ព័ត៌មាន

លោក​អគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋបារាំង និងចូលរួមកិច្ចប្រជុំកំពូលអវកាសនៅទីក្រុងប៉ារីស

នៅព្រឹកព្រលឹមថ្ងៃទី១០ ខែកញ្ញា (ម៉ោងក្នុងស្រុក) យន្តហោះពិសេសដឹកលោក​អគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម និងភរិយា រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានមកដល់ទីក្រុងប៉ារីស ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋបារាំង និងចូលរួមកិច្ចប្រជុំកំពូលអវកាសនៅទីក្រុងប៉ារីស តប​តាមការអញ្ជើញរ​បស់ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង លោក អេម៉ានុយអែល ម៉ាក្រុង។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង លោក Laurent Nuñez ស្វាគមន៍លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម នៅអាកាសយានដ្ឋាន។ រូបថត៖ VNA

នេះជាដំណើរទស្សនកិច្ចផ្លូវការលើកទីពីរនៅប្រទេសបារាំងរបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ហើយក៏ជាលើកទីពីរដែរ ដែលប្រមុខបក្ស និងរដ្ឋវៀតណាមបានចូលរួមព្រឹត្តិការណ៍អន្តរជាតិដែលរៀបចំ​ឡើង​នៅប្រទេសបារាំង។ កិច្ចប្រជុំកំពូល​នៅ​​ទីក្រុងប៉ារីសក៏ជាកិច្ចប្រជុំកំពូលថ្នាក់ប្រមុខ​រដ្ឋ​លើកដំបូងនៅលើពិភពលោក​ស្តីពីវិស័យអវកាសផងដែរ។

ដំណើរទស្សនកិច្ចនេះ បន្ត​បញ្ជាក់ពីសារៈសំខាន់ពិសេសរបស់វៀតណាមចំពោះភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងបារាំង; ហើយ​ជាឱកាសមួយដើម្បីត​ភ្ជាប់​ចំណុចខ្លាំងរបស់បារាំងក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងវិស័យបច្ចេកវិទ្យាយុទ្ធសាស្ត្រជាមួយនឹងតម្រូវការអភិវឌ្ឍន៍ថ្មីរបស់វៀតណាម តាមនោះ ទាក់ទាញធនធានបន្ថែមទៀតដើម្បីបម្រើគោលដៅនៃការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាព ដែលរួមចំណែកដល់ការ​អភិវឌ្ឍទំនាក់ទំនង​រវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅ ជាក់​ស្តែង និងមានប្រសិទ្ធភាពជាង។ ដំណើរទស្សនកិច្ចនេះត្រូវបានរំពឹងថា នឹងបង្កើតការផ្លាស់ប្តូរយ៉ាង​ខ្លាំងនៅក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ; ធ្វើឱ្យវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលក្លាយជាកម្លាំងចលករថ្មីនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ៕​


top