi ប្រធានរដ្ឋសភានៃសាធារណរដ្ឋកូតឌីវ័រ (Côte d’Ivoire)។ រូបថត៖ VNA
នៅក្នុងជំនួបនេះ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ចាត់ទុកថា វៀតណាម និងកូតឌីវ័រ គួរតែបង្កើនកិច្ចសហប្រតិបត្តិការ ជំរុញការផ្លាស់ប្តូរគណៈប្រតិភូ និងទំនាក់ទំនងគ្រប់ជាន់ថ្នាក់និងចែករំលែកបទពិសោធន៍នីតិបញ្ញត្តិ។ បើតាមលោក រដ្ឋសភានៃប្រទេសទាំងពីរក៏អាចពង្រីកតួនាទីជាស្ពានតភ្ជាប់ក្នុងការពង្រីកទំនាក់ទំនងទ្វេភាគី និងគាំទ្រដល់ការពង្រឹងចំណងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ តាមរយៈកិច្ចសហប្រតិបត្តិការកាន់តែប្រសើរឡើងក្នុងវិស័យវប្បធម៌ សង្គមកិច្ច ការអប់រំ បណ្តុះបណ្តាល និងការផ្លាស់ប្ដូរប្រជាជននិងប្រជាជន។ ទាក់ទងនឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច លោកអគ្គលេខាបក្ស ប្រធានរដ្ឋ បានស្នើឱ្យប្រទេសទាំងពីរពង្រីកនិងធ្វើពិពិធកម្មទំនិញនាំចូលនិងនាំចេញ កំណត់ដំណោះស្រាយដើម្បីរក្សាតុល្យភាពពាណិជ្ជកម្មទ្វេភាគី។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ ក៏បានស្នើឱ្យប្រទេសកូតឌីវ័របង្កើតលក្ខខណ្ឌអំណោយផលសម្រាប់វិនិយោគិនវៀតណាម ដើម្បីចូលរួមវិនិយោគនៅប្រទេសកូតឌីវ័រ ក្នុងវិស័យដូចជា៖ កសិកម្ម ទូរគមនាគមន៍ ប្រេងនិងឧស្ម័ន ការផ្លាស់ប្តូរឌីជីថល សន្តិសុខអ៊ីនធឺណិត កាកែច្នៃកសិផល ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល កំពង់ផែ ការអភិវឌ្ឍទីក្រុង និងយានយន្តអគ្គិសនី។
រីឯខ្លួនវិញ ប្រធានរដ្ឋសភាកូតឌីវ័រ លោក Patrick Achi បានវាយតម្លៃថា វៀតណាម និងកូតឌីវ័រមានភាពស្រដៀងគ្នាជាច្រើននៅក្នុងលក្ខខណ្ឌអភិវឌ្ឍន៍ ហើយបានសម្តែងក្តីសង្ឃឹមថា កូតឌីវ័រនឹងក្លាយជាគោលដៅសម្រាប់អាជីវកម្មវៀតណាមក្នុងការវិនិយោគនិងពង្រីកទីផ្សារនៅកាន់តំបន់អាហ្វ្រិកខាងលិចទាំងមូល៕