ព័ត៌មាន

លោកអគ្គលេខាបក្ស តូ ឡឹម ជួបសន្ទនាតាមទូរស័ព្ទជាមួយព្រឹទ្ធសមាជិកអាមេរិក

កាលពីថ្ងៃទី១៨ ខែកុម្ភៈ តាមម៉ោងក្នុងស្រុក ក្នុងរយៈពេលចូលរួមកិច្ចប្រជុំបើកក្រុមប្រឹក្សាសន្តិភាពហ្គាហ្សានៅទីក្រុងវ៉ាស៊ីនតោន (សហរដ្ឋអាមេរិក) តាមការអញ្ជើញរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ប្រធានក្រុមប្រឹក្សាសន្តិភាពហ្គាហ្សា អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម បានជួបសន្ទនាតាមទូរស័ព្ទជាមួយព្រឹទ្ធសមាជិក លោក Steve Daines (គណបក្សសាធារណរដ្ឋ - រដ្ឋម៉ុនតាណា)។ សមាជិកគណៈកម្មាធិការកិច្ចការបរទេស និងព្រឹទ្ធសមាជិក លោក Bill Hagerty (គណបក្សសាធារណរដ្ឋ - រដ្ឋថិនណេស៊ី) សមាជិកគណៈកម្មាធិការកិច្ចការបរទេស និង គណៈកម្មាធិការទទួលបន្ទុកការបែងចែកថវិកា នៃព្រឹទ្ធសភាអាមេរិក។
អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម បានជួបសន្ទនាតាមទូរស័ព្ទជាមួយព្រឹទ្ធសមាជិក លោក Steve Daines។ (រូបថត៖ TTXVN)

 

ក្នុងជំនួបសន្ទនាតាមទូរស័ព្ទជាមួយព្រឹទ្ធសមាជិកអាមេរិក លោកអគ្គលេខាបក្ស តូ ឡឹម បានវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់ព្រឹទ្ធសមាជិកទាំងនោះក្នុងការពង្រឹង និងអភិវឌ្ឍភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងសហរដ្ឋអាមេរិក រួមទាំងការជំរុញឲ្យព្រឹទ្ធសភាអាមេរិកអនុម័តលើសេចក្តីសម្រេចចិត្តស្ដីពីការរំលឹកខួបលើកទី៣០ នៃការបង្កើតទំនាក់ទំនងការទូតរវាងសហរដ្ឋអាមេរិក និងវៀតណាមក្នុងខែធ្នូ ឆ្នាំ២០២៥ ដែលបង្ហាញពីការគាំទ្រពីគណបក្សទាំងពីរចំពោះវៀតណាម និងទំនាក់ទំនងវៀតណាម-អាមេរិកផងដែរ។ នាពេលខាងមុខ លោកអគ្គលេខាបក្សបានស្នើថា ភាគីទាំងពីរគួរតែពង្រីកមូលដ្ឋានគ្រឹះនៃទំនាក់ទំនងដែលបានកសាងឡើងក្នុងរយៈពេល ៣០ ឆ្នាំកន្លងមក រួមទាំងការផ្លាស់ប្តូរគណៈប្រតិភូ និងកិច្ចសហប្រតិបត្តិការសភា។ លោកអគ្គលេខាបក្សក៏បានស្នើឱ្យភាគីទាំងពីររក្សាទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគតាមទិសដៅស្ថិរភាព ចីរភាព ហើយរដ្ឋសភាអាមេរិកបន្តយកចិត្តទុកដាក់ផ្ដល់ធនធានជួយឧបត្ថម្ភវៀតណាមក្នុងការជំនះពុះពារលើលើផលវិបាកនៃសង្គ្រាម។

លោកអគ្គលេខាបក្ស តូ ឡឹម ជួបសន្ទនាតាមទូរស័ព្ទជាមួយព្រឹទ្ធសមាជិក លោក Bill Hagerty។ (រូបថត៖ TTXVN)

រីឯខ្លួនវិញ ព្រឹទ្ធសមាជិកអាមេរិកបានបញ្ជាក់ពីការគាំទ្រយ៉ាងខ្លាំងចំពោះការជំរុញទំនាក់ទំនងវៀតណាម-អាមេរិកឲ្យកាន់តែជាក់ស្ដែងនិងមានប្រសិទ្ធភាពជាងមុន។ លោកព្រឹទ្ធសមាជិក Steve Daines បានសង្កត់ធ្ងន់ថា វៀតណាមគឺជាដៃគូសេដ្ឋកិច្ចដ៏សំខាន់របស់សហរដ្ឋអាមេរិកនៅក្នុងតំបន់ ហើយមានគោលបំណងចង់ឲ្យប្រទេសទាំងពីរឆាប់បានសម្រេចកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ ព្រមទាំងកោតសរសើរយ៉ាងខ្លាំងចំពោះការចូលរួមរបស់វៀតណាមក្នុងក្រុមប្រឹក្សាសន្តិភាពផងដែរក។ ទន្ទឹមនឹងនោះ លោកព្រឹទ្ធសមាជិក Bill Hagerty បានចាត់ទុកថា ភាគីទាំងពីរសម្រេចបានវឌ្ឍនភាពសំខាន់ៗជាច្រើនក្នុងការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ ដោយយុត្តិធម៌ និងមានតុល្យភាព ហើយជឿជាក់ថា ដោយមានស្មារតីបើកចំហ ស្មោះត្រង់ និងការគោរពគ្នាទៅវិញទៅមក កិច្ចព្រមព្រៀងនេះនឹងត្រូវបានសម្រេចក្នុងពេលឆាប់ៗនេះ៕


top