ព័ត៌មាន

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម៖ កំណត់ឡើងវិញនូវបរិយាកាសអភិវឌ្ឍន៍ខេត្តក្វាងទ្រី

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានស្នើថា នាពេលខាងមុខ ខេត្តក្វាងទ្រី គួរផ្តោតលើការអនុវត្តឲ្យបានល្អរាល់ភារកិច្ច ក្នុងនោះ ត្រូវកំណត់ឡើងវិញនូវបរិយាកាសអភិវឌ្ឍន៍ខេត្ត ជាមួយនឹងយុទ្ធសាស្ត្រ "ឆ្ពោះទៅទិសខាងកើត រីករាលដាលតាមទិសខាងលិច" ដោយយកសមុទ្រជាចំណុចកណ្តាលនៃការពង្រីកខឿនសេដ្ឋកិច្ច។
ទិដ្ឋភាពទូទៅនៃកិច្ចប្រជុំ។ រូបថត៖ VOV

នៅរសៀលថ្ងៃទី ២៩ ខែមេសា នៅខេត្តក្វាងទ្រី លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានដឹកនាំកិច្ចប្រជុំជាមួយគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការ​បក្សខេត្តក្វាងទ្រី ស្តីពីលទ្ធផលនៃការអនុវត្តសេចក្តីសម្រេចចិត្ត​ និងសេចក្តីសន្និដ្ឋាន​របស់មជ្ឈិម ស្តីពី​សេណារីយ៉ូកំណើន ភារកិច្ច និងដំណោះស្រាយសម្រាប់ដំណាក់កាល ២០២៦-២០៣០ និងស្ថានភាពអនុវត្តន៍គំរូ​អាជ្ញាធរមូលដ្ឋាន​ពីរក​ម្រិតនៅក្នុងខេត្ត។

នៅក្នុងកិច្ចប្រជុំ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានស្នើថា នាពេលខាងមុខ ខេត្តក្វាងទ្រី គួរផ្តោតលើការអនុវត្តឲ្យ​បាន​ល្អ​រាល់ភារកិច្ច ក្នុង​នោះ ត្រូវកំណត់​ឡើងវិញនូវ​បរិយាកាសអភិវឌ្ឍន៍ខេត្ត ជាមួយនឹងយុទ្ធសាស្ត្រ "ឆ្ពោះទៅទិស​ខាងកើត រីករាលដាល​តាមទិស​​ខាងលិច" ដោយយកសមុទ្រជាចំណុចកណ្តាលនៃការពង្រីក​ខឿន​សេដ្ឋកិច្ច៖ «ជំរុញ​ខ្លាំងវិស័យសេដ្ឋកិច្ចដែលជាប្រៀបខ្លាំង ដូចជា៖ សេដ្ឋកិច្ចសមុទ្រ ថាមពល ទេសចរណ៍ កសិកម្មបច្ចេកវិទ្យាខ្ពស់ និងឧស្សាហកម្មកែច្នៃ។ ដោយឆ្លៀត​យកតួនាទីជាច្រកទ្វារទៅកាន់សមុទ្រនៃ​ច្រករបៀងខាងកើត-ខាងលិច ដើម្បី​អភិវឌ្ឍកំពង់ផែសមុទ្រ ឡូជីស្ទិក ឧស្សាហកម្មកែច្នៃ ពាណិជ្ជកម្មព្រំដែន និងសកម្មភាពនាំចូល-នាំចេញ ដោយកំពង់ផែសមុទ្រនិងតំបន់ឆ្នេរសមុទ្រក្លាយជាស្នូលនៃកំណើន; ទន្ទឹមនឹងនោះ ត្រូវលុបបំបាត់ឧបសគ្គក្នុងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ នីតិវិធី ធនធានមនុស្ស និងបរិយាកាសវិនិយោគ។ ប្តេជ្ញា អនុវត្តន៍គោលដៅ​កំណើនពីរខ្ទង់នៅឆ្នាំ ២០២៦ ប៉ុន្តែ ត្រូវតែធានាស្ថេរភាព ដោយផ្អែកលើផលិតភាព ការវិនិយោគប្រកបដោយប្រសិទ្ធភាព និងកត្តាជំរុញថ្មីៗ​»

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ក៏បានសង្កត់ធ្ងន់ជាពិសេសលើការចាត់ទុកវិទ្យាសាស្ត្របច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលជារបកគំហើញសម្រាប់ការអភិវឌ្ឍ។ ក្នុងឱកាសនេះ លោកអគ្គលេខា​បក្ស ប្រធានរដ្ឋ តូ ឡឹម ក៏បានផ្តល់យោបល់លើសំណើមួយចំនួន​របស់​ខេត្ត ដោយ​បង្កើតលក្ខខណ្ឌ​អំណោត​ផល​បំផុតសម្រាប់ខេត្ត ក្វាងទ្រី អភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាពនៅក្នុងដំណាក់កាលថ្មី៕​


top